ជាតិ
សង្គមជាតិ
អាជ្ញាធរ៖ វៀតណាមភាគច្រើន ដែលទៅរស់នៅលើដី៤០ហិកតា គឺកើតនៅកំពង់ឆ្នាំង និងមានឯកសារស្របច្បាប់
12, Dec 2019 , 10:15 am        
រូបភាព
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំការបម្លាស់ទី ថ្លែងក្នុងន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថតដោយ សែម វណ្ណា
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំការបម្លាស់ទី ថ្លែងក្នុងន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។ ថតដោយ សែម វណ្ណា
ដោយសារការរិះគន់ពីការបង្កើតតំបត់ថ្មីក្នុងខេត្តកំពង់ឆ្នាំង ឲ្យជនជាតិវៀតណាម មិនទាន់ស្ងប់រម្ងាប់ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសនិ្នសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមបកស្រាយ ពីមន្រ្តីខេត្តកំពង់ឆ្នាំងផ្ទាល់។ ក្នុងសន្និសីទនេះ មន្រ្តីខេត្តកំពង់ឆ្នាំង បានចែកចាយរបាយការណ៍ស្តីពីការបង្កើតតំបន់ថ្មីនោះ ដែលមានផ្ទៃដី៤០ហិកតា។



បើតាមរបាយការណ៍ អ្នករស់នៅក្នុងផ្ទះបណ្តែតទឹកលើដងទន្លេសាបខេត្តកំពង់ឆ្នាំង សរុបទាំងអស់ មាន៤,៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ិស្លាម និងវៀតណាម។ របាយការណ៍ បង្ហាញតួលេខលម្អិតថា ខ្មែរ មាន២,០១០គ្រួសារ ស្មើនឹង៩,១៦៨នាក់ ខ្មែរ-អ៊ិស្លាម មាន៧៣គ្រួសារ ស្មើនឹង២៤២នាក់ ឯវៀតណាម មានដល់ទៅ២,៤៨០គ្រួសារ ស្មើនឹង១០,៣១១នាក់។ ពួកគេ នឹងត្រូវចូលទៅរស់នៅលើតំបន់ថ្មីនោះ ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ក្នុងរបាយការណ៍ដូច្នេះថា៖«ចំពោះជនអន្តោប្រវេសន៍វៀតណាមទាំងអស់នេះ ភាគច្រើនកើតនៅខេត្តកំពង់ឆ្នាំងពីសង្គមចាស់។ បច្ចុប្បន្ន ពួកគាត់ មានសំណុំឯកសារ និងលក្ខណៈសម្បត្តិ ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ជាជនអន្តោប្រវេសន៍ ដែលអាចរស់នៅក្នុងប្រទេសកម្ពុជា ដូចប្រទេសនានាលើពិភពលោកដែរ»។

ការផ្លាស់អ្នករស់ទៅលើដងទន្លេ ទៅរស់នៅដីគោក គឺអាជ្ញាធរខេត្តកំពង់ឆ្នាំង ទទួលបានការយល់ព្រមពីថ្នាក់លើ។ ការបម្លាស់ទីនេះ គឺដើម្បីរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមាននិរន្តរភាព ស្របតាមច្បាប់ភូមិបាល, ដើម្បីថែរក្សាបរិស្ថានទន្លេសាប ធនធានធម្មជាតិ និងជីវៈចម្រុះ, ដើម្បីពង្រឹងការថែរក្សាសន្តិសុខ និងសុវត្ថិភាពសាធារណៈ, ដើម្បីចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេសធនធានជលផល។ ទាំងនេះគឺជាហេតុផលរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលលើកឡើងក្នុងរបាយការណ៍។ 

របាយការណ៍ សរសេរថា ពលរដ្ឋខ្មែរ និងខ្មែរ-អ៊ិស្លាម ត្រូវទិញ បើពួកគេចង់ចូលទៅរស់នៅក្នុងតំបន់ថ្មីនោះ។ ចំណែកជនអន្តោប្រវេសន៍វៀតណាម ត្រូវជួល(មិនមានសិទ្ធិទិញ) បើច្បាប់តម្រូវឲ្យជួល។ តាមរយៈរបាយការណ៍ រដ្ឋបាលខេត្តកំពង់ឆ្នាំង សង្កត់ធ្ងន់ដូច្នេះថា៖«មិនមែនរាជរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ឬរដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកដីនេះ ឬធ្វើផ្ទះឲ្យអន្តោប្រវេសន៍វៀតណាមរស់នៅនោះទេ»៕

អត្ថបទទាក់ទង

Tag:
 ដី៤០ហិកតា
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com