ជាតិ
សង្គមជាតិ
គណៈកម្មការ​៖ «​ទូកវែង​ជាងគេ​» មិនទាន់​អាច​រំកិល​ទៅ​សាលាខេត្ត​បានឡើយ ដោយ​រង់ចាំ​ដល់​ទឹក​ឡើង​សិន​
11, Dec 2019 , 7:59 am        
រូបភាព
ទូក«ង»វែ​ងជាងគេលើពិភព​លោក ដែល​បាន​ជាប់​កំណត់​ត្រាឯតទគ្គកម្មពិភពលោក ត្រួវបាន​​យក​មក​តាំង​បង្ហាញជាសាធារណៈ​នៅ​ទល់​មុខខាងកើតវាលព្រះមេរុ រាជធានីភ្នំពេញ​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨
ទូក«ង»វែ​ងជាងគេលើពិភព​លោក ដែល​បាន​ជាប់​កំណត់​ត្រាឯតទគ្គកម្មពិភពលោក ត្រួវបាន​​យក​មក​តាំង​បង្ហាញជាសាធារណៈ​នៅ​ទល់​មុខខាងកើតវាលព្រះមេរុ រាជធានីភ្នំពេញ​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​ផលិត​ទូក​បានរៀបចំ​ទី​សម្រាប់​តម្កល់​ទូក​«​ង​»​វែង​ជាងគេ​នៅក្នុង​សាលាខេត្ត​រួចហើយ តែ​មិនទាន់​អាច​រំកិល​ទូក​ទៅ​ទីតាំង​តម្កល់​បានឡើយ ដោយសារតែ​កម្ពស់​ទឹក​ទាប​ពេក​។ ទូក​«​ង​»​វែង​ជាងគេ ដែលមាន​បណ្តោយ​ប្រវែង​៨៧,៣​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៩៤​ម៉ែត្រ ត្រូវបាន​គណៈកម្មការ​ផលិត​ទូក តម្កល់​នៅ​ទីតាំង​បណ្តោះអាសន្ន​សិន រង់​ចាំំ​ដល់​ទឹក​ឡើង​ទើប​អាច​រំកិល​បាន​។ 


 
​លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក​ខ្នាត​វែង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រុមការងារ​គណៈកម្មាកា​រ​ផលិត​ទូក​បានរៀបចំ​ទីកន្លែង​តម្កល់ ទូក​«​ង​»​វែង​ជាងគេ​រួចជាស្រេច​ហើយ ដែល​នឹង​តម្កល់​នៅក្នុង​សាលាខេត្ត​ព្រៃវែង សម្រាប់​ឲ្យ​សាធារណជន​បាន​ទស្សនា​។  
 
«​ការលើក​ទូក​ឡើង​ទៅលើ វា​មិនមែនជា​រឿង​សាមញ្ញ​ទេ​។ កន្លងមក​ពេល​ទឹក​ឡើង​ខ្ពស់​យើង​អាច​លើក​បាន ដល់ពេល​ទឹកជា​ស្រក​វិញ យើង​ពិបាក​លើក​ណាស់​។ យើង​កំពុងតែ​រក​វិធីសាស្ត្រ​ដើម្បី​លើក​វា​ឡើង​មកហើយ​។ យើង​មាន​ប្លង់ និង​ទីតាំង​ហើយ​។​យើង​រង់ចាំតែ​ពេលវេលា​អំណោយផល យើង​នឹងធ្វើ​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មាកា​រ​ផលិត​ទូក​ខ្នាត​វែង ដែល​បាន​ឆ្លើយតប​នឹង​ពលរដ្ឋ​មួយចំនួន​ដែល​បាន​រិះគន់ថា​មានការ​រៀបចំ​ទុកដាក់ និង​តម្កល់​ទូកង​នៅ​កន្លែង​បណ្តោះអាសន្ន​មិន​សមរម្យ​។ 
 
​បើតាម​អនុប្រធាន​គណៈកម្មាការ​ផលិត​ទូក​ខ្នាត​វែង ទី​សម្រាប់​តម្កល់​ទូកង​វែង​ជាងគេ​មិនទាន់​អាច​តម្កល់​បាន​ក៏​ដោយសារតែ ទីតាំង​រដ្ឋបាល​សាលាខេត្ត​កំពុងតែ​ស្ថិតនៅក្នុង​ដំណើរការ​សាងសង់​នៅឡើយ​។  គណៈកម្មាការ​ផលិត​ទូក ទទួលស្គាល់ថា​រោង​សម្រាប់​តម្កល់​ទូកង​បណ្តោះអាសន្ន​នោះ​ពិតជា​មានការ​ធ្លុះធ្លាយ​ដំបូល​បន្តិច​មែន​។ គណៈកម្មាការ​ផលិត​ទូក​ខ្នាត​វែង​ក៏បាន​រៀបចំ​ការជួសជុល​រោង​បណ្តោះអាសន្ន​សាជាថ្មី​វិញ ដើម្បី​ឲ្យ​ទាន់ពេល​ទឹក​ឡើង សម្រាប់​រំកិល​ទូក​មក​តាំងនៅ​ក្នុង​សាលាខេត្ត​។  
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក Guinness World Record បន្ទាប់ពី​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ដែលមាន​ប្រវែង ១១២៩,៨​ម៉ែត្រ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨៕

Tag:
 ទូកង
© រក្សាសិទ្ធិដោយ thmeythmey.com