ជាតិ
សង្គមស៊ីវិល ស្នើរដ្ឋាបាភិបាលពង្រឹងសិទ្ធមនុស្សនិងប្រជាធិបតេយ្យ ដើម្បីឲ្យមានការអភិវឌ្ឍ ការប្រារព្ធទិវាសិទ្ធមនុស្សលើកទី៧១
× អង្គការសង្គមស៊ីវិលនានា បានប្រារព្ធទិវាសិទ្ធមនុស្សអន្តរជាតិលើកទី៧១ ក្នុងគោលបំណងបង្ហាញថា ការអភិវឌ្ឍត្រូវតែមានការគោរពសិទ្ធមនុស្ស ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដែលកម្ពុជាមិនអាចខ្វះបាន។
លោក ណៃ វ៉ង់ដា នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានលើកឡើងថា ការប្រារព្ធទិវាសិទ្ធិមនុស្សលើកនេះ គឺចង់ផ្ដល់សារដល់សារធារណជន និងរដ្ឋាភិបាលថា ការអភិវឌ្ឍ គឺត្រូវតែមានការគោរពសិទ្ធមនុស្ស។ ទិវាសិទ្ធមនុស្សនេះ ត្រូវរៀបចំនៅទីលានប្រជាធិបតេយ្យថ្មី ក្នុងសង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់។
លោក ណៃ វ៉ង់ដា នាយកប្រតិបត្តិនៃអង្គការ Chrac
លោកស្រី ម៉ម ស៊ីថា ប្រធានគគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ (CIACC) អង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាល ពិចារណាពីការគោរពសិទ្ធមនុស្ស និងធ្វើឲ្យប្រជាធិបតេយ្យដំណើរការឡើងវិញ ស្របតាមគោលការសហគមន៍អឺរ៉ុប។
លោកស្រី ម៉ម ស៊ីថា នាយិកាអង្គការ CIACC (រូបពីគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម ស៊ីថា)
អ្នកស្រី បញ្ជាក់ដូច្នេះថា៖«[យើង] ស្នើឲ្យរដ្ឋាភិបាលកែតម្រូវសិទ្ធិមនុស្ស ឬប្រើប្រាស់មធ្យោបាយគ្រប់គ្រងប្រកបដោយការគោរពសិទ្ធិមនុស្ស ជាពិសេសក្នុងបរិយាកាសសិទ្ធិមនុស្សចុងក្រោយនេះ»។
លោកស្រី ចាន់ រ៉ាមី នាយិកាប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សសព្វថ្ងៃ គឺមានការធ្លាក់ចុះ។ លោកស្រី បានលើកជាទឡ្ហីករណ៍មួយមកបញ្ជាក់ថា យុវជន ពិបាកក្នុងការធ្វើសកម្មភាពតាមមូលដ្ឋានរបស់ខ្លួន។
លោកស្រី ចាន់ រ៉ាមី នាយិកាអង្គការ YRDP
លោកស្រី បន្ថែមថា កម្ពុជា មានគោលនយោបាយអភិវឌ្ឍយុវជន ដោយផ្តល់ឱកាសឲ្យពួកគេ ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប៉ុន្តែ ពួកគេ តែងតែមានការសួរនាំផ្សេងៗ ដូចជា អាជ្ញាធរ សួរថា មានការអនុញ្ញាត ឬមានលិខិតចុះបញ្ជីដែរឬទេ?
លោកស្រី មានប្រសាសន៍ដូច្នេះថា៖«បរិយាកាស ដែលយុវជនទទួលបាន គឺគ្មានការគាំទ្រ»។ លោកស្រី និយាយថា អង្គការសង្គមស៊ីវិល ចង់ឲ្យរដ្ឋបាលធានាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិ និងប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដើម្បីចូលរួមអភិវឌ្ឍប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com