អន្តរជាតិ
យន្តហោះ​យោធា​ស៊ី​លី​១​គ្រឿង​មាន​៣៨​នាក់ បាត់ដាន​នៅតាម​ផ្លូវ​ទៅ​តំបន់​អង់​តា​ក់ទិច​
10, Dec 2019 , 4:12 pm        
រូបភាព
ដោយ:
​យន្តហោះ​យោធា​របស់​ប្រទេស​ស៊ី​លី​មួយគ្រឿង ដែល​ដឹក​មនុស្ស​សរុប​៣៨​នាក់ បាន​បាត់ដាន​ចេញពី​រ៉ា​ដា ខណៈ​កំពុង​ហោះហើរ​ឆ្ពោះទៅកាន់​តំបន់​អង់​តា​ក់ទិច​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពអាកាស​ស៊ី​លី​។

 
​យន្តហោះ​ដឹកជញ្ជូន​មួយគ្រឿង​ប្រភេទ Hercules C-130 បាន​ហោះ​ចេញពី​ទីក្រុង Punta Arenas នៅវេលា​ម៉ោង ១៦៖៥៥ (​ម៉ោង​ក្នុងស្រុក​)  ហើយ​អ្នក​ប្រតិបត្តិការ បាន​បាត់​ការទាក់ទង​ភ្លាមៗ​ក្រោយពី​ម៉ោង ១៨៖០០ នៅ​ថ្ងៃ​ចន្ទ ៨ ខែធ្នូ ។  បើតាម​កងកម្លាំង​ដែនអាកាស​ស៊ី​លី អ្នក​ដែល​បាត់​ខ្លួន​ទាំងនោះ គឺមាន បុគ្គលិក​បម្រើការ​លើ​យន្តហោះ ១៧​នាក់ និង​អ្នកដំណើរ ២១​នាក់​។​
 
​គោលដៅ​នៃ​ការធ្វើដំណើរ​នេះ គឺ​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ដឹកជញ្ជូន (logistical support) ទៅកាន់​មូលដ្ឋាន​យោធា​មួយ​លើ​កោះ King George របស់​តំបន់​អង់​តា​ក់ទិច​។ បើតាម​របាយការណ៍​ចុងក្រោយ បេសកកម្ម​ស្វែងរក​និង​ជួយសង្គ្រោះ កំពុង​ចាប់ផ្តើម​។ 
 
​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ជើង​អាកាស Eduardo Mosqueira គូសបញ្ជាក់ថា យន្តហោះ​នេះ ពុំបាន​ដំណើរការ​សញ្ញា​ប្រកាសអាសន្ន​ណាមួយ​ឡើយ​។ លោក បន្តថា យន្តហោះ​នេះ ដែលមាន​អ្នកបើកបរ​យន្តហោះ​ជា​មនុស្ស​មាន​ជំនាញ​យូរ​ឆ្នាំ ប្រហែលជា​ត្រូវ​បង្ខំ​ឲ្យ​ចុះចត ក្រោយពី​អស់​ប្រេងឥន្ធនៈ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ព​ជើង​អាកាស​ស៊ី​លី បាន​បញ្ជាក់ថា យន្តហោះ​នេះ បានធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ ៧២៤​គីឡូម៉ែត្រ នៅពេល​វា​បាត់បង់​ការទាក់ទង ខណៈ​ចម្ងាយ​ធ្វើដំណើរ​សរុបទៅ​ដល់​តំបន់​អង់​តា​ក់ទិច គឺ​ស្មើនឹង ១២៣៩​គីឡូម៉ែត្រ ។ គិតគូរ​ត្រឹម​ចម្ងាយ​នេះ វា ស្ថិតក្នុង​តំបន់ Drake Passage ដែល​ភ្ជាប់​មហាសមុទ្រ​ពីរ​គឺ មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ភាគខាងត្បូង និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង ហើយ​ទីតាំង​នេះដែរ ត្រូវ​ស្គាល់​ថា​មាន​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ឡើយ​។ ក៏ប៉ុន្តែ​កងទ័ពអាកាស​ស៊ី​លី អះអាងថា អាកាសធាតុ​ក្នុងស្រុក គឺមាន​លក្ខណៈ​ល្អ នៅពេលដែល​យន្តហោះ​នេះ​បាត់ដាន​៕
 
​ប្រទេស​ស៊ី​លី គ្រប់គ្រង​ដែន​អធិបតេយ្យភាព​ក្នុង​តំបន់​អង់​តាក់​ទិច​ប្រមាណ ១,២​លាន​គីឡូ​ម៉ែត្រការ៉េ ដែល​ជាប់​ព្រំដែន​ជាមួយ​ទឹកដី​របស់​ទាមទារ​យក​ដោយ​ចក្រភព​អង់គ្លេស និង​អា​ហ្ស​ង់​ទីន​។ ជាមួយ​ទឹកដី​ទំហំ​នេះ ស៊ី​លី ដាក់​មូលដ្ឋានទ័ព​ចំនួន​៩​ទីតាំង​៕

Tag:
 ស៊ី​លី​
  យន្តហោះ​
  អង់​តា​ក់ទិច​
© រក្សាសិទ្ធិដោយ thmeythmey.com