អត្ថបទពាណិជ្ជកម្ម
S&P ដំឡើង​ចំណាត់ថ្នាក់​ឥណទាន «B+» ដល់ ABA
13, Dec 2019 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ – ធនាគារ​វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank)  ដែលជា​ធនាគារពាណិជ្ជ​ធំ​ទី​៣ នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា សូម​ប្រកាស​នៅថ្ងៃនេះ​ថា ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​វែងរ​បស់​ខ្លួន ដែល​ទទួលបាន​ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​ឈ្មោះ Standard & Poor’s (S&P)  Global Ratings ត្រូវបាន​ដំឡើង​ពី​កម្រិត «B» ទៅ «B+» ជាមួយនឹង​ទស្សនវិស័យ​ស្ថិរភាព​។​
 
«​យើង​ពិតជា​រីករាយ​ណាស់ ដែល​ទទួលបាន​ការដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ពី S&P ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ការល្អ​របស់​យើង និង​បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់ ABA នៅក្នុង​ទីផ្សារ​»​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក Zhiger Atchabarov ប្រធាន​ផ្នែក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគា​រ ABA​។ លោក Zhiger Atchabarov បន្ថែមថា​៖«​នេះ​គឺជា​លទ្ធផល នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​អាជីវកម្ម​ត្រឹមត្រូវ​របស់​យើង ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន និង​ម្ចាស់​ភាគហ៊ុន​»​។​
 
​អ្នកជំនាញ​របស់ S&P ចាត់ទុក​សមត្ថភាព​នៃ​ការគ្រប់គ្រង និង​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ABA ថា​មានគុណ​សម្បត្តិ​ល្អ ក្នុងការ​ប្រកួតប្រជែង រួម​ជាមួយនឹង​ការគាំទ្រ​ពី​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា​ផងដែរ​។​
 
«​យើង​បាន​ដំឡើង​ចំណាត់ថ្នាក់​របស់​យើង ដល់​ធនាគារ ABA ដោយ​ផ្អែកលើ​សម្ភារ​របស់​ធនាគា​រ និង​ការកើនឡើង​ចំណែក​ទីផ្សារ នៃ​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ រួម​នឹង​ការទទួលបាន​ប្រាក់ចំណេញ​លើសពី​មធ្យម​។ បច្ចុប្បន្ន ធនាគារ ABA គឺជា​ធនាគារ​ធំ​លំដាប់​ទី​៣​នៅ​កម្ពុជា ហើយ​សិទ្ធិ​អាជីវកម្ម​របស់ខ្លួន គ្របដណ្តប់​អតិថិជន​ទាំង​នៅក្នុង​ទីក្រុង និង​ជនបទ ក៏ដូចជា​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ទីផ្សារ​ផងដែរ​។ តាម​ទស្សនៈ​របស់​យើង គុណសម្បត្តិ​ដ៏​មាន​ភាព​ប្រកួតប្រជែង​របស់​ធនាគារ ទំនងជា​នឹង​បន្ត​គាំទ្រ​ដល់​ស្ថិរភាព​អាជីវកម្ម​រយៈពេល​វែង​បាន​»​។ នេះ​បើ​យោងតាម​បច្ចុប្បន្នភាព​នៃ​ការស្រាវជ្រាវ​របស់ S&P​។ 
 
«​សិទ្ធិ​អាជីវកម្ម​របស់ ABA នៅ​ទូទាំងប្រទេស និង​វត្តមាន​ដ៏​រឹងមាំ​របស់ខ្លួន ក្នុងការ​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច សហគ្រាស​ខ្នាតតូច និង​មធ្យម (MSME) នឹង​បន្ត​គាំទ្រ​ដល់​ជំហរ​អាជីវកម្ម​របស់​ខ្លួន​។ ធនាគារ ABA បាន និង​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ឆ្នាំ ២០១០ ជាពិសេស​នៅក្នុង​ផ្នែក MSME​។ យើង​ប៉ាន់ស្មាន​ឃើញថា ចំណែក​ទីផ្សារ​របស់​ធនាគារ ABA មាន​ដល់​ទៅ​ប្រហែលជា ១០ ភាគរយ សម្រាប់​ប្រាក់កម្ចី និង​ប្រហែលជា ១២ ភាគរយ សម្រាប់​ប្រាក់​បញ្ញើ​។ នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០១៩»​។ អ្នកវិភាគ​របស់ S&P បាន​បន្ថែម​។​
 
​ទស្សនវិស័យ​ស្ថិរភាព​ក៏​ឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ ដែលថា​ធនាគារ ABA នឹង​គ្រប់គ្រង​កំណើន​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​និរន្តរភាព ហើយនឹង​បន្ត​រាយការណ៍​អំពី​គុណភាព​ទ្រព្យសម្បត្តិ​ល្អ នៅក្នុង​បរិយាកាស​ប្រតិបត្តិការ​ដែលមាន​ហានិភ័យ​ខ្ពស់​របស់​កម្ពុជា​។​
 
​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ S&P បានផ្តល់​ចំណាត់ថ្នាក់​ឥណទាន​កម្រិត «B» ដល់​ធនាគារ ABA នៅក្នុង​ឆ្នាំ ២០១៧ និង​រក្សា​ចំណាត់ថ្នាក់​នេះ​ដដែល នៅក្នុង​ឆ្នាំ​២០១៨​។​
 
​អំពី S&P Global Ratings
 
​ជាមួយ​ការផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ដ៏​លេចធ្លោ​ប្រមាណ​ជាង ១​លាន ដល់​ស្ថាប័ន​រដ្ឋាភិបាល​,​សាជីវកម្ម​, វិស័យ​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​មូល​ប​ត្រ​អន្តរជាតិ S&P Global Ratings គឺជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ឈានមុខ​កម្រិត​ពិភពលោក​។ ការវិភាគ​ហានិភ័យ​ឥណទាន ការស្រាវជ្រាវ និង​ទិន្នន័យ​នានា នៃ​ស្ថាប័ន​នេះ ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​តម្លាភាព និង​សន្ទនីយ​ភាព​ទី​ផ្សារលើ​ពិភពលោក​។ S&P Global Ratings មាន​អ្នកជំនាញ​ប្រមាណ​ជាង ១,៥០០ ក្នុង ២៨​ប្រទេស លើ​ពិភពលោក និង​មាន​ទីស្នាក់ការ          កណ្តាល​នៅ​ទីក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.spratings.com៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com