ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
១០​ធ្នូ​៖ សង្គម​ស៊ីវិល និង​អតីត​បក្សប្រឆាំង ទទូច​ឲ្យ​រដ្ឋាភិបាល ស្តារ​សិទ្ធិមនុស្ស ដើម្បី​រក្សា EBA
09, Dec 2019 , 9:59 pm        
រូបភាព
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក រ៉ុង រុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក រ៉ុង រុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា នឹង​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៧១ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​សង្កាត់​ឫស្សីកែវ​។ តាម​ការគ្រោងទុក អាច​នឹងមាន​មនុស្ស​ប្រមាណ​២​ពាន់​នាក់ ដែល​ចូលរួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខណៈ​រដ្ឋាភិបាល ក៏​នឹង​រៀបចំ​ប្រារព្ធ​ផងដែរ​។

 
១០​ធ្នូ ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឈប់​សម្រាក​នៅ​កម្ពុជា សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ រដ្ឋាភិបាល​កម្ពុជា បានស​ម្រេច​លុបចោល​នូវ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចាប់ពី​ឆ្នាំ​២០២០​ទៅ​។ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ នៅតែមាន​ដដែល​។ 
 
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន នៅតែ​លើកឡើងថា សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ ដោយសារ ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់​លោក កឹម សុខា ការចាប់​សកម្មជន​ន​យោ​បាយ ការគាបសង្កត់​សង្គម​ស៊ីវិល និង​សារព័ត៌មាន ជាដើម​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មើលឃើញ​ទៀតថា សូម្បី​ប្រជាពលរដ្ឋ បញ្ចេញមតិ​ឬ​ប្រមូល​ផ្តុំគ្នា ក៏​អាច​ប្រឈម​នឹង​បញ្ហា​ដែរ​។​
 
​ពួកគេ ចាត់ទុក​ការគំរាមកំហែង​ទាំងអស់នេះ ថា​ផ្ទុយ​នឹង​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល កែលម្អ​ឡើងវិញ ដើម្បី​ឲ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ជា​វិជ្ជមាន​ពី​សហគមន៍​អន្តរជាតិ ហើយក៏​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខទំនិញ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​។  
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មានប្រសាសន៍ថា អ្នកស្រី ចង់ឃើញ​រដ្ឋាភិបាល អនុវត្ត​ជាក់ស្តែង​ពី​ការគោរព​សិទ្ធិមនុស្ស មិនមែន​បានត្រឹមតែ​ចែង​ក្នុង​ច្បាប់ ឬក៏​ត្រឹមតែ​ទទួលស្គាល់​លិ​ខិ​តូប​រណ៍​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​នោះទេ​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«...​វា នឹង​អាច​កាត់បន្ថយ​ការ​ប្រឈម​របស់​ប្រទេស​កម្ពុជា ចំពោះ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ឬក៏​លក្ខខណ្ឌ​ផ្សេងៗ បើ​យើង​អាចធ្វើ​ឲ្យ​ប្រសើរឡើង​ផ្នែក​សិទ្ធិមនុស្ស​...»​។​
 
​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា យល់ឃើញថា ស្ថានភាព​សិទ្ធិមនុស្ស គឺ​ផ្សារភ្ជាប់​ជាមួយនឹង​ស្ថានភាព​នយោបាយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើ​ស្ថានភាព​នយោបាយ មាន​លក្ខណៈ​ល្អប្រសើរ ការគោរព​សិទ្ធិមនុស្ស ក៏​នឹងមាន​ភាពល្អប្រសើរ​ដែរ តែបើ​ស្ថានភាព​នយោបាយ មាន​ភាព​តានតឹង ការរំលោភ​សិទ្ធិមនុស្ស ក៏​នឹង​តានតឹង​ដូចគ្នា​។ 
 
​លោក រ៉ុង ឈុន បន្តថា ចំពោះ​លក្ខខណ្ឌ​របស់ EBA គឺ​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។ លោក អះអាងថា របាយការណ៍​បឋមរ​បស់​សហភាព​អឺរ៉ុប រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី ដូចជា  សិទ្ធិ​នយោបាយ សិទ្ធិ​ប្រជាពលរដ្ឋ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​សិទ្ធិ​វប្បធម៌​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ដើម្បី​រក្សា EBA រដ្ឋាភិបាល ត្រូវ​សម្របសម្រួល​តាម​អ្វីដែល​សហភាព​អឺរ៉ុប​លើកឡើង​»​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចេញពី​ក្រៅប្រទេស​មក នៅ​ថ្ងៃទី​៩ ខែធ្នូ អតីត​គណបក្សប្រឆាំង បានសរសេរថា ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ទើប​សហភាព​អឺរ៉ុប គំរាម​ដក EBA ហើយ​សហរដ្ឋអាមេរិក គំរាម​ដក GSP ដែល​ធ្វើ​ឲ្យ​សេ​ច្ឋ​កិច្ច​កម្ពុជា ប្រឈម​នឹង​វិបត្តិ ព្រមទាំង​កម្ម​ការ ប្រឈម​នឹង​ការបាត់បង់​ការងារ ហើយក៏​អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ 
 
​អតីត​គណបក្សប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្តបាន​ពេញលេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមទាំង​សិទ្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​។  
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា ការលើកឡើង​របស់​ម​ន្ត្រី​អង្គការ​ស​ង្គ​ស៊ីវិល​និង​អតីត​គណបក្សប្រឆាំង មិន​បង្ហាញ​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ឡើយ​។ លោក រិះគន់​ត្រឡប់​ទៅវិញ​ថា​៖«[​ពួកគេ​] គ្រាន់តែ​បន្ទរ​តាម​អ្វីដែល​បរទេស​បាន​និយាយ​ប៉ុណ្ណោះ​»​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល បកស្រាយ​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​ការពារ​ដោយ​ច្បាប់ ហើយ​ការដឹកនាំ​ប្រទេស ក៏​ពឹង​ផ្អែកលើ​ច្បាប់​ដែរ​។ លោក បន្ថែមថា រដ្ឋាភិបាល ពុំបាន​យក​ច្បាប់ ទៅកាន់​បន្ថយ​សិទ្ធិ​ប្រជាពលរដ្ឋ​ឡើយ​។ លោក អធិប្បាយ​បែបនេះ​ថា​៖«​យើង បានរៀបចំ​ច្បាប់ ក្នុង​កិច្ចការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ យើង មិនមែន​ធ្វើតាម​បបូរមាត់​ទេ យើង ធ្វើតាម​ប្រព័ន្ធ​ច្បាប់​»​។  
 
​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ផ្ញើ​របាយការណ៍​បឋម​ស្តីពី​នីតិវិធី​នៃ​ការដក​ឬ​មិន​ដក EBA មកកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ រដ្ឋាភិបាល​កម្ពុជា មាន​ពេល​ឆ្លើយតប​ទៅ​គណៈកម្មការ​អឺរ៉ុប​វិញ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទទួលបាន​របាយការណ៍ រហូតដល់​ថ្ងៃទី​១២ ខែធ្នូ (១​ខែ​)​។ មកដល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​នោះទេ​ថា រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​រួចហើយ ឬក៏​មិនទាន់​ឆ្លើយតប​ចំពោះ​របាយការណ៍​បឋម​នេះ​។ 
 
​សហភាព​អឺរ៉ុប ប្រកាសថា នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ គឺមាន​រយៈពេល​គ្រប់​១​ឆ្នាំ​ហើយ ដែល​សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​ចុងក្រោយ ហើយក៏​នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ផងដែរ ថា ដក EBA ពី​កម្ពុជា​ជា​បណ្តោះអាសន្ន ឬ បន្ត​រក្សាទុក​។ សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​ដំបូង​ពី​រឿង​ដក​ឬ​មិន​ដក EBA នេះ តាំង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ 
 
​បើ​សហភាព​អឺរ៉ុប សម្រេច​ដក EBA ពិតមែន ជា​នីតិវិធី គឺ​ត្រូវការ​រយៈពេល​៦​ខែក្រោយ​មកទៀត ទើប​សេចក្តីសម្រេច​នោះ ចូល​ជា​ធរមាន​។ វា មានន័យថា ៦​ខែក្រោយ​នៃ​ការដក EBA ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ 
 
​ចំណែក​សមាជិក​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន បាន​តាក់តែង​ច្បាប់ ដើម្បី​ឲ្យ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យកទៅអនុវត្ត​ក្នុង​ការដក GSP ពី​កម្ពុជា​។ យ៉ាងណា មកដល់ពេលនេះ ច្បាប់​នោះ មិនទាន់​ចូល​ជា​ធរមាន​នោះទេ​។ 
 
​រដ្ឋាភិបាល​កម្ពុជា អះអាងថា បាន​ត្រៀម​ថវិកាបម្រុង​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ដើម្បី​ទុក​ដោះស្រាយ ពេល​មាន​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​កើតឡើង​៕ 

Tag:
 សិទ្ធិមនុស្ស​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com