ពីនេះ ពីនោះ
វិធីសាស្ត្រ​ងាយៗ សម្រាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត​ទឹក ស្រោច​ដំណាំ​
29, Jan 2022 , 6:39 pm        
រូបភាព
​ភ្នំពេញ​៖ ជី​កំ​ប៉ុ​ស្ត ជា​ប្រភេទ​ជីធម្មជាតិ​ម្យ៉ាង​ដែល​កសិករ​អាចធ្វើ​ដោយ​ខ្លួនឯង សម្រាប់​ស្រោចស្រព​លើ​ដំណាំ​។ ក្នុងការ​ធ្វើ​ជី​កំ​ប៉ុ​ស្ត​លោកអ្នក​ត្រូវមាន​គ្រឿងផ្សំ​ដូចជា ស្ករត្នោត​, លាមក​មាន់​, កូន​ត្រី​, ទឹកនោមគោ​, ស្លឹក​ស្ដៅ​, ទន្ទ្រានខែត្រ​ស្រស់ និង​កាកសំណល់​ផ្ទះបាយ​។​


 
​ក្នុងការ​ផ្សំ​គ្រឿង​សម្រាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត​លោកអ្នក​ត្រូវមាន ស្ករត្នោត​ចំនួន ៣​គីឡូក្រាម​, លាមក​មាន់​ចំនួន ១០​គីឡូក្រាម​, កូន​ត្រី ២៤​គីឡូក្រាម​, ទឹកនោមគោ ៥​លីត្រ​, ស្លឹក​ស្ដៅ និង​ទន្ទ្រានខែត្រ​ស្រស់​ចិញ្ច្រាំ​ឲ្យ​ម៉ត់​ចំនួន ១០​គីឡូក្រាម និង​កាកសំណល់​ផ្ទះបាយ​។ បន្ទាប់ពី​មាន​គ្រឿងផ្សំ​គ្រប់ ត្រូវយក​ដាក់​លាយ​បញ្ចូល​គ្នា​ក្នុង​ពាង​ចំណុះ ៣០០​លីត្រ និង​បន្ថែម​ទឹក​ធម្មតា​ឲ្យ​ពេញ​ពាង រួច​បិទ​គម្រប​ឲ្យ​ជិត​ទុក​ក្រោម​ដើមឈើ​រយៈពេល ២-៣​ថ្ងៃ​កូរ​ម្ដង​។​
 
​បន្ទាប់ពី​ផ្សំ​បាន​រយៈពេល ២០-៣០​ថ្ងៃ លោកអ្នក​អាច​យកទៅ​ប្រើប្រាស់​បាន​លើ​ដំណាំ​គ្រប់​ប្រភេទ​។ ក្នុង​ការប្រើ លោកអ្នក​ត្រូវ​ប្រើ​តាម​ដំណាក់កាល​នៃ​ដំណាំ​ផងដែរ​។ ដំណាក់កាល​ទី​១ បើ​ប្រើ​ជាមួយ​ប្រភេទ​ស្ពៃ គឺ​ប្រើ​នៅពេល​ស្ទូង​កូន​ដំណាំ​បាន ១​សប្ដាហ៍ ដាក់​ជី​កំ​ប៉ុ​ស្ត​ទឹក​ត្រឹម​ចំនួន ០.៣​លីត្រ ជាមួយ​ទឹក​ធម្មតា​ចំនួន ១០​លីត្រ រួច​ស្រោច​លើ​ដំណាំ​។​
 
​ក្នុងដំណាក់កាល​ទី​២ នៅពេល​កូន​ដំណាំ​ស្ទូង​បាន​ចំនួន ១០​ថ្ងៃ ត្រូវ​ប្រើ​ជី​កំ​ប៉ុ​ស្ត​ទឹក​ចំនួន ០.៥​លីត្រ​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ១០​លីត្រ រួច​ស្រោច​ទៅលើ​កូន​ដំណាំ​រយៈពេល ៣​ថ្ងៃ​។ ក្រោយ​កូន​ដំណាំ​ស្ទូង​បាន ១៩​ថ្ងៃ​គឺជា​ដំណាក់កាល​ទី​៣ ដែល​ត្រូវ​លាយ​ជី​កំ​ប៉ុ​ស្ត​ទឹក​ចំនួន ០.៧​លីត្រ ជាមួយ​ទឹក​ធម្មតា ១០​លីត្រ រួច​ស្រោច​លើ​ដំណាំ​រយៈពេល ២​ថ្ងៃ​ម្ដង​។ 
​សូមបញ្ជាក់ថា លោកអ្នក​ត្រូវ​ផ្អាក​ស្រោច​ជី​កំ​ប៉ុ​ស្ត​ទឹក​នេះ មុនពេល​ប្រមូល​ផល​ចំនួន ៧​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​គុណភាព​ដំណាំ ឬ​សុខភាព​អ្នក​បរិភោគ​៕
 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 ជី​កំ​ប៉ុ​ស្ត​ទឹក​
  កសិកម្ម​
  ដំណាំ​
© រក្សាសិទ្ធិដោយ thmeythmey.com