ក្រុមហ៊ុន មើស៊ីឌីស-បិនស៍ ស្តារ អូតូ ខេមបូឌា និងដៃគូសារព័ត៌មានផ្លូវការរួមមានសារព័ត៌អេឡិចត្រូនិកថ្មីៗ ហ្វ្រេសញូ ក៏ដូចជាវិទ្យុប្រជាជនដើម្បីប្រជាជន91មេហ្គាហឺត ព្រមទាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងសមាគមន៍អ្នកផ្តល់ឈាមកម្ពុជាទាំងអស់ បានសហការគ្នាបង្កើតកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ ដើម្បីរួមចំណែកសង្គ្រោះជីវិតមនុស្ស។ កម្មវិធីកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ នឹងប្រព្រឹត្តធ្វើឡើង ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើង»។
កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៣រសៀល នៅក្នុងអគារតាំងបង្ហាញរថយន្ត មើស៊ីឌីស-បិនស៍ ផ្លូវ៦០ម៉ែត្រតែម្តង។
អ្នកបរិច្ចាគឈាមរួមមានថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន ស្តារ អូតូ អ្នកសារព័ត៌មាន អតិថិជន មើស៊ីឌីស-បិនស៍ សមាជិកនៃសមាគមន៍នានា និងប្រជាពលរដ្ឋទូទៅ។ សប្បុរសជនស្ម័គ្រចិត្តទាំងអស់ អាចចូលរួមបរិច្ចាគឈាមបានដោយសេរី ដោយគ្រាន់តែមកចុះឈ្មោះជាមួយ ក្រុមហ៊ុន ស្តារ អូតូ ឬចុះឈ្មោះជាមួយសមាគមន៍អ្នកផ្តល់ឈាមកម្ពុជា ឬក៏អញ្ជើញមកដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុមហ៊ុន ស្តារ អូតូ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ថ្ងៃនេះគេត្រូវការឈាមពីយើង ឬពីអ្នកដទៃទៀត។ ថ្ងៃក្រោយមិនប្រាកដថា យើងខ្លួនឯង ឬសាច់ញាតិរបស់យើង មិនត្រូវការឈាមពីអ្នកដទៃនោះទេ។ ដូច្នេះសូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នា និងបានសង្គ្រោះជីវិតមនុស្សទូទៅនៅកម្ពុជា។
ជាថ្មីម្តងទៀត ក្រុមហ៊ុន ស្តារ អូតូ សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាមួយ Mercedes-Benz ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះការផ្តល់ឈាម គឺជាការផ្តល់នូវក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន ហើយថែមទាំងបានសង្គ្រោះជីវិតមនុស្សទូទៅដោយគ្មានការរើសអើងថែមទៀតផង។ គ្រប់ដំណក់ឈាមរបស់លោកអ្នក សង្គ្រោះជីវិតមនុស្សបានមួយនាក់ ឬច្រើននាក់។ ដំណក់ឈាម ដំណក់ជីវិត!។
ប្រការត្រូវដឹងមុនពេលបរិច្ចាគឈាម៖
១. គេងឲ្យបាន៤ម៉ោងយ៉ាងតិច។
២. ញ៉ាំទឹកឲ្យបានច្រើន។
៣. ញ៉ាំអាហារធម្មតា។
៤. កុំញ៉ាំគ្រឿងស្រវឹង។
៥. មិនត្រូវញ៉ាំថ្នាំពេទ្យជាពិសេសថ្នាំអាស្ពីរីន(Aspirin)។
ប្រការត្រូវដឹងក្រោយពេលបរិច្ចាគឈាមរួច៖
១. ត្រូវគេងឲ្យបាន៤ម៉ោងយ៉ាងតិច (ពេលយប់)។
២. ញ៉ាំទឹកឲ្យបានច្រើន។
៣. ញ៉ាំអាហារធម្មតា។
៤. កុំញ៉ាំគ្រឿងស្រវឹង។
អត្ថប្រយោជន៍នៃការបរិច្ចាគឈាម៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា។
២.កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។
៣. ជួយឲ្យប្រសើរឡើង នូវសុខភាពបេះដូង និងបន្ថយការឡើងទម្ងន់។
៤. ជំរុញការបង្កើតគ្រាប់ឈាមថ្មី។
៥.ទទួលបានការពិនិត្យសុខភាពមុនបរិច្ចាគឈាម។
៦. រីករាយក្នុងការផ្តល់អំណោយឈាមដើម្បីសង្គ្រោះជីវិតមនុស្ស។
ធ្វើរឿងល្អៗក្នុងជីវិតជូនដល់សង្គម និងខ្លួនឯងណា! កុំភ្លេចជួបគ្នា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុមហ៊ុន ស្តារ អូតូ។ មានការផ្តល់ជូនកាដូអនុស្សាវរីយ៍ អាហារសម្រន់ និងភេសជ្ជៈសម្រាប់ទទួលទានដោយឥតគិតថ្លៃ នៅថ្ងៃបរិច្ចាគឈាមនោះផងដែរ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងសូមទំនាក់លេខ ០១៧ ២៣១ ៤៨៨៕