ជាតិ
នយោបាយជាតិ
មេធាវីលោក កឹម សុខា ត្រៀមខ្លួនតតាំងនឹងតុលាការ នៅថ្ងៃសវនាការ ពីឆ្វេងទៅស្តាំ៖ លោក ផាន់ ច័ន្ទសាក់ អ្នកស្រី ម៉េង សុភារី លោក ផែង ហេង និង លោក ចាន់ ចេន ថតនៅក្នុងបរិវេណតុលាការកំពូល ពេលទៅចូលរួមក្នុងសវនាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ រូបពីគណនីហ្វេសប៊ុក Heng Pheng
× សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទំនងជាមិនធ្វើអ្វីផ្សេងទៀតទេ ក្នុងដំណាក់កាលនេះ ក្រៅតែពីរង់ចាំការបើកសវនាការអង្គសេចក្តី មកដល់។
លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនង WhatsApp នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ថា លោក និង សហមេធាវីផ្សេងទៀត កំពុងបន្តប្រមូលភស្តុតាង និងសិក្សាលម្អិតពីសំណុំរឿង ដើម្បីដោះបន្ទុកឲ្យលោក កឹម សុខា នៅក្នុងសវនាការនាពេលខាងមុខ។ លោក អះអាងថា ក្រុមមេធាវី ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមសវនាការ តតាំងនឹងតុលាការ។ លោក បញ្ជាក់ដូច្នេះថា៖«យើង អត់មានអីក្រៅតែទៅចូលរួមសវនាការទេ»។
លោក ចាត់ ចេន មិនវិនិច្ឆ័យជាមុនឡើយ ថាសវនាការកាត់ក្តីលោក កឹម សុខា នឹងប្រព្រឹត្តទៅតាមនីតិវិធីនិងមានយុត្តិធម៌ ឬយ៉ាងណា។ លោក គ្រាន់តែបង្ហាញការយល់ឃើញថា សំណុំរឿងរបស់លោក កឹម សុខា គឺពាក់ព័ន្ធនឹងនយោបាយ ដូច្នេះ គួរតែដោះស្រាយតាមផ្លូវនយោបាយ ទើបប្រសើរជាងការដោះស្រាយតាមផ្លូវច្បាប់ឬតុលាការ។
លោក បន្តថា ក្រុមមេធាវី ទើបនឹងបានទៅសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន។ ប៉ុន្តែ លោក បដិសេធ មិនបង្ហើបឡើយថា លោក កឹម សុខា មានប្រសាសន៍អ្វីខ្លះ ជាមួយក្រុមមេធាវី។
ចំណែកការសម្រេចចិត្តរបស់លោក កឹម សុខា ថាចូលរួមសវនាការឬមិនចូលរួមនោះ លោកមេធាវី ក៏មិនអាចបញ្ជាក់បានឡើយ។ លោក ថ្លែងបែបនេះថា៖«ពេលវេលានៅយូរដែរ ដូច្នេះកូនក្តីរបស់ខ្ញុំមិនទាន់សម្រេចចិត្តនោះទេ»។ យ៉ាងណា លោកមេធាវី លើកឡើងថា លោក កឹម សុខា ជាអ្នកគោរពច្បាប់ ដូច្នេះលោក នឹងធ្វើអ្វីតាមច្បាប់និងតុលាការ ដែលបានតម្រូវ។
តុលាការ បានសម្រេចលើកយកសំណុំរឿងរបស់លោក កឹម សុខា ទៅបើកសវនាការជំនុំជម្រះអង្គសេចក្តី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយពីឆ្លងកាត់ការស៊ើបសួរអស់រយៈពេល២ឆ្នាំ។ សវនាការអង្គសេចក្តី គឺដើម្បីសម្រេចថាលោក កឹម សុខា មានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដូចការចោទប្រកាន់ពិតមែន ឬក៏មិនមានទោស។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ថា អាមេរិក កំពុងតាមដានមើលការកាត់ក្តីលោក កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com