អន្តរជាតិ
អាមេរិក ព្រមាន​ថា កូរ៉េខាងជើង​រង​ទណ្ឌកម្ម​ធ្ងន់​ជាង​មុន បើ​បន្ត​ផ្គើន​
13, Dec 2019 , 10:29 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ។ រូបភាព៖ Xinhua
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ។ រូបភាព៖ Xinhua
​អាមេរិក នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​ព្រមាន​ថា កូរ៉េខាងជើង​អាច​រង​ទណ្ឌកម្ម​កាន់តែ​ធ្ងន់​ជាង​មុន បើ​នៅតែ​ផ្គើន​សាកល្បង​អាវុធ​ដែល​ខ្លាំង​ជាង​មុន​នៅក្នុង​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​អាមេរិក​ក៏​នៅតែ​បារម្ភ​ដែរ​ថា កូរ៉េខាងជើង​អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ក្នុង​គោលបំណង​វាយប្រហារ​មកលើ​ខ្លួន ។


 
​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​កូរ៉េខាងជើង ឯកអគ្គរដ្ឋទូត អាមេរិក លោកស្រី Kelly Craft បានបង្ហាញ​ក្តីបារម្ភ​ថា កូរ៉េខាងជើង​អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ក្នុង​គោលបំណង​វាយប្រហារ​លើ​អាមេរិក ដែល​ភ្ជាប់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ការបង្ហាញ​ក្តីបារម្ភ​របស់លោក​ស្រី Kelly Craft នៅពេលនេះ គឺធ្វើឡើង​បន្ទាប់​កូរ៉េខាងជើង​បានប្រកាស​ពី​ការទទួល​ជោគជ័យ​ដ៏​ធំ​មួយ នាទី​តាំង​សាកល្បង​អាវុធ Tongchang-ri​។ 
 
​ថ្លែង​នៅ​ចំពោះមុខ​តំណាង​ជាន់ខ្ពស់​មកពី​រដ្ឋ​សមាជិក​១៤ ទៀត លោកស្រី Craft បាន​បញ្ជាក់ថា អាមេរិក នៅតែ​ជឿជាក់​លើ​កូរ៉េខាងជើង អាច​បញ្ឈប់​សកម្មភាព​អរិភាព និង​គំរាមកំហែង ហើយ​ជំនួស​មកវិញ ជាមួយ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អាមេរិក​។ យ៉ាងណាមិញ តំណាង​អាមេរិក​រូបនេះ ក៏បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង​ដែរ បើសិន​បើ​នៅតែ​សាកល្បង​កម្មវិធី​នុយក្លេអ៊ែរ មី​ស៊ី​ល ឬ​អាវុធ​ផ្សេងទៀត ក្រុមប្រឹក្សាសន្តិសុខ​នឹង​ចាត់វិធានការ​ទៅតាម​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ក្នុងន័យ​សំដៅទៅ​ដល់​ឱសានវាទ​របស់​កូរ៉េខាងជើង លោកស្រី Craft ក៏បាន​លោម​ចិត្ត​កូរ៉េខាងជើង តាមរយៈ​ផ្លូវ​ចរចា​ផងដែរ បន្ទាប់ពី​ពាក្យ​ព្រមាន​រួច​។ ក្នុងនោះ​លោកស្រី បាន​លើកឡើងថា អាមេរិក និង​ក្រុមប្រឹក្សាសន្តិសុខ គឺមាន​គោលដៅ ប៉ុន្តែ​មិនមែន​ឱសានវាទ​នោះទេ​។ ក្នុងន័យនេះ ភាគី​អាមេរិក ចង់​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ម្តងទៀត ដើម្បី​ឲ្យ​ភាគី​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន អាច​សម្រេច​កិច្ចព្រមព្រៀង​ជាមួយគ្នា​។ 
 
​ពាក់ព័ន្ធ​នឹង​ការចរចា​នេះ កូរ៉េខាងជើង បានដាក់​ឱសានវាទ​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​របៀបវារៈ​ចាស់ៗ ដែល​ទីក្រុង​ព្យុងយ៉ាង​មិន​ពេញចិត្ត​។ បើ​មិន​ដូច្នោះ​ទេ កូរ៉េខាងជើង នឹង​ចាត់វិធានការ​យ៉ាង​ធំ​សម្បើម ប៉ុន្តែ​វិធានការ​ទាំងនោះ គឺ​មិនទាន់​ដឹង​ច្បាស់​ថា​ជា​អ្វី​ទេ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើក​នេះ ធ្វើឡើង បន្ទាប់ពី​កូរ៉េខាងជើង​បានប្រកាស​ជា​សាធារណៈ​ថា ខ្លួន​បានទទួល​ជោគជ័យ​លើ​ការសាកល្បង​ដ៏​ធំ​មួយ នៅក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​Sohae ក្នុង​ទីតាំង​សាកល្បង​អាវុធ Tongchang-ri​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​អាវុធ ឬ​សម្ភារ​បច្ចេកទេស​អ្វី​ទេ​។ បើតាម​អ្នកជំនាញ​មី​ស៊ី​ល កូរ៉េខាងជើង​ទំនងជា​សាកល្បង​លើ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត សម្រាប់​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com