អន្តរជាតិ
យុវតី Greta Thunberg ជាប់​ឈ្មោះ​ជា «​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៩» របស់​ទស្សនា​វ​ដ្តី Time
12, Dec 2019 , 11:39 am        
រូបភាព
ដោយ:
Greta Thunberg សិស្សស្រី​ជនជាតិ​ស៊ុយអែត ដែល​ជួយ​បំផុស​ចលនា​សកល​មួយ​ប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ពុធ ១១ ធ្នូ ត្រូវបាន​ជ្រើសរើស​ជា «​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៩» របស់​ទស្សនា​វ​ដ្តី Time ។ នៅលើ​ក្រប​មុខ​នៃ​ទស្សនា​វ​ដ្តី​នេះ មាន​បង្ហាញ​រូបភាព​របស់​នាង Thunberg ដោយ​ភ្ជាប់​នឹង​ចំណងជើង​ថា «​អំណាច​យុវជន​» ឬ​ជា​ភាសា​អង់គ្លេស «The Power of Youth»​។​

 
​យុវតី Thunberg ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​សារព័ត៌មាន​ធំៗ នៅពេល​រូបនាង​បានចេញ​មុខ​តវ៉ា​តែ​ឯកឯង​ប្រឆាំងនឹង​ការឡើង​កម្តៅ​ពិភពលោក នៅក្រៅ​បរិវេណ​អគារ​រដ្ឋសភា​ស៊ុយអែត​កាលពី​ឆ្នាំមុន​។ នៅ​ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​សន្និសីទ​អាកាសធាតុ UN នាទី​ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាង​បាន​រិះគន់​ខ្លាំងៗ​លើ​មេដឹកនាំ​ពិភពលោក ដោយ​ចោទថា ពួកគេ ពឹង​លើ​យុវជន​សម្រាប់​ដំណោះស្រាយ​លើ​បញ្ហា​បម្រែបម្រួល​អាកាស​។ ជា​សុន្ទរកថា​ដ៏​ល្បីល្បាញ នាង និយាយ​ដូច្នេះ​៖«​អ្នក​បាន​លួច​ក្តី​សុបិន​និង​កុមារភាព​ខ្ញុំ ជាមួយ​សម្តី​ដ៏​គ្មាន​បានការ​របស់​អ្នក។ យើង​កំពុង​តាមដាន​អ្នក​»​។ 
 
​មាន​វ័យ​ត្រឹម​១៦​ឆ្នាំ សកម្មជន​បរិស្ថាន​រូ​ប​នេះ ក្លាយជា​មនុស្ស​វ័យក្មេង​បំផុត​ដែល​ត្រូវបាន​ជ្រើសរើស ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទស្សនា​វ​ដ្តី Time ។ ទាក់ទិន​នឹង​ការសម្រេចចិត្ត​នេះ និពន្ធ​នាយក Edward Felsentha បញ្ជាក់ថា​៖«​នាង​ក្លាយជា​សំឡេង​ដ៏​ធំ​បំផុត​មួយ​លើ​បញ្ហា​ដ៏​ធំ​បំផុត​ដែល​ភពផែនដី​កំពុង​ជួបប្រទះ​ក្នុងឆ្នាំនេះ​»​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី Time នាង Thunberg លើកឡើង​បែបនេះ​៖«​យើង មិនអាច​គ្រាន់តែ​រស់នៅ ដោយ​គិតថា​ពិភពលោក​នេះ គ្មាន​ថ្ងៃស្អែក​នោះឡើយ ព្រោះថា​ការពិត វា​មាន​ថ្ងៃស្អែក​»​។ នាង ផ្ញើ​សារ​ត្រង់ៗ​ទៅកាន់​មេដឹកនាំ​ពិភពលោក​ថា «​សូម​ស្តាប់​អ្នកវិទ្យាសាស្ត្រ​» ហើយ​នាង​ក៏បាន​ចោទ​ភាព​អសកម្ម​របស់​ពួកគេ​លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះ​។  
 
​សកម្មជន​ស៊ុយអែត​រូប​នេ បាន​ស្ថិតនៅ​រដ្ឋធានី ម៉ា​ឌ្រី​ដ នៃ​អេ​ស្ប៉ា​ញ ខណៈ​នាង​ត្រូវ​បានផ្តល់​កិត្តិយស​ជា «​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៩» របស់​ទស្សនា​វ​ដ្តី Time ។ នៅ​សន្និសីទ​អាកាសធាតុ UN  នាង Thunberg បញ្ជាក់ថា គ្រោះថ្នាក់​បំផុត​នោះ​គឺថា អ្នកនយោបាយ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ កំពុង​ធ្វើ​ពុត​ជា​ព្យាយាម​បង្កើត​ដំណោះស្រាយ ប៉ុន្តែ​ធាតុពិត​ស្ទើរតែ​គ្មានអ្វី​សោះ​បាន​ធ្វើឡើង ក្រៅពី​ការបង្កើត​សារ​សាធារណៈ​ដ៏​ច្នៃប្រឌិត​នោះ​។ 
 
​ក្រៅពី​បញ្ជី ទស្សនា​វ​ដ្តី Time ក៏បាន​ការស្ទង់មតិ​ពី​សំណាក់​អ្នកអាន (Reader’s Poll) មួយ​ផងដែរ ដែល​បាន​ស្នើសុំ​ឲ្យ​ពួកគេ​បោះឆ្នោត​រើស​បុគ្គល​ដែល​ពួកគេ​យល់ឃើញថា មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​២០១៩​។ ក្នុង​បញ្ជី​នេះ បាតុករ​ហុងកុង ជា​ជម្រើស​ដំបូង​គេ ដោយមាន​សំឡេងគាំទ្រ ២៧​លាន​, ទី​២​គឺ ក្រុមអ្នកតវ៉ា​ដើម្បី​បុព្វហេតុ​អាកាសធាតុ​នៅ​ជុំវិញ​ពិភពលោក​, តារា​សម្តែង​អាមេរិក Keanu Reeves ជាប់​លេខ ៣ តាម​ពីក្រោយ​ដោយ​ក្រុម​តារាចម្រៀង K-pop BTS ហើយ​នាង Thunberg ជាប់​លេខ ៥ ៕

Tag:
 ស្វី​ស​
  Time
  Greta Thunberg
  Time
© រក្សាសិទ្ធិដោយ thmeythmey.com