ជាតិ
ស្រែប្រាំងច្រើនហិកតានៅសង្កាត់ជ្រាវ ប្រឈមនឹងការខូចខាតដោយសារគ្មានទឹក
× សៀមរាប៖ ស្រែប្រាំងរបស់កសិករនៅសង្កាត់ជ្រាវជាច្រើនហិកតា កំពុងប្រឈមនឹងការខូចខាតទាំងស្រុង ដោយសារគ្មានទឹកស្រោចស្រព។ ប្រភពទឹកនៅឆ្នាំនេះខុសប្លែកពីរាល់ឆ្នាំ គឺស្រកនិងហួតហែងលឿន។
កសិករមួយរូបលោក ធឿន កំពុងបារម្ភទៅនឹងស្រែប្រាំងចំនួន៦ស្រែរបស់លោក ដែលកំពុងខ្វះទឹកនិងប្រែជាក្រហមទាំងវាលៗ។ លោកប្រាប់ថា ឆ្នាំនេះទឹកតាមប្រឡាយដែលធ្លាប់បង្ហូរចូលស្រែ មានទឹកតិចហើយកន្លែងខ្លះគោកតែម្ដង។ ស្រែនៅជិតប្រឡាយឬនៅផ្នែកខាងលើ អាចនៅមានទឹកបង្ហូរចូលស្រែ ចំណែកស្រែនៅឆ្ងាយឬផ្នែកខាងក្រោម ពុំមានទឹកហូរទៅនោះទេ។ នេះជាការបញ្ជាក់ពីលោក ធឿន។
និយាយបណ្ដើរចង្អុលទៅស្រែបណ្ដើរ កសិកររូបនេះស្នើទៅអាជ្ញាធរជួយឱ្យមានទឹកឡើងវិញ បន្ទាប់ពីប្រភពទឹកចេញពីស្ទឹងសៀមរាបគោក។ លោកបន្តថា បើគ្មានទឹកនោះស្រែប្រាំងរាប់សិបហិកតានឹងខូចខាតជាក់ជាមិនខាន។
ទាក់ទងនឹងករណីនេះ ចៅសង្កាត់ជ្រាវ លោក ក្ដោប រ៉ន បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី៩ ធ្នូថា ដោយមើលឃើញពីបញ្ហានេះ ខាងលោកបានទៅស្នើសុំនិងសម្របសម្រួលឱ្យមានការបិទទ្វារទឹកដើម្បីប្រមូលទឹកចូលប្រឡាយឡើងវិញ បន្ទាប់ពីមន្ទីរធនធានទឹកប្រកាសបង្ហូរទឹកចេញនៅពាក់កណ្ដាលខែ វិច្ឆិកា ដើម្បីជួសជុលទ្វារទឹកអាងក្រពើ។ លោកចៅសង្កាត់បន្ថែម ខាងមន្ទីរធនធានទឹកសម្រេចពន្យារពេលជួសជុលទ្វារទឹកនោះ រង់ចាំស្រែប្រាំងរបស់កសិករប្រមូលផងរួច៕
Tag:
ស្រែប្រាំង
ស្រូវ
ជ្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com