អន្តរជាតិ
បរាជ័យ​បង្កើត​រដ្ឋាភិបាលចម្រុះ អ៊ីស្រាអែល​នឹង​រៀបចំ​បោះឆ្នោត​លើក​ទី​៣​ក្នុងឆ្នាំនេះ
12, Dec 2019 , 7:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក Benny Gantz អតីតនាយឧត្តមសេនីយ៍ និងមេដឹកនាំសម្ព័ន្ធភាពនយោបាយកណ្ដាលនិយមមួយឈ្មោះថា «Blue and White»
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក Benny Gantz អតីតនាយឧត្តមសេនីយ៍ និងមេដឹកនាំសម្ព័ន្ធភាពនយោបាយកណ្ដាលនិយមមួយឈ្មោះថា «Blue and White»
ដោយ:
​អ៊ីស្រាអែល នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​លើក​ទី​បី​របស់ខ្លួន ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ក្រោយពី​គណបក្ស​ធំ​ពីរ​បរាជ័យ​បង្កើត​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​គ្នា មុនពេល​កំណត់​ថ្ងៃ​ពុធ ១១ ខែធ្នូ​។ ពួកគេ បានសម្រេច​រំលាយ​សភា​ចោល ហើយ​រំពឹង​នឹងដាក់​កាលបរិច្ឆេទ​បោះឆ្នោត នៅ​ថ្ងៃទី ២ មីនា ឆ្នាំ​២០២០ ខាងមុខ​។

 
​លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដែល​ដឹកនាំ​បក្ស​ស្តាំនិយម Likud និង​គូប្រជែង​នយោបាយ​សំខាន់​របស់លោក គឺ លោក Benny Gantz អតីត​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​មេដឹកនាំ​សម្ព័ន្ធភាព​នយោបាយ​កណ្ដា​ល​និយម​មួយ​ឈ្មោះថា «Blue and White» ពុំ​អាចបង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​បាន បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​ដែល​មិន​ដាច់ស្រេច​។ នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​បក្ស​នាំមុខ​ទាំងពីរ​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​។ 
 
​ក្នុង​ខែកញ្ញា កន្លងទៅ សម្ព័ន្ធភាព​នយោបាយរ​ប​ស់លោក Gantz ឈ្នះ​បាន​កៅអី​៣៣ ក្នុង​សមាជិកសភា​សរុប​១២០ ខណៈ​បក្ស​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ ទទួលបាន​៣២​កៅអី​។ ដោយ​គ្មាន​បក្ស​ណាមួយ​អាចបង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​ដែល​ត្រូវបាន​កៅអី​៦១​ឡើងទៅ លោក​ប្រធានាធិបតី​អ៊ីស្រាអែល Reuven Rivlin បាន​អំពាវនាវ​ឲ្យ​ពួកគេ​បង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ​។ 
 
​ក៏ប៉ុន្តែ ការជជែក​ពិភាក្សា​អំពី​ការបែងចែក​អំណាច បាន​បរាជ័យ​ជុំវិញ​ការសម្រេច​ថា អ្នកណា​នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​មុនគេ ដោយ​លោក​ណាន​តាន់​យ៉ា​ហ៊ូ​ប្រកែក​មិន​ព្រម​ចូលរួម​ជាមួយ​បក្ស​ដែល​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​និង​គោលការណ៍​តឹងរ៉ឹង​ពេក ខណៈ​លោក Gantz បដិសេធ​ធ្វើការ​ក្រោម​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ប្រឈម​នឹង​បទឧក្រិដ្ឋ​។ 
 
​កាលពី​ខែ​មុន អគ្គ​រដ្ឋអាជ្ញា​របស់​អ៊ីស្រាអែល បាន​ចោទប្រកាន់​លោក ណេ​តាន់​យ៉ា​ហ៊ូ ពីបទ​ពុករលួយ ឆបោក និង​បំផ្លាញ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​ករណី​ចំនួន​៣​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​កំហុស​ទាំងនេះ ហើយ​ចាត់ទុក​ពួក​ថា​ថា​ជា «​ការប៉ុនប៉ង់​ធ្វើ​រដ្ឋប្រហារ​» និង​បន្ទោស​ថា​ជា​នីតិវិធី​ដ៏​អាក្រក់ ។ ខណៈ​នេះ លោក ណេ​តាន់​យ៉ា​ហ៊ូ ពុំទាន់​ប្រកាស​នៅឡើយ​ទេ​ថា​តើ​លោក​នឹង​ស្នើ​ឲ្យ​សភា​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​លោក​ដើម្បី​បញ្ចៀស​ការកាត់ទោស ក៏ប៉ុន្តែ​គេ រំពឹង​ច្រើន​ថា លោក​នឹងធ្វើ​បែបនេះ​៕

Tag:
 ​អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com