ជំនួបរវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiyទទួលបានលទ្ធផលផ្លែផ្កាខ្លះ ខណៈពេលភាគីទាំងពីរនៅមានបញ្ហាជាច្រើនទៀត ត្រូវដោះស្រាយ។ តាមរយៈជំនួបតទល់លើកដំបូងនេះ មេដឹកនាំទាំងពីរ នៅថ្ងៃទី១០ ខែធ្នូ បានយល់ព្រមដោះដូរអ្នកទោសទៅវិញទៅមក និងប្តេជ្ញាជាថ្មី ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ (Minsk)ឆ្នាំ ២០១៥ ពីបទឈប់បាញ់ ។
ក្នុងវត្តមានប្រធានាធិបតីបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ជាអន្តរការី ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបតទល់គ្នាជាលើកដំបូងនាទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជជែកគ្នាពីបញ្ហាព្រំដែនអ៊ុយក្រែនភាគខាងកើត។
តាមរយៈជំនួបដែលប្រព្រឹត្តទៅរយៈពេល៩ម៉ោង ភាគីរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមដោះដូរអ្នកទោសជាមួយគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តជាថ្មី ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ឆ្នាំ២០១៥ ស្តីពីបទឈប់បាញ់ នៅតំបន់ព្រំដែនភាគខាងកើត ជាពិសេសគឺតំបន់ដុនបាស (Donbass) អ៊ុយក្រែន ដែលមិនធ្លាប់មានការអនុវត្តកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នា បានត្រឹមត្រូវឡើយ។
ក្រៅពីការដោះដូរអ្នកទោស និងការគោរពកិច្ចព្រមព្រៀង វានៅមានបញ្ហាជាច្រើន ដែលភាគីរុស្ស៊ី និងអ៊ុយក្រែនត្រូវដោះស្រាយ ជុំវិញតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន។ ភាគីទាំងពីរបានយល់ព្រមគ្នា រយៈពេល ៤ខែ ដើម្បីធ្វើការជាមួយគ្នា ក្នុងការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ដុនបាស ខណៈពេលមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ និយាយពាក់ព័ន្ធទៅនឹងការរៀបចំការបោះឆ្នោត ថាតើត្រូវរៀបចំបែបណានោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទកាសែត ដែលមានវត្តមានមេដឹកនាំអាល្លឺម៉ង់ អ៊ុយក្រែន និងរុស្ស៊ី ប្រធានាធិបតីបារាំង បានបញ្ជាក់ថា ភាគីរុស្ស៊ី និងអ៊ុយក្រែន នៅតែមានការខ្វែងគំនិតលើការរៀបចំការបោះឆ្នោតនេះ។ បើតាមលោក ម៉ាក្រុង បារាំង នឹងឲ្យរដ្ឋមន្ត្រីរបស់ខ្លួនជួយសម្របសម្រួលក្នុងកិច្ចការបោះឆ្នោតមួយនេះ។
ទន្ទឹមជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ក៏បានសិក្សាពីគម្រោង ក្នុងការបើកផ្លូវឲ្យរុស្ស៊ី បង្ហូរឧស្ម័នធម្មជាតិឆ្លងកាត់ទឹកដីខ្លួនផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ត្រូវបានរ៉ុស្ស៊ី និងអ៊ុយក្រែន និងភាគីពាក់ព័ន្ធផ្សេងទៀត ចុះហត្ថលេខា នៅទីក្រុងមីនស្កិ៍ បេឡារុស ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍នេះ គឺជាកិច្ចព្រមព្រៀង ដែលអំពាវនាវឲ្យដកអាវុធធុនធ្ងន់ ការរៀបចំការបោះឆ្នោតក្នុងតំបន់ ការបង្កើនស្វយ័តភាពធំជាងមុន និងការអនុញ្ញាតឲ្យរដ្ឋាភិបាលអ៊ុយក្រែងគ្រប់គ្រងព្រំដែនរបស់ខ្លួនឡើងវិញ។ បើទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ប៉ុន្តែការប្រយុទ្ធគ្នានៅតែកើតមានដដែល។ ជាពិសេស នៅតំបន់ដុនបាស នៅតែកើតមានសង្គ្រាមក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។
ជាការពិតណាស់ ក្នុងជំនួបនេះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានគេមើលឃើញថា មានការបង្ហាញកាយវិការមិនសមរម្យដាក់គ្នាជាច្រើនដូចជា ការមិនបានចាប់ដៃគ្នាជាសាធារណៈ និងការមិនមើលមុខគ្នាចំជាដើម៕