ONE Championship
កីឡាជាតិ
ជាតិ
អែម សុ​វណ្ណា​រី ៖ បរាជ័យ​ក្រោម​កណ្ដាប់ដៃ Rayane ជា​មេរៀន​ដើម្បី​ជ័យជម្នះ​នៅ​ជំនួប​បន្ទាប់
12, Dec 2019 , 10:19 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​គុន​ចម្រុះ ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​រៀនសូត្រ​ច្រើន​ពី​បរាជ័យ​នៅ​សង្វៀន ONE Championship លើក​ទី​១​កាលពីដើម​ខែធ្នូ​កន្លងទៅនេះ​។ សុ​វណ្ណា​រី ដែល​ប្រកួត​តំណាង​កម្ពុជា​ចាញ់​កីឡាការិនី​សញ្ជាតិ​ប្រេ​ស៊ី​ល Rayane Bastos ត្រឹម​ទឹក​ទី​១ ដោយសារ​ក្បាច់​ឃ្លេ​ក​ក្នុង​កម្មវិធី  ONE: MARK OF GREATNESS នា​ថ្ងៃទី​៦ ធ្នូ នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

 
​កូន​ខ្មែរ​នៅ​អាមេរិក​បាន អែម សុ​វណ្ណា​រី បាន​ថ្លែងថា ៖«​ខ្ញុំ​សូម​សរសើរ​ដល់ Rayane គេ​ពិតជា​ខ្លាំង​មែន​គេ​ធ្វើ​បានល្អ​ណាស់​ទល់នឹង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​អំពី​ការប្រកួត​នេះ និង យកទៅ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អប្រសើរ​ដើម្បី​ប្រកួត​បន្ទាប់​»​។ 
 
​សុ​វណ្ណា​រី បានដឹង​រួចហើយ​ថា ការប្រកួត​នេះ​ជាការ​ប្រកួត​ដ៏​លំបាក​មួយ ព្រោះ​RAYANE មាន​កម្លាំង​ខ្លាំង និង ពូកែ​ខាង​ចំបាប់​រួមទាំង​ឃ្លេ​។ យ៉ាងណាក្ដី កីឡាការិនី​សម្បុរ​ស្រអែម​មកពី​អាមេរិក​មិនអាច​ការពារ​ក្បាច់​ឃ្លេ​របស់ កីឡាការិនី​ប្រេ​ស៊ី​ល​បានឡើយ​។ សុ​វណ្ណា​រី បាន​ប្រាប់​កន្លងមក​ថា រូបគេ​មិន​ឲ្យ​ដៃគូ​ចូលចាប់​ងាយៗ​ទេ ប៉ុន្តែ​បែរជា​ត្រូវ​ចូល​ក្បាច់​គាប​ដើមដៃ​របស់ Rayane ទៅវិញ​ទោះ​ខំប្រឹង​រើ ក៏​រើ​មិន​រួច​ដែរ​។ ការប្រកួត​នៅ​ទឹក​ដំបូង​នេះ អែម សុ​វណ្ណា​រី បាន​ព្យាយាម​ប្រើ​កណ្ដាប់ដៃ និង ទាត់​ជើង​ដើម្បី​ការពារ​ក្បាច់​របស់ Rayane​។ 


 
​ប៉ុន្តែ​ពេលដែល សុ​វណ្ណា​រី បាន​ចូល​ចាប់ជើង​បានសម្រេច​ក្នុង​គោលដៅ​ដើម្បី​ផ្ដួល កីឡាការិនី​ប្រេ​ស៊ី​ល បាន​ប្រើ​ក្បាច់​ដៃ​ឃ្លេ​ក សុ​វណ្ណា​រី ជាប់​មិន​ឲ្យ​រើ​រហូត​ដួល​ទៅនឹង​ក្ដារ​រេញ​។ ទោះ​ខំ​រើ​យ៉ាងណា ក៏ សុ​វណ្ណា​រី មិនអាច​គេចផុត​ពី​ក្រញាំដៃ​របស់ កីឡាការិនី​វ័យ ២០ ឆ្នាំ​មកពី​ប្រេ​ស៊ី​ល​ដែរ​។ ទីបំផុត អែម សុ​វណ្ណា​រី ទះដៃ​ខ្លួន​របស់​គូប្រជែង​ដើម្បី​សុំ​ចុះចាញ់​ដោយសារតែ​ទ្រាំលែងបាន​ត្រឹម​រយៈពេល ២ នាទី និង ៤០ វិនាទី​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Rayane ម្ចាស់​ជើងឯក​៥​សម័យកាល​ក្នុងការ​ប្រកួត​ជើងឯក​ក្បាច់​ជឺ​ជិត​ស៊ូ​នៅ​ស្រុកកំណើត​មិនដែល​ស្គាល់​ពាក្យ​ចាញ់​ក្នុងការ​ប្រកួត​អាជីព (​ឈ្នះ ៤ និង ស្មើ​១​ដង​) ហើយ​វា​ជា​ជ័យជម្នះ​លើកដំបូង​នៅ​សង្វៀន ONE Championship​។ 
 
 
 
​សុ​វណ្ណា​រី សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​បាន​មើល​វីដេអូ​លម្អិត និង វិភាគ​សម្រាប់​បរាជ័យ​របស់ខ្ញុំ​លើក​នេះ​។ ខ្ញុំ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​រៀនសូត្រ​អំពី​ការប្រកួត​វាយ​ដាក់​ទ្រុង​បន្ត​។ គម្រោង​របស់ខ្ញុំ គឺ​ចង់បាន​ការប្រកួត​ច្រើន​ទៀត​នៅ​ឆ្នាំ ២០២០​។ ឥឡូវនេះ​ខ្ញុំ​បានចាប់ផ្ដើម​ហ្វឹកហាត់​វិញ​ហើយ​ក្រោយ​ត្រលប់​ពី​ម៉ាឡេស៊ី​។ ខ្ញុំ​ចង់​ប្រកួត​នៅ​កម្រិត​ខ្ពស់​បន្ថែមទៀត​»​។​
 
​គួរ​ដឹងថា អែម សុ​វណ្ណា​រី មាន​វ័យ​២៧ ឆ្នាំ និង​កំពុង​ហ្វឹកហាត់​នៅ​ក្លិប Modern Martial Arts and Fitness ស្ថិតនៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់ អែម សុ​វណ្ណា​រី នៅ​សង្វៀន ONE បន្ទាប់ពី​ឈ្នះ​កីឡាការិនី​អ៊ុយ​ក្រែ​ន  Iryna Kyselova ដោយ​ផ្ដួល​ឲ្យ​សន្លប់​ត្រឹម​កាល​ខែ ធ្នូ ឆ្នាំ ២០១៨​។  
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 



© រក្សាសិទ្ធិដោយ thmeythmey.com