ជាតិ
លោក ស៊ុន ចាន់ថុល៖ ស្ថានីយថ្លឹងរថយន្ត ដល់ដំណាក់កាលត្រូវវះកាត់
× ភ្នំពេញ៖ ទោះរងការស្ដីបន្ទោសពីសាធារណជន និងការតាមដានពីក្រសួងយ៉ាងណាក៏ដោយ តែសកម្មភាពប្រព្រឹត្តខុសរបស់ន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនមួយចំនួន នៅតែមានសភាពមិនថមថយ។ ក្នុងពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបានប្រតិកម្មចំពោះមន្ត្រីទាំងនោះ ដោយសម្ដេចបានថ្លែងជាសាធារណក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ក្នុងខេត្តកំពត។
អ្នកសារព័ត៌មាននៅតាមចោទសួរទៅថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះចំណាត់ការទៅលើមន្ត្រីស្ថានីយថ្លឹងរថយន្តដែលយកលុយក្រៅច្បាប់ហើយអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់បើកបរលើផ្លូវថ្នល់។ នៅព្រឹកថ្ងៃទី១២ខែធ្នូនេះ លោក ស៊ុន ចាន់ ជារដ្ឋមន្ត្រីរបស់ក្រសួងមួយនេះ បានអះអាងថា លោកនឹងអនុវត្តអភិក្រមទី៥របស់ប្រមុខរដ្ឋាភិបាល គឺវះកាត់ ដែលសំដៅការដាក់ទណ្ឌកម្មទៅតាមច្បាប់ ចំពោះមន្ត្រីខិលខូច។
ប្រសាសន៍លោក ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យបច្ចេកទេសរថយន្តទីតាំងឫស្សីកែវ រាជធានីភ្នំពេញ៖
«យើងត្រូវតែធ្វើតាមច្បាប់ យើងមានច្បាប់ មានអនុក្រឹត្យ ហើយមានអនុសាសន៍របស់សម្ដេចទៀត។ យើងដល់ពេលវេលាអនុវត្តអភិក្រមទាំង៥របស់សម្ដេចហើយ ឥឡូវកន្លែងជញ្ជីងរបស់ខ្ញុំនេះ ដល់ពេលវេលាវះកាត់»។ នេះជាការអះអាងរបស់លោក ស៊ុន ចាន់ថុល ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ឲ្យដឹងថា ក្រសួងបានតាមដានសកម្មភាពរបស់មន្ត្រីខ្លួននៅតាមស្ថានីយមួយចំនួន ដោយបានរកឃើញការព្រឹត្តបំពានច្បាប់។ ទេសរដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល លើកឡើងដូច្នេះថា៖«មិនអនុញ្ញាតជាដាច់ខាតការធ្វើរបៀបនេះ ខុសច្បាប់ហើយ ធ្វើឲ្យខូចខាតផ្លូវ។ ហួសហេតុពេក កន្លែងថ្លឹងឡាន គាត់យកឡានតូចៗរបស់គាត់ដាក់ ហើយឡានមកពីក្រៅចេញទៅបាត់»៕
Tag:
ស្ថានីយថ្លឹងរថយន្ត
ស៊ុន ចាន់ថុល
ផ្លូវ
ដឹកលើសទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com