ជាតិ
សម្ដេច ហ៊ុន សែន គិតថាលែងទៅព្យាបាលក្រៅប្រទេស នៅពេលពេទ្យកាល់ម៉ែតធ្វើទំនើបកម្មរួច
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានពិចារណាឈប់ទៅពិនិត្យព្យាបាលនៅក្រៅប្រទេស ដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង នៅពេលមន្ទីរពេទ្យនេះធ្វើទំនើបកម្មរួចរាល់។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅថ្ងៃទី១១ខែធ្នូ។
ប្រសាសន៍សម្ដេច ហ៊ុន សែន ៖
«អ្នកមានលទ្ធភាព ទៅព្យាបាលនៅវៀតណាម នៅថៃ នៅសាំងហ្គាពួ ប៉ុន្តែនៅពេលណាដែលមន្ទីរពេទ្យនេះរៀបចំសព្វគ្រប់ ទៅជាពហុឯកទេស ខ្ញុំកំពុងគិតខ្លួនថា ខ្ញុំបញ្ចប់ការទៅពិនិត្យនិងព្យាបាលនៅខាងក្រៅ ខ្ញុំប្រើប្រាស់អ្នកឯកទេសខ្មែរតែម្ដង ព្រោះនៅមន្ទីរពេទ្យកាល់ម៉ែតមានទីកន្លែងរៀបចំសម្រាប់ តាំងពីព្រះមហាក្សត្រ តាំងពីឥស្សរជននានា»។ នេះជាថ្លែងរបស់ប្រមុខរដ្ឋាភិបាល។ សម្ដេច កន្លងមក បានចេញទៅព្យាបាលនៅប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចេញថវិការដ្ឋ ៣០លានដុល្លារ និងបានរៃអង្គាសថវិកាសប្បុរសជន ដើម្បីសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខារទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គិតត្រឹមថ្ងៃទី៦ធ្នូ ទឹកប្រាក់សប្បុរសជន រួមទាំងថវិការដ្ឋ គឺសរុប ១០០លានដុល្លារ។ រដ្ឋាភិបាលមានបំណងរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព។ មន្ទីរពេទ្យនេះកំពុងសាងសង់អគារថ្មីកម្ពស់១៤ជាន់ (១២ជាន់លើដីនិង២ជាន់ក្រោមដី) ដោយនឹងត្រូវបំពាក់សម្ភារទំនើបទាំងអគារថ្មីនេះ និងអគារចាស់។ សម្ដេចបញ្ជាក់ថា បន្ទប់សង្គ្រោះបន្ទាន់នឹងត្រូវពង្រីកដល់ទៅ៣០បន្ទប់។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលគូសបញ្ជាក់ថា ការពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំពោះប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ បណ្ណសមធម៌ បណ្ណបេឡារបបសន្តិសុខសង្គម នឹងមិនត្រូវបង់កម្រៃនោះទេ។ មន្ទីរពេទ្យដែលជាសហគ្រាសសាធារណៈមួយនេះ យកកម្រៃតែពីអ្នកមានលទ្ធភាព ដើម្បីយកមកទ្រទ្រង់ដំណើរការខ្លួនឯងផ្ទាល់ និងផ្ដល់ប្រាក់ចំណូលមួយផ្នែកជួយដល់វិស័យសុខាភិបាលផង៕
Tag:
ហ៊ុន សែន
កាល់ម៉ែត
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com