ជាតិ
សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត ដែលចំណាយ១០លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការ
× ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៩ខែធ្នូ។ ការដាក់សម្ពោធនេះ ធ្វើឡើងក្រោមអធីបតីលោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី (PoiPet PP SEZ) គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការដោយក្រុមហ៊ុន PoiPet PPSEZ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនបានប្រកាសផ្ទៃដី ៦៥ហិកតា និងទឹកប្រាក់វិនិយោគពីដំបូងចំនួន ១០លានដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ មានគោលដៅទាក់ទាញការវិនិយោគឧស្សាហកម្ម ផ្នែកគ្រឿងបន្លាស់ គ្រឿងបង្គុំ បរិក្ខាអេឡិចត្រូនិក កាត់ដេរ វេចខ្ចប់ ប្លាស្ទីក ជាដើម។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានសម្ពោធជាមួយគ្នានឹងរោងចក្រផលិតសម្ភារបរិក្ខារអេឡិចត្រូនិករបស់ក្រុមហ៊ុន Sumitronics Manufacturing(Cambodia) ។
លោក សុខ ចិន្ដាសោភា លើកឡើងថា ការវិនិយោគខាងលើនេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែងជូនប្រជាពលរដ្ឋកម្ពុជា ស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ជាពិសេសចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាល ក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន។
ឯកអគ្គរដ្ឋទូតជប៉ុនលោក មិកាមិ បានថ្លែងថា កំណើនសេដ្ឋកិច្ចខ្ពស់ បរិយាកាសវិនិយោគល្អ និងទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនជប៉ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ប្រកាសព័ត៌មាននេះបន្តដូច្នេះថាទៀតថា៖«ឯកអគ្គរដ្ឋទូតជឿជាក់ថាតំបន់សេដ្ឋកិច្ចពិសេសនេះនឹងចូលរួមចំណែកដល់ការទាក់ទាញវិនិយោគប្រភេទ ថៃបូក១ បន្ថែមទៀត»។ ជាមួយគ្នានេះ លោក មិកាមិ បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនជប៉ុន និងបានស្នើឲ្យបន្តកិច្ចសហការនេះទៀតដើម្បីកែលម្អបរិយាកាសវិនិយោគសំដៅទាក់ទាញការវិនិយោគជប៉ុនបន្ថែមទៀត។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទូទាំងប្រទេស មានតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការចំនួន២៣ ដែលមានរោងចក្រចំនួន៤៩០ និងបង្កើតការងារចំនួនប្រមាណជាង១៣ម៉ឺនកន្លែង។ ដោយឡែកក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែងដែលមានរោងចក្រចំនួន១៧ (រោងចក្ររបស់ជប៉ុន៨កន្លែង) និងបង្កើតការងារ ៧៥០០កន្លែង៕
រូបភាពពីលោក Hiroshi Uematsu អ្នកគ្រប់គ្រងតំបន់សេដ្ឋពិសេសប៉ោយប៉ែតភីភី
Tag:
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី
© រក្សាសិទ្ធិដោយ thmeythmey.com