អត្ថបទ៖ ស៊ីធី
នេះជាឆ្នាំដ៏អស្ចារ្យសម្រាប់ ONE Championship និងជាព្រឹត្តិការណ៍ដ៏ទាក់ទាញក្នុងការប្រកួតជាប្រវត្តិសាស្ត្រ ក្នុងកម្មវិធី ONE Super Series World Title ក្នុងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ONE: MARK OF GREATNESS ដែលរៀបចំនៅសង្វៀន Axiata Arena បានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់មានភាពសប្បាយរីករាយជុំវិញពិភពលោក។
មុនពេលឈានដល់ការប្រកួតនៅឆ្នាំ ២០២០ នេះជាគូប្រកួតចំនួន ៥ គូដែលមិនអាចបំភ្លេចបាននាយប់ថ្ងៃទី ៦ ខែ ធ្នូ ពីប្រទេសម៉ាឡេស៊ី កន្លងទៅ។
#1 Sam-A បង្កើតប្រវត្តិសាស្ត្រថ្មី
អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយពេលឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title ដែល ជាខ្សែក្រវាត់ទើបដាក់ឲ្យប្រកួតលើកដំបូង។ គូប្រកួតរបស់គេ Wang Junguang ឬ “Golden Boy” ជាគូបដិបក្ខដ៏គ្រោះថ្នាក់និងល្អបំផុតមួយ ដែលនាំឲ្យវីរបុរសរបស់ថៃត្រូវបង្ហាញក្បាច់ដ៏អស្ចារ្យនិងប្រើកម្លាំងខ្លាំងៗ។ កីឡាករចិនរូបនេះអាចចេញក្បាច់ដៃ និង ជើងក្នុងពេលរួមគ្នាបានយ៉ាងល្អ។ ហេតុនេះទើបធ្វើឲ្យអ្នកប្រដាល់ជើងចាស់ Sam-A ត្រូវការការពារទាំងកណ្ដាប់ដៃ និង ការទាត់ជើង។ ហើយ វីរបុរសរបស់ថៃ ត្រូវប្រើភាពឆ្លាតវ៉ៃរបស់ខ្លួន ទាំងការពារ និង ការវាយបកដើម្បីយកឈ្នះ «Golden Boy»។ Sam-A បានប្រើកណ្ដាប់ដៃនិងការទាត់ជើងសំដៅ Wang បានយ៉ាងល្អ។ ក្រោយឈ្នះខ្សែក្រវាត់ Sam-A បានក្លាយជាកីឡាករប្រដាល់ដំបូងឈ្នះខ្សែក្រវាត់ពីរក្នុងប្រភេទទម្ងន់ផ្សេងគ្នានៅសង្វៀនអន្តរជាតិ ONE។
#2 ក្បាច់របស់ Ramazanov ពិតគ្រោះថ្នាក់ណាស់
បន្ទាប់ពីការប្រកួត ១៥ នាទី Alaverdi Ramazanov ឬ “Babyface Killer” បានប្រើកណ្ដាប់ដៃប្រកបដោយគុណភាពដើម្បីក្លាយជាកីឡាករទី១ឈ្នះខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship។ កីឡាករវ័យ២៥ ឆ្នាំមកពីរុស្សី ធ្វើបានល្អនៅពីរទឹកដំបូង និងបន្តសកម្មភាពអស្ចារ្យនៅទឹកទី៣។ “Babyface Killer” ជន្លឆ្វេងម៉ាត់ស្ដាំធ្វើឲ្យជើងខ្លាំងកីឡាករចិន Zhang Chenglong ដួលអុកគូថលើក្ដាររេញ។ ហើយពីរទឹកចុងក្រោយ កីឡាករមកពីចិនរឹតែក្ដៅម៉ាស៊ីនដើម្បីដើរចូលស្ដារពិន្ទុវិញ ប៉ុន្តែមិនទាន់ល្អគ្រប់គ្រាន់ឡើយក្នុងការប៉ងផ្ដួល Ramazanov ព្រោះកីឡាកររុស្សីការពារបានល្អ។ ទីបំផុត Ramazanov ក្លាយជាកីឡាកររុស្សីទី១ ឈ្នះខ្សែក្រវាត់ ONE Super Series ពីសង្វៀន ONE Championship។
#3 Stoica នៅតែរក្សាកំណត់ត្រាផ្ដួលដៃគូឲ្យសន្លប់
Andrei Stoica នៅតែសក្ដិសមនឹងឈ្មោះហៅក្រៅ «Mister KO» ព្រោះបានផ្ដួល Anderson Silva មិនដល់ ២នាទីស្រួលបួលផង។ កីឡាកររ៉ូម៉ានី វ័យ ៣២ ឆ្នាំ នៅតែជាកីឡាករខ្លាំងបំផុតក្នុង ប្រជែងខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Championship។ ក្រោយខកខានប្រើកណ្ដាប់ដៃកេវខាងឆ្វេង Stoica បានបំបែកឃុំបានសម្រេចដោយកណ្ដាប់ដៃឆ្វេងមួយដៃធ្វើឲ្យ Silva ងីងើប្រកួតលែងកើតទោះបីជាអាជ្ញាកណ្ដាល Atsushi Onari រាប់ក្ដីក៏មិនអាចបន្តការប្រកួតបានឡើយ។ ដូច្នេះជ័យជម្នះនេះបានទៅលើ “Mister KO” នៅទឹកទី១។
#4 McLaren បន្តឈ្នះ៥លើកជាប់គ្នា
Reece McLarenឬ “Lightning” ឆ្លងកាត់តេស្តសមត្ថភាពឆ្នាំ ២០១៩ យ៉ាងល្អ ហើយគេបានបញ្ចប់ Gurdarshan Mangat ដើម្បីទទួលជ័យជម្នះ៥លើកជាប់គ្នាមុនឆ្លងឆ្នាំថ្មី។ សល់ប៉ុន្មានវិនាទីមុនចប់ទឹកទី១ កីឡាករចំបាប់មកពីអូស្ត្រាលីខិតខំប្រយុទ្ធយ៉ាងខ្លាំង។ ទីបំផុត
ពេល Mangat ព្យាយាមវាយបក McLaren ប្រើល្បឿនយ៉ាងលឿនចូលចាប់ឃ្លេក ហើយគាបយ៉ាងស្អិតដើម្បីបញ្ចប់ឲ្យចុះចាញ់តែម្ដង។
#5 Yoon ទទួលលទ្ធផលអស្ចារ្យមុនបញ្ចប់ឆ្នាំ
កីឡាករ Yoon Chang Min ឬ “The Big Heart” ទទួលលទ្ធផលជាទីគាប់ចិត្តនៅឆ្នាំ ២០១៩ដោយឈ្នះគូប្រកួតនៅទឹកទី២។ នេះជាជ័យជម្នះលើកទី៤របស់កីឡាករកូរ៉េខាងត្បូង ហើយវាជាកំណត់ត្រាល្អឥតខ្ចោះសម្រាប់ឆ្នាំ ២០១៩។ Yoon គ្រប់គ្រងការប្រកួតបានល្អនិងបន្តបែបនេះទៅទឹកទី២។ គេបានធ្វើឲ្យ Rodian Menchavez ទទួលភាពជូរចត់ដោយសារកណ្ដាប់ដៃ និង ជើងឆ្វេង អមដោយជង្គង់ហោះទៀតផង។ ពេលកីឡាករហ្វីលីពីនហត់ “The Big Heart” ហក់ចូលចាប់និងប្រើក្បាច់ឃ្លេផ្ដាច់ឲ្យចុះចាញ់តែម្ដង។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕