អន្តរជាតិ
គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ឆ្ពោះទៅរក​ការបោះឆ្នោត​អនុម័ត​លើ​បទចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី​
13, Dec 2019 , 7:59 pm        
រូបភាព
សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាពិភាក្សាគ្នាអំឡុងពេលការពិនិត្យពិច្ច័យពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង នៅវិមាន Capitol Hill កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាពិភាក្សាគ្នាអំឡុងពេលការពិនិត្យពិច្ច័យពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង នៅវិមាន Capitol Hill កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ត្រូវគេ​រំពឹងថា នឹង​អនុម័ត​លើ​បទចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​លោក Donald Trump នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ក្រុម​សំឡេង​ភាគច្រើន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​កំពុង​ជំរុញ​ឲ្យ​មាន​ការដាក់ទោសទណ្ឌ​លើ​មេដឹកនាំ​រូបនេះ ដោយ​ពួកគេ​បាន​ចោទប្រកាន់ថា លោក​បាន​បំពាន​អំណាច​របស់លោក ខណៈ​គណបក្ស​សាធារណរដ្ឋ​រិះគន់ថា ដំណើរការ​ស៊ើបអង្កេត​ចោទប្រកាន់​នេះ​គឺជា​ការជំរុញ​ផ្នែក​នយោបាយ​និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។​

 
​កាលពី​យប់​ថ្ងៃ​ពុធ គណៈកម្មាធិការ​បាន​ជជែក​ដេញដោល​គ្នា​អំពី​បទចោទប្រកាន់ ដែល​បាន​ចោទថា លោក Trump បាន​បំពាន​អំណាច​របស់លោក​តាមរ​យៈ​ការស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស​គឺ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​ចូល​ជ្រៀតជ្រែក​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ និង​ការរារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​សភា តាមរយៈ​ការបញ្ជា​ឲ្យ​រដ្ឋបាល​របស់លោក​ព្រងើយកន្តើយ​នឹង​ដីកា​កោះហៅ​របស់​រដ្ឋសភា​នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់លោក​។ 
 
​ការជជែក​ដេញដោល​នេះ​នឹង​បន្ត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ មុននឹង​គណកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ពេញអង្គ​មួយ​ដើម្បី​សម្រេច​ថា​តើ​នឹង​បញ្ជូន​បទ​ចោទ​ទាំងនេះ​នៅ​ព្រឹទ្ធសភា​ឬ​យ៉ាងណា​។​
 
​លោក Trump បាន​បដិសេធថា លោក​មិន​បានធ្វើ​អ្វី​ខុស​ទេ​។ លោក​បាន​និយាយ​សំដៅ​ដល់​កិច្ចពិភាក្សា​របស់លោក​ជាមួយ​មេដឹកនាំ​ប្រទេស​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy ថា​ជា កិច្ចពិភាក្សា​ដ៏​ល្អ​មួយ និង​បាន​និយាយទៀតថា​ទាំង​សេចក្តី​ថ្លែង​ការ​របស់លោក Zelenskiy និង​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​បានបញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់លោក​រួចហើយ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com