អន្តរជាតិ
លោក ស៊ី ប្រាប់​មេដឹកនាំ​ថ្មី​អឺរ៉ុប​ថា ចិន​មិនមែនជា​ការគំរាមកំហែង តែ​ជា​ឱកាស​សម្រាប់​អឺរ៉ុប​
10, Dec 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ដែលទើបឡើងកាន់តំណែងថ្មីៗ។
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ដែលទើបឡើងកាន់តំណែងថ្មីៗ។
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៩ ខែធ្នូ បាន​ធានា​តាម​ទូរ​សព្ទ​ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ថ្មី​ថា ចិន មិនមែនជា​ការគំរាមកំហែង​របស់​អឺរ៉ុប​ឡើយ តែ​ចិន​ជា​ឱកាស​សម្រាប់​ប្លុក​ដ៏​ធំ​មួយ​នេះ​។ លើសពីនោះ គោលនយោបាយ​ចិន​ចំពោះ​អឺរ៉ុប ក៏​មិនមាន​ប្រែប្រួល​អ្វី​ដែរ ដោយសារ​ចិន​ចាត់ទុក​អឺរ៉ុប​ជា​ដៃគូ​ដ៏​សំខាន់ ហើយ​មាន​បញ្ហា​ដែល​ត្រូវបំពេញ​រួមគ្នា​។ ការធានា​របស់លោក ស៊ី ធ្វើឡើង​ខណៈដែល​ប្រទេស​អឺរ៉ុប​កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​នឹង​ការ​ងើបឡើង​របស់​ចិន​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល (Charles Michel) នៅ​ថ្ងៃទី​៩ ខែធ្នូ លើ​បញ្ហា​មួយចំនួន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ត្រូវបាន​មើលឃើញថា ជួប​បញ្ហា​ខ្លះ​ដ្បិត​អឺរ៉ុប​សង្ស័យ​គោលដៅ​របស់​ចិន​នៅក្នុង​ប្លុក​របស់ខ្លួន ពិសេស​សំណុំរឿង​បច្ចេកវិទ្យា 5G ដែល​អាមេរិក​ប្រាប់​ឲ្យ​អឺរ៉ុប​ដកឃ្លា​ពី​ចិន​។ លោក មី​ឈែល អតីត​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក ទើប​ឡើងកាន់តំណែង​នៅពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។​
 
​បើតាម​ក្រសួងការបរទេស​ចិន លោក ស៊ី ប្រា​ប់លោក មី​ឈែល ថា ចិន​មើល​ទុក​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ក្នុង​គោលដៅ​វែងឆ្ងាយ កម្រិត​ខ្ពស់ និង​ជា​យុទ្ធសាស្ត្រ​ផងដែរ​។ ប្រធានាធិបតី​ចិន​បន្តថា ចិន និង​អឺរ៉ុប ជា​ដៃគូ​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​មិនមែនជា​គូប្រកួត​ប្រជែង​គ្នា​អ្វី​ទាំងអស់​។ 
 
«​ការអភិវឌ្ឍ​របស់​ចិន ជា​ឱកាស​សម្រាប់​អឺរ៉ុប មិនមែនជា​បញ្ហា​ប្រឈម​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី ដែល​ទំនងជា​ការផ្ដល់​ទំនុកចិត្ត​ទៅ​ឲ្យ​អឺរ៉ុប​ដែល​នៅ​សង្ស័យ​ការ​ងើបឡើង​របស់​ចិន​ទាំង​នៅ​ក្របខណ្ឌ​ពិភពលោក និង​នៅ​តំបន់​អឺរ៉ុប​ផងដែរ​។ បើតាម​លោក ស៊ី ចិន ក៏​នឹង​បន្ត​ចាប់ដៃ​អឺរ៉ុប​ដើម្បី​សម្រេច​គោលដៅ​នៃ​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ប៉ារីស និង​ការជំរុញ​កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ 
 
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី ក៏​ឆ្លើយ​វិញ​ថា ចិន និង​អឺរ៉ុប បាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ទៅវិញទៅមក និង​ការផ្លាស់ប្ដូរ​កិច្ចសហប្រតិបត្តិការ​ដែល​ជា​អាទិភាព​នៅ​ឆ្នាំ​ខាងមុខ​ផងដែរ​។ នៅ​ឆ្នាំ​២០២០ បន្ថែម​ពីលើ​ជំនួប​ប្រចាំឆ្នាំ​រវាង​មេដឹកនាំ​កំពូល ចិន និង​អឺរ៉ុប នឹងមាន​ជំនួប​កំពូល​មួយទៀត​នៅ​អាល្លឺម៉ង់ ដោយ​លោក ស៊ី នឹងមាន​វត្តមាន​ផងដែរ​។ នៅ​ឆ្នាំក្រោយ ភាគី​ទាំងពីរ ក៏​គ្រោង​បញ្ចប់​កិច្ចព្រមព្រៀង​វិនិយោគ​ផងដែរ​។ លោក ស៊ី ផ្ទាល់ ចង់ឃើញ​កិច្ចព្រមព្រៀង​នេះ​លេច​រូបរាង​បាន​ឆាប់​។​
 
​តាមពិតទៅ បើទោះជា​ទំនាក់ទំនង​ទ្វេភាគី​មើលទៅ​ល្អប្រសើរ​មែន អឺរ៉ុប​ហាក់​មាន​ប្រុងប្រយ័ត្ន​ចំពោះ​ចិន​។ នាពេល​កន្លងទៅ អឺរ៉ុប​បានដាក់​ចេញ​វិធានការ​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​ក្នុង​តំបន់ ពិសេស​ប្រទេស​ប៉ែក​ខាងកើត និង​កណ្ដាល​ដែលមាន​ចំណង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ប៉េកាំង​។ ជាក់ស្ដែង សហភាព​អឺរ៉ុប​ដែលមាន​២៨​ប្រទេស បាន​រឹតបន្តឹង​ការវិនិយោគ​បរទេស បន្ទាប់ពី​ក្រុមហ៊ុន​បាន​ទិញ​ក្រុមហ៊ុន​នៅ​តំបន់​អឺរ៉ុប​ជា​បន្តបន្ទាប់​៕ 

Tag:
 ចិន​
  អឺរ៉ុប​
  ស៊ី ជិន​ភីង​
  Charles Michel
© រក្សាសិទ្ធិដោយ thmeythmey.com