អន្តរជាតិ
លោក​មហា​ធៀ​៖ តំណែង​នាយករដ្ឋមន្ត្រី​នៅតែ​ត្រូវ​ឲ្យ​លោក​អាន់​វ៉ា តែ​ក្រោយ​ខែវិច្ឆិកា ២០២០
11, Dec 2019 , 7:19 pm        
រូបភាព
​លោក មហា​ធៀ មហាម៉ាត់ នៅតែ​ប្រកាន់​ពាក្យសម្ដី​ពាក់ព័ន្ធ​រឿង​ផ្ទេរតំណែង​ឲ្យ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដោយ​មិនមាន​ប្រែប្រួល​ឡើយ ប៉ុន្តែ​រឿងនេះ​មិនអាច​កើតឡើង​មុន​ខែវិច្ឆិកា ឆ្នាំ​២០២០​នោះទេ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១០ ខែធ្នូ លោក មហា​ធៀ បញ្ជាក់ថា អ្វីដែល​បាន​សន្យា​ហើយ នៅតែ​ត្រូវអនុវត្ត​ដដែល តែ​រឿង​ដែលមាន​អ្នក​មិន​ពេញចិត្ត​បេក្ខភាព​របស់លោក អាន់​វ៉ា នោះ លោក​មិនដឹង​អ្វី​ទាំងអស់​។

 
​រឿង​ផ្ទេរអំណាច នៅតែ​ជា​ប្រធានបទ​ក្ដៅ​នៅ​ម៉ាឡេស៊ី បើទោះជា​មានការ​ធានា​ម្ដង​ជា​ពីរដង​ពី​សំណាក់​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ក្ដី​។ ក្រោម​កិច្ចព្រមព្រៀង​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ដែល​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៨ គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក មហា​ធៀ ត្រូវ​ដឹកនាំ​ប្រទេស​រយៈពេល​យ៉ាងហោចណាស់​ពីរ​ឆ្នាំ រួច​ទើប​ប្រគល់​តំណែង​ទៅ​ឲ្យ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលជា​ប្រធាន​បក្ស​ធំ​ក្នុង​សម្ព័ន្ធភាព​ដឹកនាំ​ប្រទេស​។ 
 
​លោក មហា​ធៀ បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក​នៅតែ​គោរ​ពាក្យសន្យា​ខាងលើ​ឥត​ងាករេ​ឡើយ​។ ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​រដ្ឋបាល​ពូ​ត្រា​ចា​យ៉ា នាយករដ្ឋមន្ត្រី​រូបនេះ​អះអាងថា លោក នឹង​ចុះ​ចេញពី​តំណែង ហើយ​ប្រគល់​ញញួរ (​អំណាច​) ឲ្យ​លោក អាន់​វ៉ា​។ យ៉ាងណាមិញ លោក មហា​ធៀ ក៏​ឆ្លៀត​និយាយ​ដល់​រឿងចម្រូងចម្រាស់​ក្នុង​ផ្ទៃក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ជុំវិញ​ការដណ្ដើម​តំណែង​អ្នក​បន្តវេន​នេះ​។​
 
​ទោះ​លោក អាន់​វ៉ា ជា​អ្នក​ត្រូវ​ស្នង​តំណែង​មែន មាន​អ្នកខ្លះ​សង្ស័យថា តំណែង​នាយករដ្ឋមន្ត្រី​អាច​ធ្លា​ក់លើ​លោក អា​ស្មី​ន អា​លី រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច និង​ជាម​នុស្ស​ជិតស្និទ្ធ​នឹង​លោក មហា​ធៀ ផ្ទាល់​។ បច្ចុប្បន្ន លោក អាន់​វ៉ា និង​លោក អា​ស្មី​ន ក៏​កំពុង​មិនត្រូវ​គ្នា​ផងដែរ ខណៈ​លោក អាន់​វ៉ា ក៏​រង​ការចោទប្រកាន់​ពីបទ​បំពាន​ផ្លូវភេទ​លើ​អ​តី​បុគ្គលិក​របស់ខ្លួន​។ ករណីនេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ប៉ុនប៉ង​បង្អាក់ដំណើរ​របស់លោក អាន់​វ៉ា ។​
 
«​ប្រសិនបើ​មាន​អ្នក​មិន​ពេញចិត្ត​គាត់ នោះ​ជា​រឿង​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​នឹង​បំពេញ​តាម​ពាក្យសន្យា ទោះ​មានការ​ចោទប្រកាន់​អ្វី​ក៏ដោយ​។ ខ្ញុំ​បាន​សន្យា​។ ខ្ញុំ​រក្សា​សន្យា​។​» នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ ដែល​ធ្លាប់ជា​គូប្រជែង​នយោបាយ​របស់លោក អាន់​វ៉ា ។ 
 
​ដ្បិត​រក្សា​សម្ដី​រឿង​ផ្ទេរអំណាច​មែន លោក មហា​ធៀ ក៏​បញ្ជាក់ដែរថា ការ​ចុះចេញ​របស់លោក នឹង​មិនអាច​កើតឡើង​នៅពេល​ខាងមុខ​ឡើយ​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក​នឹងមិន​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​នេះ​មុន​ជំនួប​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០​ឡើយ​។ សម្រាប់​លោក ការដោះដូរ​តំណែង​បែបនេះ មិនល្អ​សម្រាប់​ជំនួប APEC ឡើយ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
© រក្សាសិទ្ធិដោយ thmeythmey.com