កីឡាជាតិ
ជាតិ
សៀង ច​ន្ធា ជាប់​ជម្រើស​កីឡាករ​១១​នាក់ ល្អ​បំផុត​នៅ​ស៊ី​ហ្គេម​លើក​ទី​៣០
13, Dec 2019 , 4:06 pm        
រូបភាព
​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ក្នុង​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ នៅ​ហ្វ៊ី​លី​ពី​ន ក្រោយ​ជួយ U22 កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី​៤ ក្នុង​វិញ្ញ​សា​កីឡាបាល់ទាត់​បុរស​ជា​ប្រវត្តិសាស្ត្រ​។​


 
​វៀតណាម​បាន​ក្លាយជា​ម្ចាស់​ជើង​ឯង (​មេដាយមាស​) ក្នុង​វិ​ញ្ញា​សា​កីឡាបាល់ទាត់​បុរស ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០១៩ ក្រោយ​យកឈ្នះ​ឥណ្ឌូណេស៊ី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ៣-០​។ ស្របពេល​វៀតណាម​ក្លាយជា​ម្ចាស់​ឈ្នះ​មេដាយមាស​ជា​លើកដំបូង​ក្រោយ​រយៈពេល​បី​ទសវត្សរ៍ ហើយ​កម្ពុជា​ក៏​បង្ហាញ​ភាព​អស្ចារ្យ​របស់ខ្លួន​ដែរនោះ ផ្ទុយទៅវិញ​ក្រុម​ខ្លាំងៗ​ដូចជា​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​សុទ្ធតែ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។​


 
U22 កម្ពុជា​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​ពូ​ល A ជាមួយ​ពិន្ទុ​ល្អ​ជាង​ម្ចាស់ផ្ទះ​ហ្វីលីពីន និង​ម៉ាឡេស៊ី​។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្ពុជា​ចាញ់​វៀតណាម ដោយ​សល់​ឱកាស​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​មី​យ៉ាន់​។ 
 
​ក្នុងការ​ប្រកួត​ជាមួយ​មី​យ៉ាន់​ម៉ា សៀង ច​ន្ធា​ដែលមាន​វ័យ​ទើប​១៧​ឆ្នាំ ក៏បាន​បង្កើត​ភាព​អស្ចារ្យ​ដោយ​អាច​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​កម្ពុជា ដែលជា​គ្រាប់​ស៊ុត​លឿន​បំផុត​ត្រឹម​រយៈ​១៧​វិនាទី​ក្នុង​ព្រឹត្តិការណ៍​នេះ និង​ព្រមទាំង​បំបែក​កំណត់ត្រា​អ្នក​ស៊ុត​លឿន​បំផុត​កាលពី​ព្រឹត្តិការណ៍​មុខៗ​ផងដែរ​។​
 
​ដោយសារ​បានបង្ហាញ​ទម្រង់​លេង​លេចធ្លោ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ ច​ន្ធា ដែល​ទើប​ផ្ទេ​ចូល​ក្លិប​បឹងកេត ត្រូវបាន​ជ្រើស​ចូល​ជា​កីឡាករ​១១​ល្អ​បំផុត​សម្រាប់​តំណែង​ខ្សែបម្រើ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩​នេះ​។​


 
​ខាងក្រោយ​នេះ​ជា​កីឡាករ​ទាំង​១១​រូប​ដែល​ជាប់​ឈ្មោះ​ល្អ​បំផុត​៖
 
-​ ​អ្នកចាំទី​៖ មី​យ៉ាន់​ម៉ា Sann Satt Naing (​មី​យ៉ាន់​ម៉ា​)
-​ ​ខ្សែការពារ​បី​រូប​៖ Doan Van Hau (​វៀតណាម​), Amani Aguinaldo (​ហ្វីលីពីន​) និង Asnawi Bahar (​ឥណ្ឌូណេស៊ី​)
-​ ​ខ្សែបម្រើ​បួនរូប​៖ សៀង ច​ន្ធា (​កម្ពុជា​), Do Hung Dung (​វៀតណាម​), Myat Kaung Khant (​វៀតណាម​), និង Saddil Ramdani (​ឥណ្ឌូណេស៊ី​)
-​ ​ខ្សែប្រយុទ្ធ​បី​រូប​៖ Osvaldo Haay (​ឥណ្ឌូណេស៊ី​), Ha Duc Chinh (​វៀតណាម​) និង Nguyen Tien Linh (​វៀតណាម​)៕




 

Tag:
 SEA games
  សៀង ច​ន្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com