អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងត្បូង​-​ចិន​-​ជប៉ុន នឹង​បើក​ជំនួប​ត្រីភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​
10, Dec 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយក្នុងទឹកដីកូរ៉េខាងត្បួង។ រូបភាព៖ Facebook Moon Jae In
ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយក្នុងទឹកដីកូរ៉េខាងត្បួង។ រូបភាព៖ Facebook Moon Jae In
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ប្រចាំឆ្នាំ កូរ៉េខាងត្បូង ជប៉ុន និង​ចិន ដែល​នឹង​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី​២៤ ខែធ្នូ​ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​វិមាន​ប្រធានាធិបតី​Cheong Wa Dae នៅ​ថ្ងៃទី​១០ ខែធ្នូ​។


 
​បើសិន​បើ​គ្មាន​ការប្រែប្រួល​ទេ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ឆឹង​ទូ​ភាគ​និរតី​នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​២៣ ខែធ្នូ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង និង នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​។ 
 
​អ្នកស្រី គូ មីន​ជុង (Ko Min-jung) អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា វត្តមាន​របស់លោក​ប្រធានាធិបតី​កូរ៉េ នា​ជំនួប​ត្រីភាគី ក្នុងប្រទេស​ចិន​ខាងមុខនេះ នឹង​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី ចិន កូរ៉េខាងត្បូង និង​ជប៉ុន​។ ជាមួយគ្នា​ដែរ អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ជំនួប​មេដឹកនាំ​ជាន់ខ្ពស់​ចិន កូរ៉េខាងត្បូង ជប៉ុន នឹង​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ស្តីពី​សន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​បញ្ហា​កូរ៉េខាងជើង​។​
 
​ក្នុងន័យនេះ លោក​មូ​ន ចេ​អ៊ី​ន​, លោក លី ខឺ​ឈាំ​ង និង​លោក ស៊ិន​ហ្សូ អា​បេ នឹង​វាយតម្លៃ​ពី​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​។ បន្ទាប់ពី​មានការ​វាយតម្លៃ​ស្ថានការណ៍​រួចហើយ ប្រទេស​ទាំងបី នឹង​សហការ​ជាមួយគ្នា ដើម្បី​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ចូលរួម​ស្ថាបនា​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ជា​និរន្តរ៍ ។​
 
​ក្រៅពី​ជំនួប​ត្រីភាគី លោក​មូ​ន ក៏​គ្រោង​នឹងមាន​ជំនួប​ក្រៅផ្លូវការ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ នៅ​ទីក្រុង​ឆឹង​ទូ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ កាន់តែ​ក្តៅ​ឡើងៗ បន្ទាប់ពី​កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត និង​កម្មវិធី​ថ្មីៗ​ជា​បន្តបន្ទាប់ ខណៈពេល​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ត្រូវ​បរាជ័យ​ជាច្រើនលើក​៕

Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង​
  ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com