ក្រសួង​អប់រំ​៖ សិស្ស​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​និង​ញាំ​ទឹក​ឲ្យ​បាន​ច្រើន នៅ​អំឡុងពេល​ចុះ​ត្រជាក់​
ជាតិ
ក្រសួង​អប់រំ​៖ សិស្ស​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​និង​ញាំ​ទឹក​ឲ្យ​បាន​ច្រើន នៅ​អំឡុងពេល​ចុះ​ត្រជាក់​
10, Dec 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ទាំងអស់ ត្រូវ​រក្សា​អនាម័យ និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន នៅក្នុង​អំឡុងពេល​ចុះ​ត្រជាក់ ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

 
​អ្នក​នាំ​ក្រសួង​អប់រំ លោក រស់ សុ​វាចា ប្រាប​ឲ្យ​សិស្ស​និង​គ្រូ​នៅតាម​សាលារៀន រក្សា​អនាម័យ​ផ្ទាល់ខ្លួន តាមរយៈ​ការហូប និង​ផឹកទឹក​ស្អាត ជាពិសេស​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ មុនពេល​បរិភោគ និង​ចេញពី​បន្ទប់ទឹក ដើម្បី​ជៀសវាង​ជំងឺ​គ្រុន​ផ្ដាស​សាយ និង​ជំងឺ​សើ​ស្បែក​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា ៖«​ក្រសួង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តាមដាន​ស្ថានភាព​អាកាសធាតុ និង​ផលប៉ះពាល់​សុខភាព​ផ្សេងៗ​ជាប្រចាំ​តាមរយៈ​យន្តការ ដែលមាន​ស្រាប់​នៅ​កម្រិត​សាលារៀន​។ តាំងពី​អាណត្តិ​មុន​មក​ក្រសួង​បានចេញ​សេចក្ដីណែនាំ​ស្តីពី  ការអនុវត្ត​វិធានការ​បង្ការ ជំងឺ  និង​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតមាន​ញឹកញាប់​ក្នុង​រដូវ​អាកាសធាតុ​ត្រជាក់​នៅតាម​គ្រឹះស្ថានសិក្សា​»​។ 
 
​ជំងឺ​ដែល​ពលរដ្ឋ​ជួបប្រទះ ក្នុងអំឡុងពេល​រដូវ​រងារ ឬ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ភាគច្រើន​មាន​ជំងឺ​ផ្ដាសាយ អាលែកហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​បណ្ដាលមកពី​វីរុស និង​មេរោគ​ស្ត្រិ​តូ​កូក ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា គ្រុនផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់ករ ឬ​ច្រមុះ ក្អក និង​រលាក​បំពង់ករ ក្រពះ ពោះវៀន​ជាដើម​។ ជាពិសេស​ជំងឺហឺត ជំងឺភ្នែកក្រហម រមាស់​ស្បែក ជំងឺ​ថប់​អារម្មណ៍ ឬ​ស្ត្រេ​ស និង​ជំងឺ​គាំងបេះដូង​ទៀតផង​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​
 
​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព នៅ​រដូវ​ត្រជាក់​នេះ ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់មួក និង​ស្រោមដៃ​រងារ កុំ​ឲ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ ដោយ​ចំហរ ។ ជាពិសេស​ត្រូវ​រក្សា​កម្ដៅ​ខ្លួន​ឲ្យ​នៅ​ធម្មតា​ជានិច្ច​។ ក្រសួង បាន​សង្កត់ធ្ងន់ថា ក្នុងករណី​ពលរដ្ឋ​មាន​រោគសញ្ញា​ពិបាក​ដកដង្ហើម គ្រុនក្តៅ ក្អក ឈឺបំពង់ក ឈឺ​សាច់ដុំ ឬ​មាន​សញ្ញា​សុខភាព​ដ៏ទៃទៀត​ក្រៅពី​ជំងឺ ដែល​បាន​រៀបរាប់​ខាងលើនេះ ត្រូវ​ស្វែងរក​ការព្យាបាល​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ភ្លាម ។​
 
​ដោយឡែក​បញ្ហា​អនាម័យ​វិញ ពលរដ្ឋ​ត្រូវ​ចេះ​ខ្ទប់មាត់​ជាមួយ​ក្រដាស ឬ​កន្សែង នៅពេល​ក្អក និង​កណ្ដាស់ ដោយ​មិនត្រូវ​ប្រើ​ដៃទទេ​ឡើយ ហើយ​ត្រូវ​លាងដៃ​ឲ្យ​ញឹកញាប់​ផងដែរ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​៕ 

Tag:
 ​ក្រសួង​អប់រំ​
  អាកាសធាតុ​ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com