កីឡាជាតិ
ជាតិ
ទូត​អាមេរិក​សាទរ ខាន់ ចេ​សា និង​ថិ​ប កា​សាន់​ទ្រេ ដែល​ឈ្នះ​មេដាយ​ស៊ី​ហ្គេម​ជូន​កម្ពុជា​
12, Dec 2019 , 11:03 am        
រូបភាព
កីឡាការិនី ខាន់ ចេសា (ឆ្វេង) និងកីឡាការិនី ថិប កាសាន់​ទ្រេនីកូល នាពេលទទួលមេដាយ។​រូបថត CAMSOC
កីឡាការិនី ខាន់ ចេសា (ឆ្វេង) និងកីឡាការិនី ថិប កាសាន់​ទ្រេនីកូល នាពេលទទួលមេដាយ។​រូបថត CAMSOC
ដោយ: រួបរួម
​ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy តាមរយៈ Twitter របស់ខ្លួន បាន​អបអរសាទរ​ក្រុម​កីឡាករ​កម្ពុជា ដែល​ទទួល​មេដាយ​សរុប​៤៦​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ លោក​ក៏បាន​សាទរ​ជាពិសេស​ផងដែរ ចំពោះ​កីឡាការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា (Khan Jessa) ដែល​បានឈ្នះ​មេដាយមាស និង​កីឡាការិនី​តេ​ក្វាន់ដូ ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល (Tubbs Casandre Nicole) ដែល​ទទួលបាន​មេដាយ​ប្រាក់។​

 
​ខាន់ ចេ​សា អាយុ​១៨​ឆ្នាំ ធំធាត់​នៅ​រដ្ឋ​កាលី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក ដោយមាន​ឪពុក​ជា​ជន​ខ្មែរ និង​ម្តាយ​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​កាត់​អាមេរិក​។ កីឡាការិនី​កាត់​បី​សាសន៍​រូបនេះ បាន​សាង​ស្នាដៃ​ជូន​កម្ពុជា ដោយ​ទទួលបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី កាលពី​ឆ្នា​២០១៨ កន្លងមក​។​

 
 
​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ខាន់ ចេ​សា បាន​យកឈ្នះ​កីឡាការិនី​វៀតណាម Duong Thi Thanh Minh នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ១០០-០ ហើយ​បន្ត​យកឈ្នះ​កីឡាការិនី​សិង្ហ​បុរី Teh May Yong ១០០-០ ដូចគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 
 
​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ចេ​សា បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន Napolis Jenna Kaila ជាមួយនឹង​លទ្ធផល​មានប្រៀប​ជាង (Wins by Advantages) បើទោះបី​ពិន្ទុ​ស្មើគ្នា ២-២ ក៏ដោយ​។ ចេ​សា ក្លាយជា​ម្ចាស់​មេដាយមាស​ជឺ​ជិត​ស៊ូ (Jiu-jitsu) ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​។​
 
​រីឯ​កីឡាការិនី​តេ​ក្វាន់​ដូ ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល (Tubbs Casandre Nicole) ដែលមាន​ឈ្មោះ​ខ្លី​ថា «Cassie Tubbs» ឯណោះ​វិញ ទទួលបាន​មេដាយ​លើក​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដោយ​កាលពី​ឆ្នាំ​២០១៧ កីឡាការិនី​ដែល​រស់នៅ​អាមេរិក ជាមួយ​ម្តាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជនជាតិ​អាមេរិក​រូបនេះ ធ្លាប់បាន​មេដាយ​សំរឹទ្ធ​រួច​ម្តង​ហើយ​។​
 
​ក្នុងការ​ប្រកួត​ទម្ងន់​ក្រោម​៦២​គីឡូក្រាម​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន កីឡាការិនី ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូណេស៊ី Yusuf Shaleha ដោយ​ពិន្ទុ​១៧-១០ តែ​បាន​ចាញ់​កីឡាការិនី​វៀតណាម Pham Thi Thu Hien ក្នុង​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ១១-៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ទទួលបាន​មេដាយប្រាក់​។​
 
​ជាមួយនឹង​ការ​សាទរ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ទាំងពីរ​រូប​ដែល​បានឈ្នះ​មេដាយ​ជូន​កម្ពុជា លោក​ឯកអគ្គ​រដ្ឋ ក៏បាន​រំលឹក​ផងដែរ​ចំពោះ​វត្តមាន​កន្លងមក​រប​ស់​កីឡាការិនី ខាន់ ចេ​សា ក្នុង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ជជែក​កម្សាន្ត «Let’s Chat!» របស់​ស្ថានទូត​អាមេរិក បន្ទាប់ពី​នាង​ទទួលបាន​មេដាយមាស​កីឡា​អាស៊ី​៕

Tag:
 ស៊ី​ហ្គេម​
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com