កីឡាជាតិ
ជាតិ
​លោក Felix ណែនាំ​កីឡាករ​ឲ្យ​ចាប់យក​ការអភិវឌ្ឍ​សមត្ថភាព​ជំនួស​ការឈឺចាប់​
11, Dec 2019 , 8:39 pm        
រូបភាព
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា, រូបភាពពី FFC
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា, រូបភាពពី FFC
ដោយ:
​ទោះបី​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ខកខាន​ទទួលបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ក៏ដោយ តែ​លោក Felix Dalmas មិន​ឈឺចាប់​នោះទេ​។ តែ​អ្វីដែល​សំខាន់​សម្រាប់ លោក គឺ​កីឡាករ​ត្រូវ​ចេះ​ប្រើ​ភាព​ឈឹ​ចាប់ពី​ការបរាជ័យ​ទៅ​អភិវឌ្ឍ​សមត្ថភាព​។ គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​ជឿជាក់ថា កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ក្រោយៗ បើសិន​កីឡាករ​ម្នាក់ៗ​ខិត​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​។

 
​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ហាក់​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ក្រុម ជាជាង​លទ្ធផល​។ សម្រាប់ លោក ទោះបី​ក្រុម U22​កម្ពុជា​មិន​ទទួលបាន​មេដាយ​ពី​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​ក៏ពិតមែន តែ​លោក​មិន​ឈឺចាប់ និង​សោកស្តាយ​ឡើយ​។ អ្វីដែល​សំខាន់ គឺ​លោក​ចង់ឃើញ​ការអភិវឌ្ឍ​របស់​កីឡាករ​កម្ពុជា​។     
 
«​យើង​ត្រូវ​ចេះ​ឈឺចាប់ កុំ​ឲ្យ​ភាពឈឺចាប់​នឹង​កើតឡើង​ក្នុង​ជីវិត​យើង​ម្តងទៀត​។ ខ្ញុំ​មិន​សោកស្តាយ​ទេ តែ​ត្រូវ​ចេះ​ប្រើ​ភាពឈឺចាប់​ធ្វើជា​ភ្លើងកំហឹង​ជំរុញ​ឲ្យ​យើង​ខិតខំ​ទៅមុខទៀត​។ យើង​នៅចាំ​ទេ​ពេល​ចាញ់​វៀតណាម បើសិន​យើង​អាច​ផ្លាស់ប្តូរ​ទម្លាប់ និង​ចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ គឺ​ប្រសើរ​ជាង​ឈ្នះ​មេដាយ​ទៅទៀត​»​។ លោក Felix Dalmas លើកឡើង​បែបនេះ​ពេល​ជួបជុំគ្នា​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុម​កីឡាករ U22 ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ក្រោយ​ជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា​។ 
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​អះអាងថា លោក​ពិត​ជាមាន​មោទកភាព​មែនទែន ដែល​បាន​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​បាន​ដឹកនាំ​ក្រុម U22 ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​បន្ត​ខិត​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ​លើក​ក្រោយៗ​ទៀត​។ លោក​ជឿជាក់ថា ក្រុម​កីឡាករ​កម្ពុជា​នឹង​អាច​នាំយក​ជ័យលាភី​ពី​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ បើសិន​ពួកគេ​មិន​បាក់​ទឹកចិត្ត ហើយ​បន្ត​ការប្រឹងប្រែង​របស់ខ្លួន​។ 
 
​ជាមួយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទម្រង់​លេង និង​លទ្ធផល​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ លោក Felix Dalmas ដាស់តឿន​ឲ្យ​កីឡាករ​គ្រប់រូប ពិនិត្យ​សកម្មភាព​ប្រកួត​ឡើងវិញ ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​មក​កែតម្រូវ​។ លោក​ជឿជាក់ថា កម្ពុជា​នឹង​បោះជំហាន​ទៅមុខ បើ​កីឡាករ​ម្នាក់ៗ​មាន​ស្មារតី និង​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​។​
 
​គ្រូបង្វឹក​រូបនេះ លើកទឹកចិត្ត​កីឡាករ ពិសេស​កីឡាករ កែវ សុខ​ផេង កុំ​បាក់​ទឹកចិត្ត និង​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែម ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ ទោះបី​មានមតិ​មួយចំនួន​រិះគន់​កីឡាករ កែវ សុខ​ផេង ចំពោះ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល​ក៏ដោយ តែ​លោក Felix បាន​ចេញមក​ការពារ​ថា កីឡាករ​រូបនេះ ដែល​ជួយ​ឲ្យ​កម្ពុជា​ឈានដល់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ជាមួយ​មី​យ៉ាន់​ម៉ា​។ 
 
​ភ្លាមៗ​ក្រោយ​ទាត់​ប៉េ​ណា​ល់​ទី​ចុងក្រោយ​មិនបាន​សម្រេច ខ្សែប្រយុទ្ធ កែវ សុខ​ផេង បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​«​កំហុស​គ្រប់យ៉ាង​មកពី​រូបខ្ញុំ​»​។ បន្ថែម​លើ​ការបង្ហាញ​ការសោកស្តាយ សុខ​ផេង បាន​សុំទោស​គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​មិត្ត​រួម​ក្រុម​ចំពោះ​កំហុស ដែល​កើតឡើង​ដោយ​អ​ចេតនា​នេះ​ផងដែរ​។ 
 
​ពេល​ជួបជុំ​ជាមួយ​គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​មិត្ត​រួម​ក្រុម​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ក្រោយ​ជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​សុំទោស​អ្នក​ទាំងអស់គ្នា​ចំពោះ​កំហុស​ដដែលៗ លើក​ក្រោយ​ខ្ញុំ​នឹង​កែ ខ្ញុំ​សុំទោស​លោកគ្រូ និង​មិត្ត​រួម​ក្រុម​ទាំងអស់​ដែលមាន​កំហុស​ដដែល​»​។​
 
​ការធ្វើ​មិនបាន​សម្រេច​ក្នុងការ​ស៊ុត​ប៉េ​ណា​ល់​ទី​ជា​បន្តបន្ទាប់​ក្នុងជំនួប​ជាមួយ​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធ សុខ​ផេង ត្រូវបាន​មតិ​មួយចំនួន​តូច​រិះគន់​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រវត្តិ​គ្រួសារ​។ តែ​អ្នកគាំទ្រ​បាល់ទាត់​ពិតប្រាកដ មិន​ត្រឹមតែ​មិន​ស្តីបន្ទោស​នោះទេ ថែមទាំង​លើកទឹកចិត្ត​ឲ្យ​រូបគេ​បន្ត​ខិតខំ​ប្រឹងប្រែង​ទៀតផង​។ 
 
​នា​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS) នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​អ្នកតាមដាន​កីឡាបាល់ទាត់​ម្នាក់ ក៏បាន​លើកទឹកចិត្ត​ដល់ កែវ សុខ​ផេង ផងដែរ​។ សម្តេច​បានបង្ហាញ​ការហួសចិត្ត ដែល​កីឡាករ​រូបនេះ ត្រូវបាន​រង​ការស្តីបន្ទោស និង​លាប​ពណ៌​ពី​សំណាក់​អ្នកគាំទ្រ​មួយ​ក្តាប់​តូច ដោយសារ​រឿង​ទាត់​ប៉េ​ណា​ល់​ទី​មិន​ចូល​។ 
 
«​ពី​ពី​ម្សិលមិញ​(​ថ្ងៃ​អង្គារ​)​ខ្ញុំ​បាន​ចូលទៅ​កាន់​ផេ​ក ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្មួយ កែវ សុខ​ផេង​។ ប៉ុន្តែ​ចូលទៅ​អត់​ឃើញ ឃើញតែ​ថ្មីៗ​(​សារព័ត៌មាន​ថ្មី​)​បានសរសេរថា សុខ​ផេង បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​«​អ្វីៗ​ជា​កំហុស​របស់ខ្ញុំ​» ដូច្នេះ​ខ្ញុំ​ចង់​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​នឹង​(​កែវ សុខ​ផេង​) ដើម្បី​ផ្តល់​មតិយោបល់​(Comment)​ថា កុំ​ឲ្យ​បាក់​ទឹកចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​។ 
 
​ជាមួយ​ការលើកទឹកចិត្ត​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​រូបនេះ​បាន​ឆ្លៀត​ថ្លែង​ការពារ​កីឡាករ កែវ សុខ​ផេង ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​និយាយ​ការពារ​ដោយ​ត្រង់ នៅពេល​កីឡាករ​បាល់ទាត់​យើង​ទាត់​ចាញ់​វៀតណាម បែរជា​ចោទ​កីឡាករ កែវ សុខ​ផេង ថា​ជា​កូន​របស់​វៀតណាម នេះ​ជា​រឿង​អកុសល​បំផុតៗ នៅពេល​ទាត់​ឈ្នះ​ម៉ាឡេស៊ី កែវ សុខ​ផេង ជា​វីរៈបុរស នៅពេល​ចាញ់​វៀតណាម​ថា សុខ​ផេង ជា​កូន​មាន​ម្តាយ​វៀតណាម​»៕ 

Tag:
 ​បាល់ទាត់​
  Felix Dalmas
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com