អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​សិង្ហ​បុរី អាច​ទាញ​ពន្លឺព្រះអាទិត្យ​បំបែក​ប្លា​ស្ទិ​ក​ដែល​អាច​ផលិត​អគ្គិសនី​
13, Dec 2019 , 8:29 am        
រូបភាព
ដោយ:
​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី អះអាងថា ពួកគេ​បាន​បង្កើត​មធ្យោបាយ​ល្អ​សម្រាប់​បរិស្ថាន ដែល​ប្រើ​ពន្លឺព្រះអាទិត្យ​សិប្ប​និ​មិ្ម​ត​ដើម្បី​បំ​លែង​ប្លា​ស្ទិ​ក​ទៅជា​សារធាតុ​គីមី​ដែល​អាចបង្កើត​ថាមពល​អគ្គិសនី​។ គំនិត​ផ្តួចផ្តើម​នេះ កើតឡើង​ស្របពេល​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក កំពុង​ដាក់ចេញ​ចំណាត់ការ និង​បង្កើត​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​។

 
​បរិមាណ​ប្លា​ស្ទិ​ក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បានគរ​ចោល​ដូច​ភ្នំ​លើ​ផ្ទៃដី និង​ខ្លះ​ត្រូវបាន​បោះចោល​ចូលទៅក្នុង​សមុទ្រ​នៅ​ពាសពេញ​ពិភពលោក ហើយ​ជាពិសេស បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី កំពុង​រង​ការរិះគន់​ខ្លាំង​ក្រោយ​ពួកគេ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រាវជ្រាវ​ក្នុង​បុរី​រដ្ឋ​សិង្ហ​បុរី បាន​បញ្ជាក់ថា ពួកគេ​បាន​បំ​លែង​ប្លា​ស្ទិ​ក​ទៅ​ចូល «​អាស៊ី​តរឹង (Formic Acid)» ដែល​អាច​យកទៅ​ប្រើប្រាស់​ក្នុង​រោងចក្រ​ថាមពល​ដើម្បី​បង្កើត​អគ្គិសនី ដោយ​ប្រើ​កាតា​លី​ស​ដែល​មិន​ទៅ​បំផ្លាញ​បរិស្ថាន ឬ​ចំណាយលុយ​ទៀតផង​។ 


 
​ក្នុង​មន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang បាន​លាយ​ប្លា​ស្ទិ​ក​ជាមួយ​សារធាតុ​គីមី​ដើម្បី​បង្កើតជា​ទម្រង់​មួយបែប ដែល​ក្រោយមក​អាច​បំបែក​បាន​ដោយ​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សិប្ប​និ​មិ្ម​ត​។ បើតាម​ការអះអាង​រប​ស់​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នោះ ប្លា​ស្ទិ​ក​ត្រូវ​បំបែក​ក្នុង​រយៈពេល​៦​ថ្ងៃ ហើយ​ពួកគេ​សង្ឃឹមថា ដំណើរការ​នេះ អាចអនុវត្ត​បាន​នាពេលខាងមុខ ដោយ​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​ពិតៗ​។​
 
«​យើង​មានលទ្ធភាព​ប្រែក្លាយ​ប្លា​ស្ទិ​ក​ដែលជា​មូលហេតុ​នៃ​ការបំពុល​មហាសមុទ្រ ឲ្យ​ទៅ​សារធាតុ​គីមី​ដែលមាន​ប្រយោជន៍​»​។ លោក Soo Han Sen ដែល​ដឹកនាំ​គម្រោង​ស្រាវជ្រាវ​រយៈពេល​២​ឆ្នាំ បញ្ជាក់​បែបនេះ ដោយ​សង្ឃឹមថា ក្រុមការងារ​លោក នឹង​អាច​បំ​លែង​សារធាតុ​គីមី​ទៅជា​ថាមពល​អគ្គិសនី​កកើតឡើង​វិញ​ពេញលេញ​មួយ ដែល​មិន​ផ្តល់​ប៉ះពាល់​ដល់​បរិស្ថាន​។​
 
​មែនទែនទៅ មធ្យោបាយ​នៃ​ការកែច្នៃ​ប្លា​ស្ទិ​ក ទាមទារ​ឲ្យ​បំបែក​វា​ដោយ​ប្រើប្រាស់​ឥន្ធនៈផូស៊ីល ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ ព្រោះថា​វា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ក៏ប៉ុន្តែ មកទល់ពេលនេះ បរិមាណ​ប្លា​ស្ទិ​ក​តិចតួច​ប៉ុ​ណ្ណោ​ហ ត្រូវបាន​បំ​លែង​ទៅជា​អាស៊ី​តរឹង ហើយ​លោក Soo សារភាពថា វា​មាន​បញ្ហា​ប្រឈម​ក្នុងការ​ដំណើរការ​ផលិត​វា​ក្នុង​កម្រិត​ធំ​។ ពួកគេ ត្រូវការ​ធនធានមនុស្ស និង​ថវិកា​ជំនួយ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​វា ហើយ​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​បាន​សាកល្បង ដោយ​ប្រើប្រាស់​សន្លឹក​ប្លា​ស្ទិ​ក​សុទ្ធសាធ ពុំមែន​ជា​សំណល់​ប្លា​ស្ទិ​ក​នោះឡើយ​៕



Tag:
 សិង្ហ​បុរី​
  ព្រះអាទិត្យ​
  អ្នកវិទ្យាសាស្ត្រ​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com