អន្តរជាតិ
ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី សម្រេចប្រើប្រាស់យន្តហោះដ្រូនដើម្បីល្បាតព្រំដែនគោក រូបភាព AFP
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Muhyiddin Yassin នៅថ្ងៃទី១០ ខែធ្នូ បានបញ្ជាក់ថា ទីក្រុងគូឡាឡាំពួ និងទីក្រុងហ្សាការតា បានសម្រេចយល់ព្រមប្រើប្រាស់យន្តហោះដ្រូន ដើម្បីត្រួតពិនិត្យព្រំដែន។ ក្រៅពីប្រើប្រាស់យន្តហោះដ្រូន ត្រួតពិនិត្យព្រំដែន ភាគីទាំងពីរក៏បានសហការគ្នា ដើម្បីដោះស្រាយបញ្ហាឆ្លងព្រំដែនផងដែរ។
តាមរយៈការអះអាងរបស់រដ្ឋមន្ត្រីមហាផ្ទៃម៉ាឡេស៊ី Muhyiddin Yassin អនុស្សរណៈយោគយល់គ្នា ស្តីពីពាណិជ្ជកម្ម និងការឆ្លងកាត់ព្រំដែន នឹងត្រូវបានគេសម្រេច និងចុះហត្ថលេខានៅក្នុងឆ្នាំ២០២០។ ក្នុងកិច្ចព្រមព្រៀងមួយនេះ ភាគីទាំងពីរ បានសម្រេចប្រើប្រាស់យន្តហោះដ្រូន ដើម្បីត្រួតពិនិត្យព្រំដែនគោកជាមួយគ្នា។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់អ្នកកាសែត បន្ទាប់ពីជំនួបរវាងរូបលោក និងរដ្ឋមន្ត្រីផ្នែកច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី Yasonna Laoly ។
ពាក់ព័ន្ធនឹងការប្រើប្រាស់យន្តហោះដ្រូននេះ លោករដ្ឋមន្ត្រី Yassin បាននិយាយយ៉ាងដូច្នេះថា៖ « ព្រំដែនគោក រវាងម៉ាឡេស៊ី និងឥណ្ឌូណេស៊ី (សាបា, សារ៉ាវ៉ាក់, កាលីម៉ាន់តាន់) មានប្រវែងច្រើនជាង ១០០០គីឡូម៉ែត្រ។ វាគឺពិបាកណាស់ ក្នុងការត្រួតពិនិត្យ។ ដូច្នេះ វាត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ»។ ប៉ុន្តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីបញ្ហាលំបាកទាំងនោះឲ្យបានច្បាស់លាស់ទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។
ក្រៅពីបញ្ហាខាងលើ ភាគីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏បានសហការគ្នា ក្នុងការទប់ស្កាត់បទឧក្រិដ្ឋមួយចំនួនផងដែរ។ ក្នុងនោះមានដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម។
បន្ថែមពីលើនេះ ទីក្រុងគូឡាឡាំពួ និងហ្សាការតា ក៏កំពុងពិនិត្យមើលកិច្ចព្រមព្រៀងមួយ ដើម្បីបើកផ្លូវឲ្យប្រទេសទាំងពីរ អាចដោះដូរអ្នកទោសទៅវិញទៅមកបានផងដែរ។ ទាក់ទងនឹងបញ្ហានេះ វានៅតែមានឧបសគ្គ ព្រោះឥណ្ឌូណេស៊ី មិនទាន់មានច្បាប់ស្តីពីការដោះដូរអ្នកទោសនៅឡើយទេ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនជាតិម៉ាឡេស៊ី បានជាប់ពន្ធនាគារក្នុងឥណ្ឌូណេស៊ីបានប្រមាណជា ៣០០នាក់ ខណៈពេលជនជាតិឥណ្ឌូណេស៊ី បានជាប់ពន្ធនាគារនៅក្នុងម៉ាឡេស៊ី មានរហូតដល់ ៥០០០នាក់ឯណោះ៕
Tag:
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com