ជាតិ
សង្គមជាតិ
តំបន់៤០ហិកតា៖ អាជ្ញាធរថា វៀតណាម មានសិទ្ធិត្រឹមជួលប៉ុណ្ណោះ
12, Dec 2019 , 1:49 pm        
រូបភាព
តំបន់៤០ហិកតា (រូបពីបណ្តាញសង្គម)
តំបន់៤០ហិកតា (រូបពីបណ្តាញសង្គម)
រដ្ឋបាលខេត្តកំពង់ឆ្នាំង បំភ្លឺម្តងទៀតថា ការបង្កើតតំបន់ថ្មី ដែលមានទំហំផ្ទៃដី៤០ហិកតានោះ គឺដើម្បីឲ្យអ្នករស់នៅលើដងទន្លេសាប ចូលទៅរស់នៅ តែមិនមែនជាការកាត់ដីឲ្យជនអន្តោប្រវេសន៍វៀតណាមនោះទេ។



រដ្ឋបាលខេត្តកំពង់ឆ្នាំង មិនមែនចែកដីក្នុងតំបន់ថ្មីនោះ ទៅឲ្យអ្នករស់នៅលើដងទន្លេសាប ដោយឥតគិតថ្លៃនោះទេ គឺពួកគេ ត្រូវទិញឬជួល។ របាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ពលរដ្ឋខ្មែរ និង ខ្មែរ-អ៊ិស្លាម មានសិទ្ធិទិញដីក្នុងតំបន់នោះ បើពួកគេ ចង់ចូលទៅរស់នៅ តែចំពោះជនអន្តោប្រវេសន៍វៀតណាម «មានសិទ្ធិត្រឹមតែជួលប៉ុណ្ណោះ»។

របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ការរៀបសន្និសីទនេះ គឺដើម្បីបកស្រាយពីការបម្លាស់ទីអ្នករស់នៅលើដងទន្លេ ឲ្យចូលទៅរស់នៅលើតំបន់ដីគោក៤០ហិកតានោះ ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរបចំការបម្លាស់ទី ចូលរួមបកស្រាយ។

របាយការណ៍ បានឲ្យដឹងថា ដីនៅតំបន់នោះ ជាដីរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ បានលក់ទៅឲ្យក្រុមហ៊ុនឯកជន។ របាយការណ៍ បន្តថា ដើម្បីអនុវត្តគម្រោងបម្លាស់ទី ឲ្យបានជោគជ័យ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនឯកជនជាម្ចាស់កម្មសិទ្ធិ ដោយបានលើកសំណើទៅរដ្ឋាភិបាល ធ្វើអនុប្រយោគ ដើម្បីអភិវឌ្ឍតំបន់នោះ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង អះអាងថា ទទួលបានផលប្រយោជន៍នានា ពីការបម្លាស់ទីនេះ។ របាយការណ៍ លើកឡើងថា រដ្ឋបាលខេត្ត ទទួលបានផ្លូវសាធារណៈ ដីសម្រាប់សាងសង់សាលារៀន និង ដីសម្រាប់សាងសង់មណ្ឌលសុខភាព ជាដើម ហើយក្រុមហ៊ុនឯកជន ទទួលបានប្រាក់ចំណេញស្របច្បាប់ ចំណែកពលរដ្ឋ ដែលត្រូវបម្លាស់ទីពីដងទន្លេ ទៅរស់នៅក្នុងតំបន់នោះ អាចទិញឬជួលដី ក្នុងតម្លៃសមរម្យ។

ផ្អែកលើរបាយការណ៍ នៅខេត្តកំពង់ឆ្នាំង អ្នករស់នៅក្នុងផ្ទះបណ្តែតទឹកលើដងទន្លេសាប សរុបទាំងអស់ មាន៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ិស្លាម និង វៀតណាម។ របាយការណ៍ បង្ហាញលម្អិតថា ពលរដ្ឋខ្មែរ មាន២០១០គ្រួសារ ស្មើនឹង៩១៦៨នាក់ ខ្មែរ-អ៊ិស្លាម មាន៧៣គ្រួសារ ស្មើនឹង២៤២នាក់ ឯវៀតណាម មានដល់ទៅ២៤៨០គ្រួសារ ស្មើនឹង១០៣១១នាក់។ 

រដ្ឋបាលខេត្តកំពង់ឆ្នាំង សរសេរក្នុងរបាយការណ៍ថា ជនអន្តោប្រវេសន៍វៀតណាមទាំងអស់នោះ ភាគច្រើនកើតនៅខេត្តកំពង់ឆ្នាំងពីសង្គមចាស់ ហើយបច្ចុប្បន្ន ពួកគេ មានសំណុំឯកសារ និងលក្ខណសម្បត្តិ ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ដែលអាចរស់នៅក្នុងប្រទេសកម្ពុជា ដូចប្រទេសនានាលើពិភពលោកដែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង លើកហេតុផលថា ការបម្លាស់ទីនេះ គឺដើម្បីរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមាននិរន្តរភាព ស្របតាមច្បាប់ភូមិបាល, ដើម្បីថែរក្សាបរិស្ថានទន្លេសាប ធនធានធម្មជាតិ និង ជីវៈចម្រុះ, ដើម្បីពង្រឹងការថែរក្សាសន្តិសុខ និង សុវត្ថិភាពសាធារណៈ, និង ដើម្បីចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេស ធនធានជលផល៕

Tag:
 អន្តោប្រវេសន៍វៀតណាម
  តំបន់៤០ហិកតា
© រក្សាសិទ្ធិដោយ thmeythmey.com