អន្តរជាតិ
បក្ស​ប្រជាធិបតេយ្យ បង្ហាញ​បទ​ចោទ​ពីរ​ប្រឆាំង​លោក ត្រាំ
11, Dec 2019 , 8:19 pm        
រូបភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតី ដូណាល់ ត្រាំ (AFP)
ដោយ:
​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១០ ខែធ្នូ បានបង្ហាញ​មាត្រា​ចំនួន​ពីរ​នៃ​បទចោទប្រកាន់ (Impeachment) ប្រឆាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ មាត្រា​ទាំងពីរ​ដែល​ចោទ​លោក ត្រាំ ថា រំលោភ​អំណាច និង​រារាំង​នីតិវិធី​របស់​សភា (Congress) គឺ​ផ្អែក​ទាំងស្រុង​លើ​រឿងអាស្រូវ​អ៊ុយ​ក្រែ​ន ។

 
​បើតាម​ការប្រកាស​ជា​ផ្លូវការ​របស់​ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​សភា​តំណាង លោក Jerry Nadler លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រព្រឹត្ត «​បទល្មើស​តូចធំ (High Crimes and Misdemeanours)» ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​។ ត្រង់នេះ លោក ដាក់ចេញ​មាត្រា​ចំនួន​២ ដែល​ក្នុងនោះ ការចោទប្រកាន់​ទី​១​គឺ លោក ត្រាំ បាន​អនុវត្ត​អំណាច​ប្រធានាធិបតី​ដើម្បី​បាន​ផលចំណេញ​ផ្ទាល់ខ្លួន ខណៈ​មិន​ខ្វាយខ្វល់ ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ២០២០​។ 
 
​ការចោទប្រកាន់​ទី​២​គឺ នៅពេល​ត្រូវបាន​ចាប់កំហុស​បាន​, នៅពេល​សភា​តំណាង​បាន​បើក​ការស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​នោះ លោក​ត្រាំ​បាន​ព្យាយាម​រារាំង​ដំណើរការ​របស់​សភា​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Nadler បញ្ជាក់ថា លោក ត្រាំ យល់ឃើញថា​ខ្លួន​លោក​ឈរ​នៅលើ​ច្បាប់ ហើយ​សហរដ្ឋអាមេរិក ត្រូវ​ធានាថា គ្មាន​នរណាម្នាក់​សម្បី​តែ​ប្រធានាធិបតី អាច​ឈរ​នៅលើ​ច្បាប់​នោះទេ​។ 
 
​ប្រសិនបើ​គណៈ​ម្មា​ធិ​ការ​យុត្តិធម៌​សភា​តំណាង សម្រេច​បោះឆ្នោត​អនុម័ត​មាត្រា​ទាំងពីរ ដែល​គ្រោង​ធ្វើឡើង​ក្នុង​សប្តាហ៍​នេះ មាត្រា​នៃ​បទ​ប្រកាន់​លើ​លោក​ត្រាំ​នេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​កាន់​សភា​តំណាង​ដើម្បី​បោះឆ្នោត​ពេញអង្គ​។ បន្ទាប់មក ប្រសិនបើ​ពួកគេ ត្រូវបាន​អនុ​ម័​យ​ដោយ​សភា​តំណាង​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ការជំនុំជម្រះ (Trial) ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ នឹង​រៀបចំឡើង ហើយ​ពេលវេលា​ដែល​អាចទៅរួច​គឺ​នៅ​ដើមឆ្នាំ​២០២០​។ 
 
​សូមបញ្ជាក់ថា ដំណើរការ​នៃ​ការចោទប្រកាន់ ដែល​អាច​ឈានដល់​ការដកហូត​តំណែង​ប្រធានាធិបតី​នេះ បានធ្វើ​ឡើង​ក្រោយ​មន្ត្រី​ចារកិច្ច​អាមេរិក​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ (whistleblower) បានដាក់​ពាក្យបណ្តឹង​ទៅ​សភា​ក្នុង​ខែកញ្ញា អំពី​ការជជែក​គ្នា​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ អំឡុង​ការជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ​ក្នុង​ខែកក្កដា​នេះ លោក ត្រាំ បានដាក់​សម្ពាធ​លោក Zelensky បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ​ម្នាក់​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ ដោយ​ភ្ជាប់​ទៅនឹង​ជំនួយ​យោធា​៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  បទចោទប្រកាន់
© រក្សាសិទ្ធិដោយ thmeythmey.com