ជាតិ
ព័ត៍មានសុខភាព
សុខភាព
២៥ខេត្ត/រាជធានី
ចក្ខុ​បណ្ឌិត ហ៊ិ​ន ដន​៖«​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ព្យាបាល​មិនជា តែ​អាច​ទប់ស្កាត់​កុំ​ឲ្យ​ពិការភ្នែក​»
10, Dec 2019 , 9:45 am        
រូបភាព
​ភ្នំពេញ​៖ «​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​» ជា​ជំងឺ​ដែល​បំផ្លាញ​គំហើញ​ភ្នែក​យ៉ាង​ស្ងប់ស្ងាត់ ដែល​ធ្វើ​ឲ្យ​ការមើលឃើញ​ថយចុះ​បន្តិច​ម្ដងៗ ឬ​អាចធ្វើ​ឲ្យ​ពិការភ្នែក​ភ្លាមៗ​។ លោក​វេ​ជ្ជ​បណ្ឌិត ហ៊ិ​ន ដន ស្ថាបនិក​គ្លីនិក​ភ្នែក​ប្រាយ​សាយ បាន​ឲ្យ​ដឹងថា ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែកមាន​ពីរ​ប្រភេទ គឺ​ប្រភេទ​មុំ​បិទ​និង​មុំ​បើក​។ ប្រភេទ​មុំ​បិទ ធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺ​ចុកចាប់​ត្រង់​គ្រាប់ភ្នែក ក្បាល និង​ក្អួតចង្អោរ ចំណែក​ប្រភេទ​មុំ​បើក ធ្វើ​ឲ្យ​អ្នកជំងឺ​មើលឃើញ​កាន់តែច្បាស់ តែ​យូរៗ​ទៅនឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នកជំងឺ​ងងឹត​ភ្លាមៗ​តែម្ដង​។ លោក​វេជ្ជ​បណ្ឌិត​បន្តថា ជំងឺ​នេះ​មិនអាច​ព្យាបាល​ឲ្យ​ត្រឡប់​ដូចដើម​ទេ តែ​អាច​ព្យាបាល​ទប់​ស្តា​ត់​មិន​ឲ្យ​គំហើញ​ភ្នែក​ខូច​លឿន​ជាង​មុន និង​វិ​វត្ត​ទៅមុខទៀត​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ចក្ខុ​បណ្ឌិត ហ៊ិ​ន ដន ដូចតទៅ​៖


​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ឯកទេស​ភ្នែក រូបនេះ បាន​រៀបរាប់ថា ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ដែល​លួច​គំហើញ​ភ្នែក​បន្តិច​ម្ដងៗ រហូត​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​នឹង​ការពិការ​ភ្នែក និង​មិន​អាចមាន​វិធី​ណា​ព្យាបាល​ឲ្យ​ជាសះស្បើយ​ដូចដើម​វិញ​ទេ តែ​អាច​ព្យាបាល​ទប់ស្កាត់​មិន​ឲ្យ​វា​វិ​វត្ត​ទៅមុខ​លឿន​។ លោក​វេជ្ជ​បណ្ឌិត ហ៊ិ​ន ដន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ព្យាបាល​ទាំង​ប្រើ​ថ្នាំ ទាំង​បាញ់​ឡាស៊ែ ទាំង​វះកាត់ ពេលដែល​ជំងឺ​ហ្នឹង​ខូចខាត​ដល់​ត្រឹមណា យើង​ទៅ​បញ្ឈប់​ការធ្វើដំណើរ​វា​ត្រឹមហ្នឹង ឬ​យើង​បង្អន់​វា​កុំ​ឲ្យ​លឿន រហូត​អ្នកជំងឺ​ពិការភ្នែក​ទាំងស្រុង​។ បើសិនជា យើង​មិនបាន​ព្យាបាល​វា​នឹងធ្វើ​ឲ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ឡើង​ខ្លាំង យូរ​ទៅ​ខូច​ទៅៗ តែបើ​យើង​ដោះស្រាយ​វា​ត្រឹមហ្នឹង អ្នកជំងឺ​អាច​មើលឃើញ​ត្រឹមហ្នឹង​»​។ 
 
​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ភាគច្រើន​កើត​លើ​មនុ​ស្សមាន​វ័យ​៤០​ឆ្នាំ​ឡើងទៅ​។ ទោះបី ជំងឺ​នេះ​ភាគច្រើន​កើត​លើ​មនុ​ស្សមាន​វ័យចាស់​ក៏ដោយ តែ​វា​ជា​ប្រភេទ​ជំងឺ​តំណពូជ​ដែល​កុមារ​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ផងដែរ​៕  

Tag:
 ជំងឺ​
  ទឹក​ដក់​ភ្នែក​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com