ភរិយា​លោក អូ​បា​ម៉ា ប្រាប់​សិស្សស្រី​ជនបទ​វៀតណាម​កុំ​បោះបង់​ការសិក្សា
អន្តរជាតិ
ភរិយា​លោក អូ​បា​ម៉ា ប្រាប់​សិស្សស្រី​ជនបទ​វៀតណាម​កុំ​បោះបង់​ការសិក្សា
10, Dec 2019 , 8:19 pm        
រូបភាព
​អតីត​ស្រី​ទីមួយ​សហរដ្ឋអាមេរិក អ្នកស្រី មី​ឈែល អូ​បា​ម៉ា (Michelle Obama) បានធ្វើ​ដំណើរ​ទៅកាន់​វិទ្យាល័យ​ជនបទ​មួយ​ក្នុងប្រទេស​វៀតណាម នៅ​ថ្ងៃ​ចន្ទ ៩ ធ្នូ ។ នៅ​ចំពោះមុខ​សិស្សស្រី​ជាច្រើន អ្នកស្រី បាន​ទទូច​ឲ្យ​ពួកគេ​ផ្តោត​សំខាន់​លើ​ការសិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ដើម្បី​ប្រែក្លាយ​ជីវិត​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

 
​ពី​វិទ្យាល័យ​មួយ​ឈ្មោះថា Can Giuoc ដែល​ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត Long An តាម​ដីសណ្ដ​ទន្លេមេគង្គ អ្នកស្រី មី​ឈែល និយាយថា​៖«​នៅពេល​អ្នក​អប់រំ​មនុស្ស​ស្រី​ម្នាក់ អ្នកផ្តល់​អំណាច និង​សំឡេង និង​ឱកាស​មួយ​ដល់​ពួកគេ​ដើម្បី​លើកស្ទួយ​ជីវភាព​ពួកគេ និង​ក្រុមគ្រួសារ និង​សហគមន៍​ពួកគេ​ទាំងមូល​»​។  អមដំណើរ​ដោយ​តារា​សម្តែង​ហូលីវូត Julia Roberts និង កូនស្រី​របស់​អតីត​ប្រធានាធិបតី​អាមេរិក George W Bush គឺ Jenna Bush Hager អ្នកស្រី មី​ឈែល បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​សិស្ស​នារីៗ​បន្ត​ការសិក្សា​នៅ​សាលារៀន កុំ​បោះបង់​វា​ចោល​។ 
 
«​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់គ្នា​តាំងចិត្ត និង​ផ្តោតអារម្មណ៍​»​។ អ្នកស្រី អះអាង​បែបនេះ​ដោយ​សង្កត់ធ្ងន់ថា ការសិក្សា​រៀនសូត្រ មិន​ងាយស្រួល​ឡើយ ក៏ប៉ុន្តែ​វា​ពិតជា​សម​នឹង​តម្លៃ ប្រសិនបើ​សិស្ស​ប្រឹងប្រែង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី អះអាង​ទៀតថា​៖ «​បើទោះជា​ក្រុមគ្រួសារ​អ្នក ពុំ​យល់​ពី​តម្លៃ​របស់​ការសិក្សា​នៅថ្ងៃនេះ ជឿ​ខ្ញុំ​ចុះ ពួកគេ​នឹង​យល់ នៅពេល​អ្នក​ចូលរៀន​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង​»​។ 
 
​ជាមួយនឹង​សន្ទុះ​ប្រជាជន​វ័យក្មេង និង​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​រហ័ស វៀតណាម ផ្តើម​យកឈ្នះ​បណ្តា​ប្រទេសជិតខាង​ខ្លួន ក្នុង​ចំណាត់ថ្នាក់​អប់រំ ជាពិសេស ក្នុង​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​។ អត្រា​ចុះឈ្មោះ​ចូលរៀន ក៏​ខ្ពស់​ផងដែរ ស្មើនឹង ៩១,៧​ភាគរយ ក៏ប៉ុន្តែ​គុណភាព​អប់រំ ហាក់​ធ្លាក់ចុះ​ក្នុង​តំបន់​ជនបទ ហើយ​ក្នុង​តំបន់​ដែល​ខ្វះ​ការអភិវឌ្ឍ​នេះ ដាក់​គំនាប​ដល់​សិស្ស​នារី​ឲ្យ​បង្ខំចិត្ត​បញ្ឈប់​ការសិក្សា ហើយ​ចេញទៅ​ប្រកបការងារ ចិញ្ចឹមជីវិត​។​
 
​សិស្ស​នារី​ម្នាក់​ឈ្មោះថា Truong Thi Hai Yen អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ទស្សនកិច្ច​របស់​អ្នកស្រី មី​ឈែល អូ​បា​ម៉ា និង​ការរៀបរាប់​ពី​ខ្សែជីវិត​តស៊ូ​របស់​អ្នកស្រី គឺជា​ការលើកទឹកចិត្ត​យ៉ាង​ធំធេង​មួយ​សម្រាប់​រូបនាង​។ យុវតី​វ័យ​១៦​ឆ្នាំ​រូបនេះ លើកឡើង​បែបនេះ​៖«​អ្នកស្រី បន្ត​ព្យាយាម​រៀងរាល់ថ្ងៃ ដើម្បី​ក្លាយជា​មនុស្ស​ប្រសើរ​ជាង​មុន ហើយ​ឥឡូវនេះ យើង​អាច​ឃើញថា អ្នកស្រី ពិតជា​ក្លាយជា​មនុស្ស​ជោគជ័យ​ម្នាក់​»​។ 
 
​សូមបញ្ជាក់ថា ការលើកកម្ពស់​ការអប់រំ​សម្រាប់​មនុស្ស​ស្រី គឺជា​មូលដ្ឋាន​នៃ​ការងារ​មូលនិធិ​របស់​ប្តី​ប្រពន្ធ អូ​បា​ម៉ា មួយគូរ​នេះ គិត​ចាប់​ប្តី​អ្នកស្រី លោក ប៉ា​រ៉ា​ក អូ​បា​ម៉ា បានបញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​កាន់​ពីរ​អាណត្តិ​មក​។ កាលពី​សប្តាហ៍​មុន អ្នកស្រី បានប្រកាស​បរិ​ច្ឆា​គ​ប្រាក់​៥០​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ដល់​ការអប់រំ​សកល ដែលជា​លុយ​លោកស្រី​រកបាន​ពី​ការលក់​សៀវភៅ​៕

Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  មី​ឈែល អូ​បា​ម៉ា​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com