អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ព្រលានយន្តហោះ តម្លៃ​១,៥០០​លាន​ដុល្លារ នៅ​ស្រុក​កណ្តាលស្ទឹង ចាប់ផ្តើម​សាងសង់​ហើយ​
10, Dec 2019 , 3:40 pm        
រូបភាព
យន្តហោះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ
យន្តហោះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ដោយ: ថ្មីៗ
​លើកឡើង​នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី​៨ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរជាតិ ឆ្នាំ​២០១៩ កាលពី​ព្រឹក ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC  បាន​បញ្ជាក់ថា គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូង​រាជធានី​ភ្នំពេញ កំពុងដំណើរការ​សាងសង់​ហើយ​។
 
​បើតាម លោក ពុង ឃាវ​សែ ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង ១,៥០០​លាន​ដុល្លារ ហើយ​ចំណាយពេល​សាង់សង់​៣​ឆ្នាំ ពោលគឺ​គ្រោង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២៣​។ តាម​ផែន​ការដែល​បានគ្រោង ព្រលាន​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ជាង ២,៦០០ ហិកតា​។ 
 
​បើតាម​ប្រសាសន៍​របស់ លោក ពុង ឃាវ​សែ  លោក​បាន​បញ្ជាក់ថា​ទីតាំង​សាងសង់​ព្រលានយន្តហោះ​ថ្មី គឺ​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​មួយផ្នែក​ទៀត អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី ខេត្តតាកែវ​។ 
 
​តម្លៃ​ដី​បន្ត​កើនឡើង​ដែរឬទេ​?
 
​ភ្លាមៗ​បន្ទាប់​ការប្រកាស​ពី​ទីតាំង​ព្រលានយន្តហោះ​ថ្មី​នេះ តម្លៃ​ដី​នៅក្នុង​តំបន់​នោះ បាន​ហក់​ឡើង​យ៉ាងខ្លាំង ដោយសារតែ​ទាំង​វិនិយោគិន និង​អ្នក​ក្នុងស្រុក​បាន​សំរុក​នាំគ្នា​ទិញ​ដី​។ ប៉ុន្តែ​ប្រតិបត្តិ​ការទិញ​-​លក់ ហាក់​បាន​ស្ងប់ស្ងាត់​ទៅវិញ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​។ ទោះយ៉ាងណា អ្នកជំនាញ​អចលនទ្រព្យ​នៅតែ​មើលឃើញថា តម្លៃ​ដី​នៅ​ជុំវិញ​ទីតាំង ព្រលាន​ថ្មី​នេះ​នឹង​នៅតែ​បន្ត​កើនឡើង​។ 
 
​លោក ប៉ាន់ ដា​រ៉ា ជា​ប្រធាន​គ្រង់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ BZ Properties បាន​ប្រាប់ Realestatate.com.kh ថា​តម្លៃ​ដី​នៅ​ជុំវិញ​ទីតាំង​ព្រលាន​ថ្មី​នេះ បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់​ត​សម្គាល់​។ ជាក់ស្តែង​រហូតមកដល់​ពេលនេះ តំបន់​មួយចំនួន​តម្លៃ​ដី បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង តួយ៉ាង​ដូចជា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២​។ 
 
​លោក​បញ្ជាក់ថា ដី​នៅតាម​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​កួរស្រូវ ដល់​តំបន់​ឃុំ​បឹង​ខ្យា​ង​មានតម្លៃ ៣០០ ទៅ ៣៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ចាប់ពី​បឹង​ខ្យា​ង​ទៅដល់​ស្រុក​បាទី ដី​មានតម្លៃ ១០០ ទៅ​២០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​ដី​ក្រោម ១ ហិកតា និង​តម្លៃ​ជាង ៧០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​ដី​ចាប់ពី ១០ ហិកតា​ឡើងទៅ​។ 
 
​លោក ដា​រ៉ា ជឿជាក់ថា តម្លៃនឹង​នៅតែ​បន្ត​កើនឡើង​ថែមទៀត នៅពេល​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ត្រូវបាន​ត​ភ្ជាប់ ដូចជា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​ផ្លូវ​សំខាន់ៗ​ដែល​ត្រូវ​ត​ភ្ជាប់​ទៅកាន់​ព្រលាន​ថ្មី​នេះ​។ 
 
​សម្រាប់​ការទិញ​ទុក​វិនិយោគ ឬ​ទិញ​ទុក​ចំណេញ លោក ដា​រ៉ា បាន​ណែនាំ​ថា វិនិយោគិន​គួរ​ងាក​ទៅ​ទិញ​នៅ​ប៉ែក​ខាងកើត គម្រោង​ព្រលាន​ក្នុងស្រុក​ស្អាង ដោយសារ​ដី​នៅទីនេះ នៅមាន​តម្លៃ​ទាប​ចាប់ពី ២៥ ទៅ ៣៥ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com