អន្តរជាតិ
គ.ជ.ប.​ថៃ ស្នើ​តុលា​ការរំលាយ​បក្សប្រឆាំង​ដ៏​ធំ​របស់លោក Thanathorn
13, Dec 2019 , 4:56 pm        
រូបភាព
លោក Thanathorn Juangroongruangkit មេដឹកនាំបក្សប្រឆាំងថៃ (AFP)
លោក Thanathorn Juangroongruangkit មេដឹកនាំបក្សប្រឆាំងថៃ (AFP)
ដោយ:
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ (គ.ជ.ប.) បាន​បោះឆ្នោត​ស្នើ​ឲ្យ​តុលាការ​ធម្មនុញ្ញ រំលាយ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ (Future Forward) ដោយ​ឈរលើ​មូលដ្ឋាន​ថា បក្ស​នេះ​ទទួល​យកលុយ ឬ​ការបរិច្ចាគ​ពី​ប្រភព​មិន​ស្របច្បាប់​។ ជុំវិញ​រឿងនេះ មេដឹកនាំ​បក្សប្រឆាំង​នេះ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​នាំគ្នា​ចេញ​តវ៉ា​នៅ​ទីក្រុង​បាងកក ដើម្បី​បុព្វហេតុ​យុត្តិធម៌​។

 
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ពុធ ១១ ធ្នូ ថា ខ្លួន​បាន​រកឃើញថា បក្ស​នេះ​បាន​បំពាន​ត្រង់​វាក្យខណ្ឌ ៧៧ នៃ​ច្បាប់​គណបក្សនយោបាយរ​បស់​ថៃ ដែល​ហាមឃាត់​គណបក្សនយោបាយ​នានា និង​គណៈកម្មាធិការ​ប្រតិបត្តិ​ពី​ការទទួល​លុយ ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​ផ្សេងៗ នៅពេល​ពួកគេ​ដឹង ឬ​គួរ​ដឹងថា លុយ​ទាំងនោះ​គឺ​ចេញ​មកពី​ប្រភព​ខុសច្បាប់​។ នេះ​បើតាម​កា​ចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍​។​
 
​ប្រសិនបើ​តុលាការ​យល់ព្រម​តាម​សំណើ​របស់​គណៈកម្មការ​នេះ​មែន គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​១៥​នាក់ របស់​បក្ស​នេះ ដែល​រួមមាន លោក Thanathorn Juangroongruangkit ដែល​អស់តំណែង​ជា​សមាជិកសភា​កាលពី​ខែ​មុន​, អគ្គលេខាធិការ​បក្ស និង​អ្នក​នាំ​បក្ស នឹងត្រូវ​ហាមប្រាម​ពី​ការធ្វើ​នយោបាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ ក៏​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ ឬ​បង្កើត​បក្ស រយៈពេល​១០​ឆ្នាំ​ទៀ​តៀង​។  ចំណែក​សមាជិកសភា​ប​ក្ស​ទាំង​៨០​នាក់​របស់​បក្ស​នេះ នឹង​អាចមាន​សិទ្ធិ​ចូលរួម​គណបក្ស​ផ្សេងៗ​ទៀត​បាន​។ ទន្ទឹមនេះ តុលាការ​ក៏​អាច​ផ្អាក​ដំណើរការ​របស់​បក្ស​នេះ ខណៈ​ពិចារណា​ថា រំលាយចោល​ទាំងស្រុង​ឬ យ៉ាងណា​នោះ​។ 
 
​ទាក់ទិន​នឹង​ដំណឹង​នេះ មេដឹកនាំ​បក្សប្រឆាំង​លោក Thanathorn តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​លោក​នាំគ្នា​ចេញ​តវ៉ា​តាម​ដងផ្លូវ​នៃ​រាជធានី បាងកក នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ខាងមុខ ។ លោក លើកឡើងថា នេះ​ជា​ពេលដែល​អ្នកគាំទ្រ​លោក​នាំគ្នា​ក្រោកឈរ ហើយ​ទាមទារ​យុត្តិធម៌​និង​ភាពស្មើគ្នា​។​
 
​សូមបញ្ជាក់ថា ក្នុង​ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ លោក Thanathorn បាន​ប្រាប់​វេទិកា​ក្នុងស្រុក​មួយ​ថា លោក​បានផ្តល់​កម្ចី​ជិត​២០០​លាន​បាត ឬ​ស្មើនឹង​ជាង​៦,៦​លាន​ដុល្លារ ទៅកាន់​គណបក្ស​អនាគត​ឆ្ពោះទៅមុខ (FFP)​។ លោក​ក៏បាន​ប្រកាស​លុយ​កម្ចី​នេះ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​លោក ដោយ​ដាក់ឈ្មោះ​គណបក្ស​នេះ​ជា​កូនបំណុល​មួយ​របស់លោក​។ ម្យ៉ាងទៀត កិច្ចសន្យា​ខ្ចីបុល​ចំនួន​ពីរ​ត្រូវបាន​ធ្វើឡើង​រវាង​លោក Thanathorn និង​ប្រធាន​ហិរញ្ញវត្ថុ​របស់​បក្ស ដោយ​មួយ​គឺ​ក្នុង​ខែ មករា និង​មួយទៀត ក្នុង​ខែមេសា  ឆ្នាំ​២០១៩៕

Tag:
 ថៃ​
  បក្សប្រឆាំង​
  គជប​
  Thanathorn
© រក្សាសិទ្ធិដោយ thmeythmey.com