កីឡាជាតិ
ជាតិ
លោកស្រី កែ សួន​សុ​ភី ចង់ឃើញ​ស្ត្រី​កាន់តែច្រើន ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​
13, Dec 2019 , 8:19 pm        
រូបភាព
លោកស្រី កែ សួនសុភី ពេលចូលរួមក្នុងពិធីតែងតាំងជាប្រធានក្លិបកាលពីពេលកន្លងទៅ
លោកស្រី កែ សួនសុភី ពេលចូលរួមក្នុងពិធីតែងតាំងជាប្រធានក្លិបកាលពីពេលកន្លងទៅ
ដោយ:
​លោកស្រី កែ សួន​សុ​ភី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្លិប​វិសាខា​ជំនួស​ស្វាមី គឺ​លោក ស សុខា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​។ លោកស្រី បាន​ជួប​រឿងរ៉ាវ​មិន​ធ្លាប់​ជួប​ជាច្រើន​ក្នុងអំឡុង​ដឹកនាំ​ក្លិប​បាន​១​ឆ្នាំ​។ ការ​ឈរ​តែម្នាក់ឯង​ក្នុង​វិស័យនេះ​វា​ពិតជា​ឯកា​ខ្លាំងណាស់ ដូច្នេះ​លោកស្រី ចង់ឃើញ​ស្ត្រី​កាន់តែច្រើន​ប្រឡូក​ក្នុង​វិស័យនេះ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ល្បីល្បាញ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។

 
​ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធាន​ក្លិប​បាន​ប្រមាណ​មួយឆ្នាំ លោកស្រី កែ សួន​សុ​ភី អះអាងថា លោកស្រី​បាន​ជួប​រឿងរ៉ាវ​ជាច្រើន ដែល​មិន​ធ្លាប់​កន្លងមក​។ ភាព​ឯកា​ក៏​កើតមាន​ផងដែរ​សម្រាប់ លោកស្រី ដ្បិត​ចំនួន​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ លោកស្រី ចង់ឃើញ​វត្តមាន​ស្ត្រី​ប្រឡូក​ក្នុង​វិស័យនេះ​កាន់តែច្រើន ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​ផង និង​រួមចំណែក​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។  
 
«​ខ្ញុំ​កំពុង​រៀន​ពី​វា​បន្តិច​ម្តងៗ​ខណៈដែល​ខ្ញុំ​កំពុង​ដឹកនាំ​ក្លិប​វិសាខា ហើយ​ខ្ញុំ​ជួបប្រទះ​បញ្ហា​ជាច្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង ដូច្នេះ​ខ្ញុំ​ត្រូវការ​ស្ត្រី​គ្នាឯង​ចូលរួម​កាន់តែច្រើន​ក្នុង​កីឡា​នេះ ដើម្បី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ការដែល​ឈរ​ម្នាក់ឯង​ពិតជា​ឯកា​ខ្លាំងណាស់ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ទាំងអស់​ចូលរួម​វិស័យនេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្ពោះទៅមុខ​ជាមួយគ្នា​»​។ លោកស្រី កែ សួន​សុ​ភី រៀបរាប់​ដូច្នេះ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បាល់ទាត់​វិសាខា​។ 
 
​ទន្ទឹមនឹង​ចង់ឃើញ​វត្តមាន​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ប្រធាន​ក្លិប​វិសាខា​រូបនេះ ក៏​ចង់ឃើញ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ភាព​រីកចម្រើន និង​ល្បីល្បាញ​នៅ​ឆាក​អន្តរជាតិ​ផងដែរ​។ វិសាខា​នឹង​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​បណ្តុះបណ្តាល​ធនធាន​កីឡាករ ក៏ដូចជា​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ នេះ​ជាការ​រំពឹង​របស់លោក​ស្រី កែ សួន​សុ​ភី​។ 
 
​ភរិយា​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ ចាត់ទុក​ក្លិប​វិសាខា​ប្រៀបដូចជា​សមាជិកគ្រួសា​រ​ម្នាក់​ផងដែរ​។ ការចាត់ទុក​បែបនេះ ព្រោះ​វិសាខា​ជា​ឈ្មោះ​កូនស្រី​ទី​៣ ដែលជា​ចំណងអាពាហ៍ពិពាហ៍​រប​ស់ លោកស្រី ជាមួយ​លោក ស សុខា​។ ទោះបី​ក្លិប​វិសាខា​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១៦​ក៏ដោយ តែ លោកស្រី បាន​ប្រៀបធៀប​ដំណើរការ​របស់​ក្លិប​ទៅនឹង​ក្មេង ដែល​ទើប​រៀន​ដើរ​ដំបូង​។ 
 
​មហិច្ឆតា​របស់លោក​ស្រី កែ សួន​សុ​ភី គឺ​ចង់​ឲ្យ​វិសាខា​ក្លាយជា​ក្លិប​មាន​សមត្ថភាព​ខ្លាំង​មួយ​នៅ​កម្ពុជា និង​អាច​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។ ពិសេស គឺ​ចង់​ឲ្យ​ក្លិប​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្តង់ដា និង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​។ 
 
​លោកស្រី​បង្ហាញ​ពី​គោលបំណង​នៃ​ការបង្កើត​ក្លិប​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បង្កើត​ក្លិប​នេះ​ឡើង គឺ​ទី​១.​ចង់​ឲ្យ​វិសាខា​ក្លាយជា​ក្លិប​មួយ​ដ៏​អស្ចារ្យ​ក្នុងចំណោម​ក្លិប​ខ្លាំងៗ ទី​២.​ចង់​ឲ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុ​ជាមាន​ភាពល្បីល្បាញ​មិន​ត្រឹមតែ​ក្នុងស្រុក តែ​លំដាប់​អន្តរជាតិ និង​ទី​៣.​គឺ​ចង់​ឲ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​កីឡាបាល់ទាត់​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​គាត់​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​ខុសច្បាប់​នានា ដែល​នាំ​ឲ្យ​ប៉ះ​ដល់​ខ្លួនឯង​និង​សង្គម​»​។  
 
​លោកស្រី កែ សួន​សុ​ភី ជា​ស្ត្រី​ទី​ពីរ​បន្ទាប់ពី​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត ដែល​បាន​ចូលខ្លួន​មក​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា​៕ 

Tag:
 បាល់ទាត់​
  កែ សួន​សុ​ភី​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com