អន្តរជាតិ
អាមេរិក​បន្ថែម​ទណ្ឌកម្ម​លើ​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា ខណៈ​អ្នកស្រី ស៊ូ​ជី កំពុង​តតាំង​ក្តី​នៅ​ឡាអេ​
11, Dec 2019 , 2:09 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី​ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេស មានវត្តមាននៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ហូឡង់, រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី​ ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេស មានវត្តមាននៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ហូឡង់, រូបភាព៖ AFP
​អាមេរិក នៅ​ថ្ងៃទី​១០ ខែធ្នូ បានដាក់​ទណ្ឌកម្ម​ទៅលើ​អគ្គមេបញ្ជាការ​យោធា មីន អ៊ុង​ឡាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ជាន់ខ្ពស់​បី​រូប​ទៀត ខណៈពេល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ឡើងទៅ​តតាំង​រឿងក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ទាក់ទង​ទៅនឹង​សំណុំរឿង ឧក្រិដ្ឋកម្ម​ប្រល័យ​ពូ​ជា​សាសន៍​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។


 
​នា​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បើកសវនាការ​ជា​លើកដំបូង ជុំវិញ​ការបង្ក្រាប​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុង​សវនាការ​មួយ​នេះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ដឹកនាំ​ក្រុមការងារ​ដោយផ្ទាល់ ដើម្បី​ទៅ​តតាំង​រឿងក្តី​នៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ​ជាមួយ​ប្រទេស​ហ្គំ​ប៊ី ដែល​តំណាង​ឲ្យ​ក្រុម​ប្រទេស​កិច្ចសហប្រតិបត្តិការ​ឥស្លាម​ទាំង ៥៧​ប្រទេស​។ 
 
អត្ថបទទាក់ទង
 
​ក្នុង​អង្គ​សវនាការ​នាទី​ក្រុងឡាអេ លោក Abubacarr Tambadou រដ្ឋមន្ត្រី​យុត្តិធម៌​ហ្គំ​ប៊ី បាន​ប្រាប់​ចៅក្រម​នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា មី​យ៉ាន់​ម៉ា គួរតែបញ្ឈប់​សកម្មភាព​សម្លាប់​រង្គាល ការប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​របស់ខ្លួន​។ លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ដោយសារតែ​គ្មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ទាំងនេះ មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់ ស្ត្រី​ជាច្រើន​ត្រូវបាន​គេ​បំពាន និង​ក្មេងៗ​ជាច្រើន​បាន​រងគ្រោះ​។ បើតាម​លោក Tambadou មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប ការ​ធ្វើទុក្ខបុកម្នេញ និង​កា​រើស​អើ​ស​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ 
 
​មី​យ៉ាន់​ម៉ា មិនទាន់​បានផ្តល់​សក្ខី​កម្ម​នៅ​ថ្ងៃទី​១០ ខែធ្នូ នៅឡើយ​ទេ ពោលគឺ​ត្រូវ​ចាំ​រហូតដល់​ថ្ងៃទី ១១ ខែធ្នូ​។ បើតាម​គេ​រំពឹងទុក លោកស្រី​ស៊ូ​ជី ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ទំនងជា​សំអាង​ទៅលើ ការអនុវត្ត​ច្បាប់ ដើម្បី​បង្ក្រាប​លើ​ក្រុម​យោធា​រ៉ូ​ហ៊ីង​យ៉ា ដែល​បង្ក​ភាព​អសកម្ម​នៅក្នុង​ប្រទេស និង ភាព​គ្មាន​ដែន​យុត្តាធិការ​របស់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ​លើ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​។​
 
​ស្របពេល​ជាមួយ​អង្គ​សវនាការ​របស់​តុលាការ​ទីក្រុង​ឡាអេ អាមេរិក​បានសម្រេច​ប​ន្ថែ​ម​ទណ្ឌកម្ម​លើ​មេបញ្ជាការ​យោធា មីន អ៊ុង​ឡាំង និង​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ៣​រូប​ទៀត នៅ​ចំ​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​។ តាមរយៈ​ទណ្ឌ​កម្មនេះ អាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ និង​លំហូរ​ហិរញ្ញវត្ថុ​ទាំង​ប៉ុន្មាន ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​ទាំង​បួនរូប​នេះ​។ បើតាម​រដ្ឋមន្ត្រី​រតនា​គារ​អាមេរិក Steven Mnuchin អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ធ្វើ​ទារុណកម្ម ការចាប់​ជំរិត ការរំលោភបំពាន​ផ្លូវភេទ ឧក្រិដ្ឋកម្ម និង​ការបង្ក្រាប​ណាមួយ លើ​ជន​ស៊ីវិល​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា ការ​ឡើងទៅ​តតាំង​រឿងក្តី​របស់លោក​ស្រី ស៊ូ​ជី នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ពេលនេះ គឺមាន​ទាំង​ការគាំទ្រ និង​ការប្រឆាំង​ដោយ​ជនរងគ្រោះ ដែល​អំពាវនាវ​ស្វែ​ករក​យុត្តិធម៌​។ ជាក់ស្តែង​នៅក្នុង​មី​យ៉ាន់​ម៉ា ប្រជាជន​ជាច្រើន បាន​ជួបជុំគ្នា ដើម្បី​សម្តែង​ពី​ការគាំទ្រ ចំពោះ​វត្តមាន និង​សេចក្តីក្លាហាន​របស់លោក​ស្រី ស៊ូ​ជី ក្នុងការ​តតាំង​រឿងក្តី​ជាមួយ​ហ្គំ​ប៊ី​។ ចំណែក​នៅ​ពីមុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​វិញ ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា ៥០​នាក់ បាន​អំពាវនាវ​ឲ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ពួកគេ​។ 
 
​ជាការ​ពិតណាស់ ក្រៅពី​បណ្តឹង​របស់​ប្រទេស​ហ្គំ​ប៊ី មី​យ៉ាន់​ម៉ា​បាន​រង​សម្ពាធ​តាមផ្លូវ​ច្បាប់​ពី​អន្តរជាតិ​ពីរ​បន្ថែមទៀត​។ ក្នុងនោះ​មានដូចជា ក្រុម​សិទ្ធិមនុស្ស​ដាក់ពាក្យ​ប្តឹង​លោកស្រី​ស៊ូ​ជី និង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ក្រោម​«​យុ​ត្តិ​ការ​សកល​» និង​ចុងក្រោយ​គឺ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីសម្រេច បើក​ការស៊ើបអង្កេត​ពេញលេញ​ជុំវិញ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​៕

Tag:
 ​អាមេរិក​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  តុលាការ​យុត្តិធម៌​អន្តរជាតិ​
  ហ្គំ​ប៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com