ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទិវា​សិទ្ធិមនុស្ស​៖ HRW ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា​
10, Dec 2019 , 10:19 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧១ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បានចេញ​សេចក្តីថ្លែងការណ៍​ទទូច​ជាថ្មី​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លើកឡើងថា សហភាព​អឺរ៉ុប ក៏​គួរតែ​ជួយ​ជំរុញ​ឲ្យ​មានការ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ផងដែរ​។ 


 
​សេចក្តីថ្លែងការណ៍ មាន​សរសេរ​ពីស​ម្តី​របស់លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី យ៉ាង​ដូច្នេះ​ថា​៖«​ការចោទប្រកាន់​លោក កឹម សុខា គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ដើម្បី​វាយប្រហារ​លើ​ក្រុមប្រឆាំង​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែ​បង្ហាញ​ដល់​សហភាព​អឺរ៉ុប​ថា គាត់ បាន​ត្រៀមខ្លួន​បញ្ចប់​ការបង្ក្រាប​សំឡេង​ប្រឆាំង​»​។ 
 
​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា បាន​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​មនុស្ស​អន្តរជាតិ​លើក​ទី​៧១​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដោយមាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់​។ 
 
១០​ធ្នូ ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឈប់​សម្រាក​នៅ​កម្ពុជា សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចាប់ពី​ឆ្នាំ​២០២០​ទៅ​។ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ នៅតែមាន​ដដែល​។​
 
​ក្នុង​ទិវា​សិទ្ធិមនុស្ស​នេះ លោក កឹម សុខា ក៏បាន​បញ្ចេញមតិ​ដែរ​។ តាមរយៈ​សំណេ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ចាត់ទុក ការការពារ​សិទ្ធិមនុស្ស ថា​ជាការ​ថែរក្សា​សន្តិភាព​។ លោក សរសេរ​ដូច្នេះ​ថា​៖«​ការរំលោភ​សិទ្ធិមនុស្ស នាំមក​នូវ​ភាពអយុត្តិធម៌ បង្ក​ការឈឺចាប់ បណ្តាល​ឲ្យ​មានការ​រើបម្រះ ហើយ​អាច​នាំមក​នូវ​អស្ថិរភាព​សង្គម ដែលជា​កត្តា​នាំ​ឲ្យ​ប៉ះ​ពល់​ដល់​សន្តិភាព​»​។​
 
​ប្រធាន​អតីត​គណបក្សប្រឆាំង បន្តថា  សង្គម​មួយ មាន​ស្ថិរភាព​ទៅបាន លុះត្រាតែ​មនុស្ស​គ្រប់រូប ទទួលបាន​យុត្តិធម៌ ពោល​គឺមាន​សិទ្ធិសេរីភាព និង​មិន​ត្រូវបាន​គេ​រំលោភបំពាន​។ លោក បាន​ហៅ សិទ្ធិមនុស្ស ថា​ជា​គឺជា​មរតក​របស់​មនុស្ស​ជាតិ ហើយ​វា មិនមែនជា​របស់​ជាតិ​សាសន៍​ណាមួយ​ផ្តាច់មុខ​ឡើយ​។ 
 
​លោក យល់​បែបនេះ​ថា​៖«​ការចូលរួម​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស មិនមែនជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះទេ​។ ហើយ​យើង​ក៏​មិនត្រូវ​ប្រមាថ​ភាពជា​មនុស្ស​របស់​ខ្មែរ ដោយ​លើកឡើងថា សិទ្ធិមនុស្ស​គឺជា​គំនិត​បរទេស​នោះដែរ​។ ក្នុងនាម​ជាម​នុស្ស ខ្មែរ​ត្រូវការ​សិទ្ធិសេរីភាព​»​។  
 
​ក្រោយ​ឆ្លងកាត់​ការ​ស៊ើបសួរ​អស់​២​ឆ្នាំ តុលាការ កំណត់​យក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដើម្បី​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក កឹម សុខា​។ លោក ត្រូវបាន​ចោទ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​៕ 

Tag:
 HRW
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com