ជាតិ
សង្គមជាតិ
ពិព័រណ៍​សៀវភៅ ជំរុញ​ឲ្យ​យុវជន កាន់តែ​ចូលចិត្ត​អាន​សៀវភៅ
13, Dec 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​ផ្តើម​ក្តី​ស្រមៃ ដៃ​កាន់​សៀវភៅ​» ជា​ប្រធានបទ​នៅក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៨ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៥ ខែ​ឆ្នូ ឆ្នាំ​២០១៩​នេះ​។ កម្ពុជា​រៀបចំ​ពិព័រណ៍​សៀវភៅ​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន សិស្ស​-​និស្សិត ចូលរួម​អាន​សៀវភៅ និង​អាច​ពិភាក្សា​ជាមួយ​អ្នកនិពន្ធ ហើយ​អ្នកនិពន្ធ​ក៏​អាច​ផ្សព្វផ្សាយ​សៀវភៅ​របស់ខ្លួន​ផងដែរ​។ ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ គេ​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ​១០​ម៉ឺន​នាក់​។


 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​វត្ត​មាននៅ​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​សៀវភៅ បាន​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​លក្ខណៈ​ខុសប្លែក​ពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ដោយ​ឆ្នាំនេះ​មិនមែន​មានតែ​ការតាំងពិព័រណ៍​សៀវភៅ​បែប​ខេមរភាសា​នោះទេ តែ​ក៏មាន​ការតាំងពិព័រណ៍​សៀវភៅ​បរទេស​ផងដែរ​។ លោក បញ្ជាក់ថា​៖«​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ យើង​មាន​ដៃគូ​ចូលរួម​ផ្សេងៗ មិនមែន​ត្រឹមតែ​ភាសា​ខ្មែរ​ទេ យើង​មាន​ជា​សៀវភៅ​ភាសា​បារាំង  ភាសា​រុស្សី និង​ភាសា​អង់គ្លេស​»​។​
 
​លោក​រដ្ឋមន្ត្រី បន្តថា ដើម្បី​លើកកម្ពស់​ការអាន ក្រសួង​អប់រំ បានរៀបចំ​គោលនយោបាយ ពង្រឹង​ការអាន​ដំបូង សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ សម្រាប់​ជា​ទុន​ឲ្យ​ពួកគេ​ចូលចិត្ត​ការអាន​។ លោក បន្ថែមថា តាមរយៈ​គោលនយោបាយ​ពង្រឹង​ការអាន​ដំបូង​នេះ ក្រសួង​អប់រំ នឹង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ​និង​សាលារៀន បង្កើន​ការ​តែងសេចក្តី និង​ពង្រឹង​ការអាន​អក្សរ​សិ​ល្បិ៍​ខ្មែរ និង​អក្សរ​សិ​ល្បិ៍​បរទេស ដល់​កុមារ ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​អាន​សៀវភៅ​តាំងពីក្មេង​មក​។ 


សិស្ស និស្សិត កំពុង​ស្ថិតនៅក្នុងពិព័រណ៍សៀវភៅ នាថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៩
 
​លោក ហុក សុទ្ធិ ប្រធាន​សមាគម​នៃ​បណ្ណាល័យ​កម្ពុជា និង​នាយក​អង្គការ​ស៊ី​ប៉ា លើកឡើងថា  ឆ្នាំនេះ​អ្នកនិពន្ធ​សៀវភៅ​មានការ​កើនឡើង ហើយ​សៀវភៅ​ក៏មាន​ច្រើន​ប្រភេទ​ដែរ ជាពិសេស​សៀវភៅ​កុមារ សៀវភៅ​ទស្សនវិជ្ជា និង​សៀវភៅ​បែប​អប់រំ និង​សៀវភៅ​បែប​លើកទឹកចិត្ត​។ លោក យល់ថា ពិព័រណ៍​សៀវភៅ​នេះ នឹងធ្វើ​ឲ្យ​សិស្ស​-​និស្សិត អា​ចរក​សៀវភៅ​ណា​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ការសិក្សា និង​ជំនាញ​របស់​ពួកគេ​ផងដែរ​។ 
 
​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៣ ខែ​ឆ្នូ​នេះ មាន​អ្នកចូលរួម​ទស្សនា​សៀវភៅ​រាប់ពាន់នាក់ ដែល​ភាគច្រើន​ជា​កុមារ សិស្ស​-​និស្សិត និង​យុវជន​-​យុវតី​។ យុវតី លី ម៉ី​លីង ដែល​នៅក្នុង​ដៃ​មាន​កាន់​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល បាន​ប្រាប់​ឲ្យ​ដឹងថា នាង​តែងតែ​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​ជា​រៀងរាល់ឆ្នាំ ហើយ​ក៏បាន​ចូលរួម​ទិញ​សៀវភៅ​ជាច្រើន​ផងដែរ​។ 
 
​ក្នុង​ពិធី​តាំងពិព័រណ៍​សៀវភៅ​នេះ កញ្ញា ម៉ី​លីង បាន​ទិញ​សៀវភៅ​បែប​ប្រលោមលោក និង​សៀវភៅ​បែប​អប់រំ​។ ម៉ី​លីង បាន​បញ្ជាក់ថា ការអាន​សៀវភៅ​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​នៅពេលដែល​នាង​ទំនេរ​ពី​ការសិក្សា​។ សៀវភៅ​ដែល​នាង​ចូលចិត្ត​អាន​ជាប្រចាំ​ថ្ងៃ​នៅពេល​យប់ គឺ​ប្រភេទ​សៀវភៅ​ប្រលោមលោក​ខ្មែរ និង​បរទេស​។ 


សិស្ស និស្សិត ដើរមើល និងទិញសៀវភៅនៅក្នុងពិព័រណ៍សៀវភៅ នាថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៩
 
​ទោះបី​មិនមាន​ពេល​ច្រើន​ក្នុង​ការអាន​សៀវភៅ កញ្ញា ម៉ី​លីង ដែលជា​និស្សិត​ផ្នែក​ហរិញ្ញវត្ថុ និង​គណនេយ្យ​នៅ​សាលា CamEd Business School និយាយថា កញ្ញា តែងតែ​ឆ្លៀតពេល​អាន​យ៉ាងហោចណាស់​ក៏​មួយថ្ងៃ​ម្តង​ដែរ ដើម្បី​បង្កើន​ចំណេះដឹង​។ កញ្ញា ប្រាប់ថា ចូលចិត្ត​អាន​សៀវភៅ​នៅ​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​ផ្ចង់ស្មារតី​បានល្អ និង​អាន​បាន​លឿន​។ 
 
​យុវជន​ម្នាក់ទៀត ឈ្មោះ គយ ប៉ា​រ៉ា​ទី ជា​សិស្ស​ថ្នាក់​ទី​១២ ក៏បាន​ទិញ​សៀវភៅ​ជាច្រើន​ក្បាល​ផងដែរ​។ សៀវភៅ​ដែល​ប៉ា​រ៉ា​ឌី​ទិញ​នោះ សុទ្ធតែជា​សៀវភៅ​បែប​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​របស់​បណ្តា​ប្រទេស​នានា​។ មួល​ហេតុដែល​ប៉ា​រ៉ា​ទី​មក​ទិញ​សៀវភៅ​ប្រភេទ​នេះ ដោយសារតែ​ប៉ា​រ៉ា​ទី​ចង់ដឹង​ពី​ការរីកចម្រើន និង​ភាព​អច្ឆរិយ​របស់​ប្រទេស​នីមួយៗ​។ 
 
​កំពុងតែ​ឈរ​នៅ​ពីមុខ​ស្តង់​លក់​សៀវភៅ យុវជន​រូបនេះ និយាយថា​៖«​យើង​សិក្សា​ពី​គេ ដើម្បី​យកមក​អភិវឌ្ឍ​ខ្លួនឯង ក៏ដូចជា​ប្រទេសជាតិ​របស់​យើង​»​។ ក្រៅពីនេះ ប៉ា​រា​ទី ក៏​ឆ្លៀត​អាន​សៀវភៅ​បែប​អប់រំ​ប្រាជ្ញា បណ្តុះ​គំនិត និង​សិល្បៈ​ក្នុងការ​និយាយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​ស្តង់​លក់​សៀវភៅ​ចំនួន​១៩៣​តូប​។ នៅ​ឆ្នាំ​នេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ឧបត្ថម្ភ​សៀវភៅ​ស្រី​ហិ​តោ​បទេស​ភាគ​១ និង​ភាគ​២ ចំនួន​២​ម៉ឺន​ក្បាល ដើម្បី​ចែកជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឲ្យ​អ្នកចូលរួម​តាំងពិព័រណ៍​សៀវភៅ​ផងដែរ​៕ 

Tag:
 ពិព័រណ៍​សៀវភៅ​
  អ្នកនិពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com