អន្តរជាតិ
ប្រទេស​កេ​ន​យ៉ា​រៀបចំ​សន្និសីទ​សុខភាព​ផ្លូវចិត្ត​ថ្នាក់ជាតិ​លើកដំបូង​បង្អស់​
10, Dec 2019 , 7:59 pm        
រូបភាព
(ឯក​សារ) ប្រទេស​កេនយ៉ា​ និយាយ​ទូរសព្ទ​នៅក្រៅ​បរិវេណ​ទីស្តីការ​ក្រសួង​សុខាភិបាល​ ក្នុង​រដ្ឋធានី​ ប្រទេស​កេយ៉ា​ (រូបថត​ថ្ងៃ៨​ ខែធ្នូ​ ២០១៦​)។
(ឯក​សារ) ប្រទេស​កេនយ៉ា​ និយាយ​ទូរសព្ទ​នៅក្រៅ​បរិវេណ​ទីស្តីការ​ក្រសួង​សុខាភិបាល​ ក្នុង​រដ្ឋធានី​ ប្រទេស​កេយ៉ា​ (រូបថត​ថ្ងៃ៨​ ខែធ្នូ​ ២០១៦​)។
ដោយ: VOA
​ណៃ​រ៉ូ​ប៊ី — ​លោក Onyango Otieno អាយុ​៣១ ឆ្នាំ ធំ​ដឹងក្ដី​នៅក្នុង​គ្រួសារ​មួយ ដែល​គាត់​បាន​ពិពណ៌នា​ថា​មាន​"​អំពើហិង្សា​ធ្ងន់ធ្ងរ​"​។​

 
​លោក​បាន​និយាយថា ឪពុក​របស់លោក​ក៏បាន​ធំ​ដឹងក្ដី​នៅក្នុង​គ្រួសារ​ដែលមាន​អំពើហិង្សា​ផងដែរ ហើយ​ឪពុក​របស់លោក​បានរ​ង​គ្រោះ​ពី​ជំងឺ​បាក់ស្បាត ដែល​ហៅថា PTSD បន្ត​ពី​ជីតា​របស់លោក​។​
 
​លោក Otieno ថា​លោក​ក៏​កើត​ជំងឺ​នេះ​ផងដែរ ដែល​បន្ត​ពី​ជីតា​របស់លោក​។ ជីតា​របស់លោក​ត្រូវ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​កើត​ជំងឺ​នេះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយមក បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើសង្គ្រាម​ក្នុងសម័យ​សង្គ្រាមលោកលើកទី ២​។​
 
​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​កាល​ហ្នឹង​ជីតា​ខ្ញុំ មានកូន​៣០​នាក់​។ អ្នក​អាច​ស្រមៃ​ឃើញ​ពី​ស្ថានភាព​រស់នៅ​នៅក្នុង​ភូមិ​យ៉ាងណា​បាន​ហើយ នៅពេលដែល​មនុស្ស​ម្នាក់​កំពុងមាន​ជំងឺ​បែបនេះហើយ​គ្មាន​នរណា​ស្គាល់​ជំងឺ​នេះ​នៅឡើយ​កាលពី​ទសវត្ស​ទី​៨០​នោះ​។ អីចឹង​ហើយ ជំងឺ​ហ្នឹង​បន្ត​កើត​ដល់​គ្រួសារ​ឪពុក​របស់ខ្ញុំ ដោយ​ក្នុង​គ្រួសារ​មានតែ​អំពើហិង្សា​ជាប់​រហូត​។ ខ្ញុំ​គិតថា នៅពេលដែល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ នៅពេលនោះ​ហើយ​ជា​ពេលដែល​ខ្ញុំ​ចាប់ផ្ដើម​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ខ្ញុំ​រស់នៅក្នុង​ស្ថានភាព​ជំងឺ​បែប​ហ្នឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​»​។​
 
​ឥឡូវនេះ លោក Otieno គឺជា​អ្នក​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ លោក​បាន​បង្កើត​ក្រុម​មួយ​ដែលមាន​សមាជិក​ប្រហែល​២០០​នាក់ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​សុខភាព​ផ្លូវចិត្ត​ដោយ​ប្រើ​វិធី​និយាយ​រៀបរាប់​អំពី​សាច់រឿង​ពាក់ព័ន្ធ​ដើម្បី​ជម្នះ​ឲ្យ​ផុតពី​ជំងឺផ្លូវចិត្ត​។ លោក​បាន​និយាយថា កាលពី ៣-៤​ឆ្នាំមុន មិនមាន​ទិដ្ឋភាព​បែបនេះ​ឡើយ​។​
 
​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​កន្ល​ង​ទៅនេះ រដ្ឋាភិបាល​ប្រទេស​កេ​ន​យ៉ា​បានរៀបចំ​សន្និសីទ​សុខភាព​ផ្លូវចិត្ត​ថ្នាក់ជាតិ​លើកដំបូង​បង្អស់ ក្នុង​គោលបំណង​ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរឡើង និង​ចាត់ទុកជា​អាទិភាព​ក្នុង​វិស័យ​សាធារណៈ និង​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​សង្គម​សេដ្ឋកិច្ច​។​
 
​សន្និសីទ​សុខភាព​ផ្លូវចិត្ត​នេះ គឺជា​សន្និសីទ​លើកដំបូង​បង្អស់​របស់​ប្រទេស​កេ​ន​យ៉ា ដែល​ដឹកនាំ​ដោយ​ក្រសួងសុខាភិបាល​។​
 
​លោក​វេជ្ជបណ្ឌិត Rudi Eggers ដែលជា​អ្នកតំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កេ​ន​យ៉ា បាន​ថ្លែង​ក្នុង​ថ្ងៃ​បើក​សន្និសីទ​រយៈពេល​ពី​រ​ថ្ងៃនេះ​ថា​៖ «​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅតែ​ត្រូវគេ​អើពើ​មិន​ចាត់​ចូលក្នុង​ការប្រឹងប្រែង​ជា​សាកល​ដើម្បី​លើកកម្ពស់​សុខភាព​នៅឡើយ​។ ប្រជាជន​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ទទួលរង​ការរំលោភបំពាន​សិទ្ធិ ការរើសអើង និង​មាន​អារម្មណ៍​ខ្លាច​គេ​មាក់ងាយ​។ ប្រជាជន​ជាង​៨០​ភាគរយ ធ្លាប់មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​ក្នុងនោះ​ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ការរំលោភបំពាន​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​ផងដែរ ដែលជា​ស្ថានភាព​ដែល​កើតឡើង​ដោយសារ​គ្មាន​ទម្រង់​នៃ​ការគាំទ្រ​ការ​គាំពារ​សុខភាព​ផ្លូវចិត្ត​ដែលមាន​តម្លៃ​សមរម្យ និង​មាន​គុណភាព​»​។​
 
​កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានាធិបតី​កេ​ន​យ៉ា​លោក Uhuru Kenyatta បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល​បង្កើត​ក្រុមការងារ​បច្ចេកទេស​ដើម្បី​សិក្សា​អំពី​ស្ថានភាព​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក្នុងប្រទេស​កេ​ន​យ៉ា និង​ផ្ដល់​លទ្ធផល​មកវិញ​នូវ​អ្វីដែល​លោក​បាន​និយាយថា​នឹង​អាចជួយ​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ផ្ដល់​ថវិកា និង​ធនធាន​សម្រាប់​បញ្ហា​នេះ​។​
 
​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អ្នកស្រី Susan Mochache បាន​និយាយថា រដ្ឋាភិបាល​បាន​ផ្ដោតលើ​ការចាត់ទុក​បញ្ហា​សុខភាព​ផ្លូវចិត្ត​ថា​ជា​បញ្ហា​អាទិភាព​របស់​ជាតិ​។​
 
​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​នៅ​ប្រទេស​កេ​ន​យ៉ា ជំងឺផ្លូវចិត្ត​គឺជា​បុព្វហេតុ​ចម្បង​ដែល​បណ្ដាលឱ្យមាន​ជំងឺ​ខូច​សតិ ហើយ​មាន​អ្នកជំងឺ​ប្រហែល​២៥​ភាគរយ​ក្នុងចំណោម​អ្នកជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ និង​អ្នកជំងឺ​រហូតដល់​ទៅ​៤០​ភាគរយ​ក្នុងចំណោម​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រងគ្រោះ​ស្ថានភាព​ជំងឺផ្លូវចិត្ត​ទាំងនេះ​»​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ចំនួន​អ្នកធ្វើ​អត្តឃាត​ក្នុងប្រទេស​កេ​ន​យ៉ា​បាន​កើន​៥៨ ភាគរយ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៧ គឺ​ស្មើនឹង​៤២១​នាក់​។ ក្នុងចំណោម​ករណី​អត្តឃាត​ទាំង​៤២១ ករណីនេះ អ្នក​ដែល​ធ្វើអត្តឃាត​ប្រហែល​៧៥​ភាគរយ គឺជា​បុរស​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com