ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កឹម សុខា៖«ការរំលោភសិទ្ធិមនុស្ស នាំមកនូវការឈឺចាប់ ហើយបណ្តាលឲ្យមានការរើបម្រះ...» លោក កឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងទៅកាន់កម្មករក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៦ (រូបពី AFP)
× លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១។ ក្នុងសារនោះ លោក ក៏បានបញ្ចេញទស្សនៈខ្លះអំពីសិទ្ធិមនុស្សផងដែរ។
លោក កឹម សុខា ចាត់ទុក ការការពារសិទ្ធិមនុស្ស ថាជាការថែរក្សាសន្តិភាព។ លោក សរសេរដូច្នេះថា៖«ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថិរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាព»។
ខ្លឹមសារនៅក្នុងបុព្វកថានៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញកម្ពុជាទទួលស្គាល់ បានបញ្ជាក់ថា ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ និងការរំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រះបះបោរ។ នេះជាសាររបស់លោក កឹម សុខា ដដែល។
លោក បន្ថែមថា ដោយសារតែឲ្យតម្លៃខ្ពស់លើសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ លោក បានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោក បញ្ជាក់បែបនេះថា៖«សង្គមមួយមានស្ថិរភាពទៅបានលុះត្រាតែមនុស្សគ្រប់រូបក្នុងសង្គមនោះ ទទួលបានយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាពនិងមិនត្រូវបានគេរំលោភបំពាន»។
លើសពីនេះ មេដឹកនាំនៃអតីតគណបក្សប្រឆាំងរូបនេះ បានហៅ សិទ្ធិមនុស្ស ថាជាគឺជាមរតករបស់មនុស្សជាតិ ហើយវា មិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។ លោក មានទស្សនៈបែបនេះថា៖«ការចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ។ ហើយយើងក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិតបរទេសនោះដែរ។ ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព។ នេះជាច្បាប់ធម្មជាតិ»៕ Tag:
កឹម សុខា
ទិវាសិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com