អន្តរជាតិ
ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជួប​តទល់​លើកដំបូង​លើ​បញ្ហា​ទឹកដី​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​
09, Dec 2019 , 5:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ខាងឆ្វេង), និងប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky ។ រូបភាព៖ UNIAN
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ខាងឆ្វេង), និងប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky ។ រូបភាព៖ UNIAN
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន គ្រោង​ជួប​លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជា​លើកដំបូង ជុំវិញ​បញ្ហា​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ថ្ងៃទី​៩ ខែធ្នូ​។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ ធ្វើឡើង​បន្ទាប់ពី​ទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ជួប​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ​។ ពោលគឺ​ចាប់តាំងពី​រុស្ស៊ី​លេប​ត្របាក់​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន​។


 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល នឹង​ធ្វើជា​អន្តរការី ក្នុងជំនួប​រវាង លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លីន​ស្គី ។ តាមរយៈ​ជំនួប​មួយ​នេះ អ្នកការទូត​មួយចំនួន រំពឹងថា វា​នឹង​ជួយ​បង្កើន​ភាពជឿ​ទុកចិត្ត​គ្នា រវាង​លោក ពូ​ទីន និង លោក Zelensky ច្រើនជាង​មុន ប៉ុន្តែ​ជំនួប​នេះ នឹងមិន​អាចបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​ឡើយ​។ 
 
​យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​កម្មវត្ថុ​អ្វី ដែល​មេដឹកនាំ​ទាំងពីរ នឹង​លើក​យកទៅ​ពិភាក្សា​ជាមួយគ្នា​។ ប៉ុន្តែ​បើតាម​ប្រភពពី​វិមាន​ប្រធានាធិបតី​បារាំង កម្មវត្ថុ​នៃ​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ ទំនងជា​មានដូចជា ការ​បំបែក​ក្រុម​សកម្មប្រយុទ្ធ​ខុសច្បាប់ ការដក​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ចេញពី​តំបន់ Donetsk និង​តំបន់ Lugansk ជាដើម​។ 
 
​ចំណែក​បញ្ហា​ទឹកដី​គ្រី​មៀ រុស្ស៊ី​នឹងមិន​លើក​យកទៅដាក់​នៅ​តុ​ចរចា​ឡើយ បើទោះបីជា​មានទណ្ឌ​កម្ម​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ ខណៈពេល​អ៊ុយ​ក្រែ​ន នៅតែ​មិន​បោះបង់​មហិច្ឆតា​របស់ខ្លួន ក្នុងការ​ដណ្តើមយក​ទឹកដី​មួយ​នេះ​មកវិញ​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​យ៉ាងណាមិញ គេ​នៅតែ​មើលឃើញថា ជំនួប​ខាងលើ​នៅតែ​សំខាន់​។ ជាក់ស្តែង​បើតាម សម្តី​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់ Heiko Maas ប្រាប់​កាសែត Funke អាល្លឺម៉ង់​នឹងធ្វើ​គ្រប់បែបយ៉ាង ដើម្បី​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះដែរ លោក Maas បានចាត់ទុក​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ថា «​ដំបៅ​នៅក្នុង​ទ្វីបអឺរ៉ុប​»​។ 
 
​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​នៅក្នុង​ប្រទេស​បារាំង គឺជា​លើក​ទី​ដំបូង​ហើយ ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ និង​ជា​កិច្ច​ស្វែងរក​ឲ្យ​មានការ​អនុវត្ត​លើ កិច្ចព្រមព្រៀង ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង Minsk ក្នុង​ឆ្នាំ ២០១៥​។ កិច្ចព្រមព្រៀង​ទីក្រុង​Minsk ឆ្នាំ ២០១៥​នេះ គឺជា​កិច្ចព្រមព្រៀង ដែល​អំពាវនាវ​ឲ្យ​ដក​អាវុធ​ធុន​ធ្ងន់ ការរៀបចំ​ការបោះឆ្នោត​ក្នុង​តំបន់ ការបង្កើន​ស្វយ័តភាព​ធំ​ជាង​មុន និង​ការអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែង​គ្រប់គ្រង​ព្រំដែន​របស់ខ្លួន​ឡើងវិញ​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​រុស្ស៊ី​លេប​ត្របាក់​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ក្រុម​អ្នក​ផ្តាច់​ទឹកដី បាន​ដណ្តើម​គ្រប់គ្រង​ទឹកដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែលមាន​ដូចជា​តំបន់ Donetsk និង​ទីក្រុង Lugansk ជាដើម​៕ 

Tag:
 ​ពូ​ទីន​
  រុស្ស៊ី​
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com