ជាតិ
ផ្លូវកង់អង្គរ នឹងក្លាយជាផលិតផលទេសចរណ៍ នៅពេលខាងមុខ
× សៀមរាប៖ ផ្លូវកង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានសាធារណជនបង្ហាញការគាំទ្រជាខ្លាំង។ បច្ចុប្បន្នផ្លូវនេះ ស្ថិតក្នុងគម្រោងសាកល្បង និងគ្រោងស្ថាបនាចាប់ពីដើមឆ្នាំ២០២០នេះតទៅ ដែលមានចម្ងាយសរុប២៣គីឡូម៉ែត្រ កាត់តាមតំបន់ប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកកិច្ចការនេះបានបង្ហាញក្ដីរំពឹងថា ផ្លូវកង់នេះនឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយប្លែក ក្រៅពីគោលដៅបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរហើយនោះ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក យិត ចាន់ដារដ្ឋ ដែលបានសម្ភាសពីការរៀបចំផ្លូវកង់នេះនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១០ ធ្នូ ដូចតទៅ៖
ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានកោតសរសើរទៅនឹងគំនិតផ្ដួចផ្ដើមឱ្យមានផ្លូវកង់ដាច់ដោយឡែកពីផ្លូវឡាននិងម៉ូតូនៅក្នុងរមណីយដ្ឋានអង្គរ។ ផ្លូវកង់នេះមានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ។ ចំណែកផ្លូវវង់ធំ ផ្លូវកង់នេះផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង។ តាមគម្រោង អាជ្ញាធរជាតិអប្សរានឹងប្រើពេល៨ខែសម្រាប់ការស្ថាបនាផ្លូវកង់នេះ៕
Tag:
ផ្លូវកង់អង្គរ
យិត ចាន់ដារដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com