ភ្នំពេញ៖ ពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលបន្លាស់ទីពីលើទឹក អាចមានសិទ្ធិទិញដី ក្នុងតំបន់៤០ហិកតា ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែជនអន្តោប្រវេសន៍វៀតណាម មានសិទ្ធិត្រឹមជួលប៉ុណ្ណោះ ហើយក៏គ្មានការផ្ដល់សញ្ជាតិដែរ។ នេះជាការបញ្ជាក់របស់អភិបាលរងខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណរិទ្ធ អះអាងថា ការជួល ឬទិញដីនៅតំបន់៤០ហិកតានោះ គឺអាស្រ័យលើការចរចារបស់ពលរដ្ឋខ្មែរនិងខ្មែរឥស្លាម ជាមួយក្រុមហ៊ុន ហើយរដ្ឋាភិបាល មិនពាក់ព័ន្ធលើករណីនេះ ក្រៅពីជួយសម្របសម្រួលនោះទេ។ ចំណែកឯជនអន្តោប្រវេសន៍វៀតណាមវិញ មានសិទ្ធិត្រឹមជួលប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ពលរដ្ឋមានការព្រួយបារម្ភកន្លងមកថា ការបន្លាស់ទីផ្ទះលើទឹករបស់ពលរដ្ឋនៅតាមតំបន់ទន្លេសាបខេត្តកំពង់ឆ្នាំងនេះ វានឹងផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម។
នៅពេលអ្នកសារព័ត៌មានសួរថា តើការបន្លាស់ទីនេះ អាចធ្វើឱ្យជនជាតិវៀតណាម ទទួលបានសញ្ជាតិដែរទេ? ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីបញ្ហាបន្លាស់ទីលើដី៤០ហិកតានេះ អភិបាលរងខេត្តកំពង់ឆ្នាំង អះអាងថា គ្មានការផ្ដល់សញ្ជាតិឱ្យវៀតណាមនោះទេ។ «សួរថា គាត់(វៀតណាម)ទៅរស់នៅលើគោក (យើង)ឱ្យសញ្ជាតិឬយ៉ាងម៉េច? គឺអត់ទេ។ ព្រោះនៅក្នុងទឹកក៏ដីខ្មែរ នៅលើគោកក៏ដីខ្មែរ ដូច្នេះគាត់(វៀតណាម) រស់នៅលើទឹកជាជនអន្តោប្រវេសន៍ អ៊ីចឹងរស់នៅលើគោកក៏ជាជនអន្តោប្រវេសន៍ដដែល»។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណរិទ្ធ ដែលបានបន្ថែមថា អាជ្ញាធរអាចផ្ដល់សញ្ជាតិដល់ជនវៀតណាមនោះ លុះត្រាតែពួកគេអនុវត្តត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។
ត្រង់ចំណុចនេះលោក សុវណ្ណរិទ្ធ បានពន្យល់យ៉ាងខ្លីថា ក្នុងករណីជនអន្តោប្រវេសន៍វៀតណាម ដែលជួលដីខ្មែររស់នៅទាំងនោះ អនុវត្តតាមច្បាប់ត្រឹមត្រូវ តាមរយៈការបង់ពន្ធនានា រយៈពេល៧ឆ្នាំ និងគ្មានការប្រព្រឹត្តិបទល្មើសអ្វីនោះ ពួកគេនឹងអាចសុំសិទ្ធិសញ្ជាតិខ្មែរបានហើយ។ បើតាមអភិបាលរងខេត្តរូបនេះ ការផ្ដល់សញ្ជាតិឱ្យជនបរទេសណាម្នាក់ គឺអនុលោមតាមច្បាប់ស្តីពីសញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ជាតិ ដែលស្របតាមគោលការណ៍អន្តរជាតិ និងប្រទេសលើពិភពលោកកំពុងអនុវត្តដូចគ្នា។
ដីនៅតំបន់៤០ហិកតានោះ ជាដីរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ បានលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដែលមានម្ចាស់ឈ្មោះ នូ ចំរើន។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនឯកជនជាម្ចាស់កម្មសិទ្ធិ ដោយបានលើកសំណើទៅរដ្ឋាភិបាល ធ្វើអនុប្រយោគ ដើម្បីអភិវឌ្ឍតំបន់នោះ។ ប៉ុន្តែបើក្រុមហ៊ុននោះ មិនអនុវត្តតាមលក្ខខណ្ឌអនុប្រយោគតាមកិច្ចព្រមព្រៀងទេនោះ រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណរិទ្ធ។
ផ្អែកលើរបាយការណ៍ នៅខេត្តកំពង់ឆ្នាំង អ្នករស់នៅក្នុងផ្ទះបណ្តែតទឹកលើដងទន្លេសាប សរុបទាំងអស់ មាន៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ីស្លាម និង វៀតណាម។ របាយការណ៍ បង្ហាញលម្អិតថា ពលរដ្ឋខ្មែរ មាន២០១០គ្រួសារ ស្មើនឹង៩១៦៨នាក់ ខ្មែរ-អ៊ិស្លាម មាន៧៣គ្រួសារ ស្មើនឹង២៤២នាក់ ឯវៀតណាម មានដល់ទៅ២៤៨០គ្រួសារ ស្មើនឹង១០៣១១នាក់។
មូលហេតុដែលរដ្ឋបាលខេត្ត បន្លាស់ទីពួកគេនេះ គឺដើម្បីរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមាននិរន្តរភាព ស្របតាមច្បាប់ភូមិបាល, ថែរក្សាបរិស្ថានទន្លេសាប ធនធានធម្មជាតិ និងជីវៈចម្រុះ, ពង្រឹងការថែរក្សាសន្តិសុខ និង សុវត្ថិភាពសាធារណៈ។ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេស ធនធានជលផល។ រដ្ឋបាលខេត្ត ទទួលបានផ្លូវសាធារណៈដីសម្រាប់សាងសង់សាលារៀន និង ដីសម្រាប់សាងសង់មណ្ឌលសុខភាពជាដើម ហើយក្រុមហ៊ុនឯកជន ទទួលបានប្រាក់ចំណេញស្របច្បាប់៕