កីឡាអន្តរជាតិ
អន្តរជាតិ
Gattuso ឡើងដឹកនាំ Napoli ជំនួសតំណែង Ancelotti ដែលជាអតីតគ្រូខ្លួន
× Napoli តែងតាំងអតីតអ្នកចាត់ការ AC Milan លោក Gennaro Gattuso ធ្វើជាគ្រូបង្គោលថ្មី បន្ទាប់ពីក្លិបនេះបណ្តេចលោក Carlo Ancelotti ចេញពីតំណែង។ នៅថ្ងៃទី១១ ខែធ្នូ Napoli បានបញ្ចប់តំណែងលោក Ancelotti ភ្លាមៗក្រោយនាំក្រុមឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League។
លោក Ancelotti បានដឹកនាំ Napoli នាជំនួបចុងក្រោយដោយយកឈ្នះ Genk ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប វគ្គជម្រុះពូល E ដែលជាជ័យជម្នះដើម្បីនាំក្រុមពីអ៊ីតាលីមួយនេះបន្តទៅវគ្គ១៦ក្រុមចុងក្រោយ។ បើទោះយ៉ាងនេះក្តី Napoli ដែលធ្វើមិនបានល្អសោះក្នុងក្របខណ្ឌ Serie A បានសម្រេចបញ្ចប់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះតែម្តង។
Gattuso សញ្ជាតិអ៊ីតាលី ដែលសព្វថ្ងៃមានវ័យ៤១ឆ្នាំ បានលាលែងពីតំណែងអ្នកចាត់ការ AC Milan នៅចុងរដូវកាលមុន ហើយត្រូវបានតែងតាំងជាគ្រូបង្គោល Napoli ជំនួស Ancelotti វិញ។
«យើង (Napoli) ត្រូវខិតខំឲ្យកាន់តែខ្លាំង ដើម្បីទទួលបានពិន្ទុក្នុងក្របខណ្ឌអ៊ីតាលីត្រឡប់មកវិញ និងដើម្បីឆ្លងផុតសម័យកាលដ៏ពិបាកនេះ។ គោលបំណងចម្បងគឺរកពិន្ទុដើម្បីឈានទៅកាន់តំបន់ Top 4 សម្រាប់កៅអី Champions League រដូវកាលក្រោយ»។ នេះជាសម្តីរបស់ Gattuso ក្នុងនាមជាគ្រូថ្មី។
ឆ្លងកាត់ការប្រកួតក្នុងលីគចំនួន១៥លើក Napoli រកបានតែ២១ពិន្ទុប៉ុណ្ណោះ ឈរនៅលេខ៧ក្នុងតារាង Serie A ដោយតាមពីក្រោយក្រុមឈរចំណាត់ថ្នាក់ទី៤ Cagliari ចំនួន ៨ ពិន្ទុ។
Gattuso ក៏ធ្លាប់ជាកីឡាករដែលលេងក្រោមការដឹកនាំរបស់ Ancelotti នៅ AC Milan ផងដែរ ចន្លោះពីឆ្នាំ២០០១ ដល់២០០៩។ Gattuso បានលើកឡើងពីគុណបំណាច់របស់លោក Ancelotti ថា៖«គាត់ប្រៀបដូចជាឪពុករបស់ខ្ញុំអ៊ីចឹង។ គាត់តែងតែនៅក្បែរខ្ញុំហើយគាំទ្រខ្ញុំ។ គាត់បានជួយក្រុមឈ្នះពានជាច្រើន ហើយខ្ញុំនៅតែគោរពគាត់ដល់សព្វថ្ងៃ៕
Tag:
Gennaro Gattuso
Carlo Ancelotti
Napoli
© រក្សាសិទ្ធិដោយ thmeythmey.com