កីឡាជាតិ
ជាតិ
លោក កែវ សុខ​ង​ន៖ សូមកុំ​យក​បញ្ហា​កូនកាត់​មក​វាយតម្លៃ​ពួកយើង​
09, Dec 2019 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនអាច​នៅ​ស្ងៀម​បាន​នោះឡើយ​ក្នុងនាម​ជា​បងប្រុស​ម្នាក់​! តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក កែវ សុខ​ង​ន អ្នកចាត់ការ​ក្លិប​ភ្នំពេញ​ក្រោ​ន បានចេញ​មុខការ​ពារ​តម្លៃ​កីឡាករ កែវ សុខ​ផេង ដែលជា​ប្អូនប្រុស​បង្កើត​របស់ខ្លួន ក្រោយ​ការរិះគន់​របស់​បុគ្គល​មួយចំនួន​តូច​ក្នុងន័យ​រើសអើង​ជាតិ​សាសន៍​។ ករណីនេះ កើតឡើង​ក្រោយ សុខ​ផេង ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល U22 វៀតណាម ទទួល​ជ័យជម្នះ ៤-០​។​

 
«​ពេល​ឈ្នះ គេ​នាំគ្នា​សរសើរ ប៉ុន្តែ​ពេល​ចាញ់​រឿង​អ្វីៗ​ក៏​ពួកគេ [​អ្នក​រិះគន់​មួយចំនួន​] អាចធ្វើ​បានដែរ​បង​! នេះហើយ​ជីវិត​កីឡាករ​បាល់ទាត់​»​។ លោក កែវ សុខ​ង​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន ThmeyThmey បន្ថែម​លើ​ឃ្លាប្រយោគ​ដែល​លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​។​
 
​លោក សុខ​ង​ន ដែលជា​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ផងដែរ​នោះ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​បុគ្គល និង​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​ព្យាយាម​លើកយក​បញ្ហា​ជាតិ និង​ពូជសាសន៍ ទៅ​វាយប្រហារ កែវ សុខ​ផេង ដែលជា​ប្អូនប្រុស ដោយ​ពួកគេ​មិន​គិត​ឃើញ​ពី​ការប្រឹងប្រែង​របស់ សុខ​ផេង ចំពោះ​ដែនដី​មាតុភូមិ​កម្ពុជា​។​
 
 
​តាមពិតទៅ សុខ​ផេង តែងតែ​និយាយ​ដោយ​បើកចំហរ​ពី​ក្រុមគ្រួសារ​របស់ខ្លួន ដែលមាន​ម្តាយដើម​កំណើត​វៀតណាម និង​ឪពុក​ដើមកំណើត​កម្ពុជា ប៉ុន្តែ​អ្នក​មិនដែល​តាមដាន​កីឡាបាល់ទាត់​ជាប់លាប់ បែរជា​ចាត់ទុក​រឿងនេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅវិញ​។​
 
«​ការពិត​នោះ​គឺ យើង​កើត​នៅទីនេះ ដូច្នេះ​កម្ពុជា​គឺ​ជាទី​កំណើត​របស់​យើង​! យើង​ស្រឡាញ់ និង​តែង​ចាត់ទុក​ប្រយោជន៍​នៃ​មាតុភូមិ​សំខាន់​ជាង​អ្វី​ទាំងអស់​! សូមកុំ​យក​បញ្ហា​កូនកាត់​មក​វាយតម្លៃ​ពួកយើង​ព្រោះ​បេះដូង​របស់​យើង​ដឹង​ច្បាស់​ថា យើង​កំពុង​ធ្វើ​អ្វី ដើម្បី​អ្វី ហើយ​គួរ​លះបង់​បែបណា​ដើម្បី​ដែនដី​ដ៏​មានគុណ​នេះ​!»​។ នេះ​ជា​សារ​ប្រកបដោយ​អត្ថន័យ​របស់លោក កែវ សុខ​ង​ន​។​
 
​អតីត​កីឡាករ​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​រូបនេះ បាន​ក្រើន​រំលឹកថា ការវាយប្រហារ ឬ​ការចោទប្រកាន់​ផ្សេងៗ​ដោយ​មិនបាន​គិតពី​គុណ​តម្លៃ​របស់​មនុស្ស ហើយ​សំអាង​លើ​ចិត្ត​ស្អប់​ផ្ទាល់ខ្លួន អាច​នាំ​ឲ្យ​មានការ​បែងចែក​មិន​ដាច់​រវាង​អ្វី​ល្អ អ្វី​អាក្រក់​ហើយ​។ «​សូម​ទុកឱ្យ​ពេលវេលា​និង​ការពិត​បង្ហាញថា កូនកាត់​ក៏ដោយ ពូជ​សុទ្ធ​ក៏ដោយ ឲ្យ​តែ​ស្រលាញ់​ជាតិខ្មែរ បម្រើ​ជាតិខ្មែរ​នោះ​ហើយ​ទើប​ជា «​កូន​ខ្មែរ​ដែលមាន​សា្មរ​តី​សេ្ន​ហា​ជាតិ​ពិតប្រាកដ​»​។​
 
​ក្រៅពី​កែវ សុខ​ង​ន ដែលជា​បងប្រុស​បង្កើត គ្រូបង្វឹក កីឡាករ អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ក្រុមបាល់ទាត់​កម្ពុជា សុទ្ធតែ​សរសេរថា គាំទ្រ និង​លើកទឹកចិត្ត កែវ សុខ​ផេង ឲ្យ​បន្ត​យុទ្ធនាការ​ដ៏​មោះមុត​របស់ខ្លួន​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​។​
 
​យុទ្ធនាការ Hashtag #NoToRacism (​គ្មានទេ​ការរើសអើង​) ក៏​ផុសផុល​ផងដែរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 ស៊ី​ហ្គេម​
  #NoToRacism
© រក្សាសិទ្ធិដោយ thmeythmey.com