ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​បក្សប្រឆាំង​មួយក្រុម បង្កើត​បក្ស​ថ្មី ដើម្បី​ប្រមូល​អ្នកប្រជាធិបតេយ្យ​ឡើងវិញ​
13, Dec 2019 , 5:50 pm        
រូបភាព
លោក ជីវ កក្តា (ឆ្វេងដៃ) និង លោក កង គឹមហាក់
លោក ជីវ កក្តា (ឆ្វេងដៃ) និង លោក កង គឹមហាក់
ដោយ: ថ្មីៗ
​អតីត​តំណាងរាស្ត្រ​ពីររូប​នៃ​អតីត​គណបក្សប្រឆាំង គឺ​លោក កង គឹម​ហាក់ និង ជាវ កក្តា រួមជាមួយ​គ្នីគ្នា​មួយចំនួនទៀត បានប្រកាស​ពី​គម្រោង​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វ​ធ្នូ ឆ្នាំ​២០១៩ លោក កង គឹម​ហាក់ ស្ថាបនិក​ម្នាក់ បាន​ថ្លែងថា គោលបំណង​សំខាន់​មួយ​នៃ​ការបង្កើត​គណបក្ស​ថ្មី​នេះ «​គឺ​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​អ្នក​ប្រជា​ធិ​តេ​យ្យ​ឡើងវិញ ដែល​កំពុងតែ​បែកខ្ញែក​ពីគ្នា​»​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​យើង មិនមែន​ចេះតែធ្វើ​ទេ​។ យើង បង្កើត​ហ្នឹង មាន​អ្នកចូលរួម​ច្រើន​»​។ 
 
​លោក បន្តថា អ្នក ដែល​ត្រូវ​ធ្វើជា​ប្រធាន​គណបក្ស រួមទាំង​រចនាសម្ព័ន្ធ​គណបក្ស​ទាំងមូល​នោះ គឺ​ត្រូវបាន​គិតគូ​រួចហើយ តែ​លោក មិនទាន់​អាច​ប្រាប់​ជា​សាធារណៈ​នាពេលនេះ​បានឡើយ​។ ឯ​ឈ្មោះ​គណបក្ស ក៏​មិនទាន់​ដាក់​ដែរ​។ លោក បន្ថែមថា នៅពេលដែល​គណបក្ស ត្រូវបាន​បង្កើតជា​ផ្លូវការ ព័ត៌មាន​ទាំងអស់នេះ នឹងត្រូវ​លាតត្រដាង​។ 
 
​លោក និយាយថា ដំណាក់កាល​នេះ ក្រុម​លោក កំពុង​ពិភាក្សាគ្នា​ពី​ដំណើរ​ការនៃ​ការបង្កើត​គណបក្ស តែ​ការដាក់​សំណើសុំ​បង្កើត ទៅ​ក្រសួងមហាផ្ទៃ នៅ​មិនទាន់​អាច​កំណត់​ពេលវេលា​ជាក់​នោះទេ​។ យ៉ាងណា លោក អាច​បង្ហើប​បាន​ថា គណបក្ស​នេះ នឹងត្រូវ​បង្កើតឡើង​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​អាណត្តិ​ក្រោយ​។ 
 
​លោក ជីវ កក្តា ជា​អ្នកផ្តើមគំនិត​ម្នាក់​ដែរនោះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​បង្កើត​គណបក្ស គឺ​កើតចេញពី​ឆន្ទៈ​របស់​ពួកលោក​ផ្ទាល់ ដោយ​គ្មាន​អ្នកណា​នៅ​ពីក្រោយ​ឡើយ​។ លោក យល់ថា មិនមែនជា​រឿង​ថ្មី​ឡើយ ដែល​ក្រុម​លោក រង​ការចោទប្រកាន់ថា អ្នកមានអំណាច នៅ​ពីក្រោយ​នៃ​ការបង្កើត​គណបក្ស​។ 
 
​លោក លើក​ទឡ្ហីករណ៍​ថា កាលពី​លោក កឹម សុខា បង្កើត​គណបក្ស​សិទ្ធិមនុស្ស ក៏ត្រូវ​គេ​លាប​ពណ៌​ដែរ​ថា គណបក្សកាន់អំណាច​នៅ​ពីក្រោយ​។ លោក អំពាវនាវ​ដូច្នេះ​ថា​៖«​គួរ​លុបបំបាត់​ទៅ ការ​លាប​ពណ៌​គ្នា​ហ្នឹង​»​។​
 
​នៅ​ថ្ងៃទី​១២ ខែធ្នូ ពួកលោក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​គម្រោង​បង្កើត​គណបក្ស​ថ្មី​នេះ​។ ក្រៅពី​លោក កង គឹម​ហាក់ និង លោក ជីវ កក្តា នៅមាន​មន្ត្រី​អតីត​គណបក្សប្រឆាំង​៦​នាក់​ទៀត ដែល​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ព័ត៌មាន​នោះ​។ 
 
​ពួកលោក បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដូច្នេះ​ថា​៖«...​បន្ទាប់ពី​បាន​ចុះ​ជួប​សកម្មជន​នៅតាម​ខេត្ត​ជាច្រើន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំនេះ យើងខ្ញុំ ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលជា​គណបក្ស​បន្តវេន​ពី​គណបក្សប្រឆាំង​មុនៗ​...»​។ 
 
​ពួកលោក សរសេរ​ទៀតថា​៖«​គណបក្ស​ថ្មី​នេះ ជា​យន្តការ​នយោបាយ​មួយ សម្រាប់​ចរចា​ជាមួយ​គណបក្ស​អំណាច ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់លោក កឹម សុខា ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​រាប់លាន​នាក់ និង ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំងមូល​»​។  តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ពួកលោក បាន​អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ចូលរួម​ជាមួយ​គណបក្ស​របស់​ពួកលោក​។ 
 
​លោក កង គឹម​ហាក់ និង លោក ជីវ កក្តា ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់ នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ តែ​ក្រោយមក​លោក​ទាំងពីរ រួមទាំង​អ្នក​មួយចំនួនទៀត ដូចជា​លោក គង់ គាំ លោក គង់ បូរ៉ា និង លោក រៀល ខេមរិន្ទ ជាដើម បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋាភិបាល​វិញ​។ 
 
​មកដល់ពេលនេះ មាន​គណបក្ស​ថ្មី​៣​ហើយ ដែល​បែកខ្ញែក​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក គង់ គាំ ជួយ​ជ្រោមជ្រែង​កូនប្រុស​ពៅ​របស់លោក គឺ​លោក គង់ មុនី​កា បង្កើត​គណពក្ស​ឆន្ទៈ​ខ្មែរ លោក រៀល ខេមរិន្ទ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម ហើយ​លោក កង គឹម​ហាក់ និង លោក ជីវ កក្តា ត្រៀម​បង្កើត​គណបក្ស​មួយ​ដែរ នាពេលខាងមុខ​។ 
 
​អ្នកខ្លះ វាយតម្លៃថា អតីត​គណបក្សប្រឆាំង បាន​បែង​បាក់​គ្នា​ហើយ ខណៈ​លោក សម រង្ស៊ី នៅតែ​និយាយ​ជា​ដដែល​ៗ​ថា អតីត​គណបក្សប្រឆាំង នៅតែ​រឹងមាំ ហើយ​លោក នៅតែ​ប្រើ​សារ​នយោបាយ​ថា លោក និង លោក កឹម សុខា គឺជា​មនុស្ស​តែមួយ​៕ 

Tag:
 ​បង្កើត​បក្ស​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com