ជាតិ
សង្គមជាតិ
ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ទឹក​វិល​២ តែ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​អ្នកក្រុង​សៀមរាប​
12, Dec 2019 , 7:19 pm        
រូបភាព
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២  នៅក្រុងសៀមរាប ខេត្តសៀមរាប។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ នៅក្រុងសៀមរាប ខេត្តសៀមរាប។
​ភ្នំពេញ​៖ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ទឹក​វិល​២ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​អាច​ផលិត​ទឹកស្អាត​បាន  ១៥ ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០១៩​។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ មានតម្លៃ​ជិត​១៣​លាន​ដុ​លា្ល​រដែ​ល​ស្ថិតក្រោម​ក្របខណ្ឌ​ឥណទាន ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដោយមាន​បំពង់​មេ​នាំ​ទឹកស្អាត ទំហំ​៧០០ មី​លី​ម៉ែត្រ និង​ប្រវែង​ជាង​៦​ពាន់​ម៉ែត្រ  ដោយ​យក​ប្រភពទឹក​ពី​អាង​បារាយណ៍​ខាងលិច​។​

 
​តាម​ការផ្សាយ​របស់រ​ដ្ឋ​បាល​ខេត្តសៀមរាប ទោះជា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ទី​២​នេះ ដំណើរការ​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ប្រចាំថ្ងៃ ក្នុង​ក្រុង​សៀមរាប​បានឡើយ​។ លោក ទៀ សីហា  អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា ក្រុង​សៀមរាប​មាន​តម្រូវការ​ទឹកស្អាត​ជា​មធ្យម ៦០​ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ហើយ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ដែល​ទើប​សម្ពោធ​នេះ អាច​ផលិត​ទឹកស្អាត​បាន​១៥​ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ រីឯ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប អាច​ផ្គត់ផ្គង់​ទឹកស្អាត ត្រឹម ៣០​ពាន់​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​


 
​យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​បារាំង និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) នៅ​ឆ្នាំ​២០៣០ តម្រូវការ​ប្រាស់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប នឹង​កើន​ដល់ ៩០ ពាន់​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។​
 
​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​នេះ​។ លោក ចម ប្រសិទ្ធ បាន​គូសបញ្ជាក់ថា ក្រុង​សៀមរាប ត្រូវមាន​ការគិតគូរ​ទុកជាមុន ក្នុង​រយៈពេល​វែង ពី​១០ ទៅ​២០​ឆ្នាំ​ខាងមុខ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ដល់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​។​
 
​បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​មាន​គម្រោង​វិនិយោគ​មួយ​ផ្សេងទៀត ក្រោម​ក្របខណ្ឌ​ឥណទាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១០៦​លាន​ដុល្លា​អាមេរិក សម្រាប់​ការសាងសង់​រោងចក្រ​ទឹកស្អាត​ថ្មី​មួយទៀត ដែលមាន​សមត្ថភាព​ផលិត ៦០​ពាន់​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដោយ​យក​ប្រភពទឹក​ពី​បឹង​ទន្លេសាប និង​ការដំឡើង​បំពង់​មេ​នាំ​ទឹក និង​បំពង់​ចែកចាយ​ទឹកស្អាត ប្រវែង​សរុប ២២០​គីឡូម៉ែត្រ ។ គម្រោង​នេះ​នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ក្នុង​ឆ្នាំ​២០២៣ ៕



Tag:
 ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com