អន្តរជាតិ
លោក ណាជីប សារភាពថាទិញនាឡិកាតម្លៃ១១ម៉ឺនដុល្លារលួងចិត្តប្រពន្ធ លោក ណាជីប និងភរិយា ក្នុងឆ្នាំ២០១៨ (Malay mail)
× អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បញ្ជាក់ថា លោកបានទិញនាឡិកាប្រណីតតម្លៃ ១១២ ០៧០ដុល្លារ ជូនដល់ភរិយាលោកដើម្បីលួងចិត្ត បន្ទាប់ពីលោកស្រូតមកប្រទេសវិញខណៈកំពុងស្ថិតក្នុងពេលវិស្សមកាលគ្រួសារ។
ឆ្លើយបំភ្លឺក្នុងអង្គជំនុំជម្រះសំណុំរឿងពុករលួយរបស់លោក នៅថ្ងៃទី១០ ខែធ្នូ លោក ណាជីប បានសារភាពថា លោក បានទិញនាឡិកាម៉ាក Chanel នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងរដ្ឋហាវ៉ៃ មុនពេលលោកប្រញ៉ាប់ប្រញាល់ត្រលប់មកកាន់ប្រទេសម៉ាឡេស៊ីវិញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ធ្ងន់ធ្ងរក្នុងរដ្ឋ Kelantan ។ អំណោយនេះ ត្រូវបានជ្រើសរើសដោយភរិយាលោកផ្ទាល់តែម្តង គឺអ្នកស្រី Rosmah Mansor ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោក ណាជីប បកស្រាយថា ជាធម្មតា លោកនឹងនៅដើរកម្សាន្តជាមួយគ្រួសារលោក ចន្លោះពី១០ថ្ងៃទៅ២សប្តាហ៍ ក៏ប៉ុន្តែលោកត្រូវត្រលប់មកវិញប្រទេសវិញយ៉ាងទាន់ហន់នៅឆ្នាំនោះ។ លោក និយាយដូច្នេះ៖«គ្រួសារខ្ញុំ មិនសប្បាយចិត្តឡើយ ព្រោះតែខ្ញុំត្រូវទុកពួកគេចោល ហើយត្រលប់ទៅកាន់ម៉ាឡេស៊ីភ្លាមៗ ទោះជាកំពុងស្ថិតក្នុងថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ ដោយមានបំណងប្រារព្ធពិធីខួបកំណើតភរិយាខ្ញុំ […] ក្រោយមកខ្ញុំបានសម្រេចចិត្តទិញរបស់អ្វីមួយតាមក្តីបំណងនាង»។
តុលាការជាន់ខ្ពស់របស់ម៉ាឡេស៊ី បានបញ្ជាលោកណាជីបចូលខ្លួនការពារក្តី ពាក់ព័ន្ធបទចោទប្រកាន់ចំនួន៧នៃការចាត់ចែងលុយមូលនិធិអន្តរជាតិ SRC ប្រមាណ១០លានដុល្លារ ហើយផ្ទេរលុយទាំងនេះចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។ បទចោទប្រកាន់ទាំងនេះ គឺរួមមាន បំពានទំនុកចិត្ត៣ករណី, លាងលុយកខ្វក់៣ករណី និងរំលោភអំណាច១ករណី ដែលពាក់ព័ន្ធនឹងសំណុំរឿងថវិកាមូលនិធិ SRC ដែលជាផ្នែកនៃមូលនិធិរដ្ឋ 1MDB ។ លុយយ៉ាងច្រើនសន្ធឹកដែលលួចចេញពីមូលនិធិរដ្ឋ 1MDB នេះ ដោយអតីតនាយករដ្ឋមន្ត្រី ណាជីប និងគ្នីគ្នា ត្រូវបានយកទៅចំណាយលើអចលទ្រព្យថ្លៃកប់ពពក, នាវាប្រណីត (Yacht) និងគ្រឿងអលង្ការជាដើម។
ម្យ៉ាងទៀត កាលពីចន្ទដើមសប្តាហ៍នេះ លោក ណាជីប បានពន្យល់ពីការទិញគ្រឿងអាលង្ការនៅហាងទំនិញមួយ ក្នុងប្រទេសអ៊ីតាលី។ ដោយស្រង់សម្តីពីសារព័ត៌មាន Malay Mail លោក អះអាងថា លោកបានទិញអំណោយតម្លៃ ៧៨,៨ម៉ឺនដុល្លារ ក្នុងថ្ងៃ៨ ខែសីហា ២០១៤ ជូនដល់ភរិយារបស់នាយករដ្ឋមន្ត្រីកាតា។ លោកបានទិញអំណោយនេះ អំឡុងដំណើរកម្សាន្តឯកជនមួយជាមួយគ្រួសារលោក ហើយអំឡុងដំណើរកម្សាន្តនេះ លោក បានជួបជាមួយសមភាគីកាតា។ នៅមុខតុលាការ លោក ណាជីប បកស្រាយថា អំណោយនេះ គឺជាការជូនត្រលប់ទៅវិញនូវអំណោយដែល លោកនាយករដ្ឋមន្ត្រីកាតា និងភរិយា បានជូនដល់លោក និងភរិយាលោក គឺអ្នកស្រី Rosmah អំឡុងទស្សនកិច្ចពួកគេនៅម៉ាឡេស៊ី។
លោក បន្តទៀតថា លោកបានប្រើប្រាស់លុយឯកជនលោក ដើម្បីទិញអំណោយ ដ្បិតថាលោកមិនចង់ប្រើថវិការដ្ឋ ហើយអំណោយនេះ គឺផ្តល់ផលចំណេញដល់ម៉ាឡេស៊ី តាមរយៈការរក្សាចំណងទាក់ទងល្អ ជាមួយមេដឹកនាំបរទេស។
សូមបញ្ជាក់ថា សម្ព័ន្ធភាពរបស់លោក ណាជីប ត្រូវបានទម្លាក់នៅការបោះឆ្នោតកាលពីឆ្នាំមុន ក្រោយពីកាន់អំណាច៦ទសវត្សរ៍ ហើយកំហឹងសាធារណៈជុំវិញរឿងអាស្រូវនេះ ក៏ជាហេតុផលមួយ នៃបរាជ័យរបស់ពួកគេផងដែរ។ ចាប់តាំងពីអស់តំណែងជានាយករដ្ឋមន្ត្រីមក លោក ណាជីប ត្រូវបានចាប់ខ្លួន ហើយទទួលរងនូវបទចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការលួចលុយជាតិ៕
Tag:
ម៉ាឡេស៊ី
ណាជីប រ៉ាហ្សាក់
1MDB
© រក្សាសិទ្ធិដោយ thmeythmey.com