នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ពលរដ្ឋ​ដាំ​ដំណាំ ជំនួស​ការធ្វើ​ស្រែប្រាំង​លើក​ទី​២
ជាតិ
នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ពលរដ្ឋ​ដាំ​ដំណាំ ជំនួស​ការធ្វើ​ស្រែប្រាំង​លើក​ទី​២
11, Dec 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល ស្នើឱ្យ​ពលរដ្ឋ​ដាំ​ដំណាំ ជំនួស​ការធ្វើ​ស្រែប្រាំង​លើក​ទី​២ ដើម្បី​កុំ​ឲ្យ​ខាតបង់​ថវិកា​ធ្វើស្រែ និង​រក្សាទុក​ទឹក​ប្រើប្រាស់ ស្របពេល​កម្ពុជា​នឹង​ជួប​គ្រោះរាំងស្ងួត​នាពេលខាងមុខ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នៅ​ព្រឹក​ថ្ងៃទី ១១ ធ្នូ​។​


 
«​ធ្វើស្រែ​ប្រាំង​តែម្ដង​បាន​ហើយ ឯ​(​ស្រែប្រាំង​)​លើក​ទី​២ គួរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ដែល​ប្រើប្រាស់​ទឹក​តិចជាង​»​។ នេះ​ជា​លើកឡើង​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជាក់ថា បើ​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​នោះ នឹង​ជួប​បញ្ហា​ខ្វះខាត​ទឹក ក្នុងការ​ស្រោចស្រព​ស្រូវ​របស់​ពួកគេ​។ បើតាម​សម្ដេច ដីស្រែ​មួយ​ហិកតា ត្រូវការ​ទឹក​ប្រមាណ​១​ម៉ឺន​២​ពាន់​ម៉ែត្រគូប​។ 



 
​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​បាតុភូត អែល​នី​ណូ បណ្ដាល​ឲ្យ​មាន​ភាព​ក្ដៅ​ហួតហែង​ខ្លាំង គួបផ្សំ​រដូវវស្សា​មក​ដល់​យឺត ហើយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា ដែល​ធ្វើឱ្យ​របប​ទឹកទន្លេ​មេគង​មានការ​ប្រែប្រួល​ខ្លាំង ។ ជាពិសេស​ជំនន់​កន្លងមក មានតែ​មួយ​លើក ហើយ​ស្រក​ចុះ​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត ដែល​មិន​ធ្លាប់​ជួបប្រទះ​។​
 
​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ បាតុភូត អែល នី​ណូ បាន​ថយឥទ្ធិពល​បណ្ដើរៗ ធ្វើ​ឲ្យ​អាងទឹក​រក្សា​ទឹក​ទុក​បាន​១០០​ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ យ៉ាងណាក៏ដោយ បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស់​ទឹក ត្រូវតែ​ចាត់ទុកជា​អាទិភាព សម្រាប់​ស្រូវធ្ងន់​ចុងវស្សា និង​ស្រូវ​រដូវប្រាំង​២០១៩​ដល់​២០២០ ។ ជាពិសេស​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូតដល់​មាន​ភ្លៀង​ថ្មី​។ នេះ​បើតាម​រដ្ឋាភិបាល​៕ 

Tag:
 សម្ដេច ហ៊ុន សែន​
  ស្រែប្រាំង​
  រាំងស្ងួត​
© រក្សាសិទ្ធិដោយ thmeythmey.com